លោក ហុក សុចិត្រា បានដឹកនាំក្រុមក្នុងការប្រកួតជាមិត្តភាពអន្តរជាតិជាលើកដំបូង បើ
គិតចាប់តាំងពីរូបលោកត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុម ជម្រើសជាតិឈុតធំកាលពី
ខែកក្កដាកន្លងទៅ។
កាលពីល្ងាចថ្ងៃទី ៥ កញ្ញានេះ ក្រុមកម្ពុជា បានប្រកួតជាមួយក្រុមជម្រើសជាតិហ្វីលីពីន
នៅពហុកីឡដ្ឋានជាតិ ក្រោមមេឃភ្លៀងយ៉ាងជោគជាំ នាវេលាម៉ោង៦ល្ងាចថ្ងៃពុធ នេះក៏
ជាការប្រកួតជាលក្ខណៈអន្តរជាតិជាលើកដំបូងផងដែរសម្រាប់កម្ពុជា នៅក្នុងឆ្នាំ ២០១២
នេះបន្ទាប់ពីការប្រកួតចុងក្រោយរបស់កម្ពុជាគឺនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១១ នាវគ្គជម្រុះ
World Cup ជើងទីពីរ ដោយកម្ពុជាបានចាញ់ម្ចាស់ផ្ទះឡាវ ៦-២។
ការប្រកួតនៅល្ងាចនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ៨ ដោយពុំមានក្រុមណាមួយទទួល
បានគ្រាប់បាល់នោះទេ។ ប៉ុន្ដែ ក្នុងការប្រកួតនេះ គេសង្កេតឃើញ ក្រុមជម្រើសជាតិរបស់
ហ្វីលីពីនមានឱកាសច្រើនក្នុងការទាត់បញ្ចូលទីកម្ពុជា។ ក្នុងនោះ ទឹកទីពីរ ហ្វីលីពីន បាន
ធ្វើអោយកម្ពុជាត្រូវភ័យខ្លួន នៅពេលបានវាយសម្រុកជាបន្ដបន្ទាប់ ក្នុងនោះហ្វីលីពីនបាន
ទាត់ចំបង្គោលទីខាងស្ដាំមួយគ្រាប់ និងមួយគ្រាប់ទៀត ចំសំណាញ់ទីខាងឆ្វេងរបស់កម្ពុជា។
បន្ទាប់ពីការប្រកួតជាមួយ ហ្វីលីពីន កម្ពុជានឹងប៉ះជាមួយក្រុមយុវជនខ្មែរ-អឺរ៉ុបនាថ្ងៃទី ១៣
ខែកញ្ញា មុននឹងពួកគេត្រៀមចេញទៅហ្វឹកហាត់នៅម៉ាឡេស៊ី៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ MTV