CamNews

ព័ត៌មានអន្តរជាតិ 

Facebook អនុញ្ញាតការបង្ហោះឡើងវិញ នូវរូបភាពអាក្រាត «Napalm Girl» ដែលបង្ហាញពី សម័យសង្រ្គាមវៀតណាម

(សាន់ហ្រ្វាន់ស៊ីស្កូ)៖ បណ្តាញព័ត៌មានសង្គម Facebook បានផ្លាស់ប្តូរការសម្រេចចិត្តលើ ការលុបចេញនូវរូបភាព ដែលបង្ហាញពីក្មេងស្រីអាក្រាតកាយម្នាក់បាននឹងកំពុងរត់គេច ពីការទម្លាក់គ្រាប់បែក នៅសម័យសង្រ្គាមវៀតណាម បន្ទាប់ពីការបិទបាំងរបស់ក្រុមហ៊ុននេះ លើរូបភាពប្រវត្តិសាស្រ្តមួយនេះ បានបង្កឲ្យមានការខឹងសម្បារកើតឡើង។


ក្រុមហ៊ុន Facebook បាននិយាយថា រូបភាពមួយនេះត្រូវបានឲ្យសញ្ញាថា បានបំពានបទដ្ឋាន ដែលពាក់ព័ន្ធនិងការបង្ហោះរូបភាពមិនសមរម្យ នៅលើបណ្តាញសង្គមមួយនេះ ដែលកំពុងតែនាំមុខគេ នៅលើពិភពលោក។

ក្រុមហ៊ុន Facebook បានគូសបញ្ជាក់ថា «ការបង្ហោះរូបភាព របស់ក្មេងដែលអាក្រាតកាយ មិនថាប្រុសឬក៏ស្រីនោះទេ ជាធម្មតាត្រូវបានចាត់ទុកថា ជាការបំពានគោលការណ៍បទដ្ឋាន របស់ក្រុមហ៊ុនយើង ហើយនៅតាមបណ្តាប្រទេសមួយចំនួន រូបភាពបែបនេះប្រហែលជា ត្រូវបានគេចាត់ទុកស្មើ និងរូបភាពអាសអាភាសទៀតផង។ ប៉ុន្តែនៅក្នងករណីនេះ ក្រុមហ៊ុនយើងបានទទួលស្គាល់ នូវសារៈសំខាន់របស់រូបភាពនេះចំពោះ ប្រវត្តិសាស្រ្ត និងសកលលោក»

រូបភាពជាប្រវត្តិសាស្រ្ត «Napalm Girl» ដែលបង្ហាញឲ្យឃើញពីក្មេងស្រីជនជាតិវៀតណាមម្នាក់ កំពុងរត់គេចខ្លួនពីការទម្លាក់គ្រាប់បែក នៅក្នុងប្រទេសរបស់ខ្លួន និងត្រូវបានផ្តិតយករូបភាពដោយ អ្នកថតរូបម្នាក់ឈ្មោះ Nick Ut Cong Huynh នៅឆ្នាំ១៩៧២។ រូបភាពមួយនេះ ត្រូវបានគេចាត់ទុកជារូបភាពដែលបញ្ជាក់អត្ថន័យយ៉ាងច្បាស់អំពីសង្រ្គាម ហើយបានទទួលពានរង្វាន់ Pulitzer ទៀតផង។

នាយករដ្ឋមន្រ្តីប្រទេសន័រវេស លោកស្រី Erna Solberg ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម យ៉ាងសកម្មមួយរូបនោះ បានបង្ហោះ រូបភាពខាងលើ ដោយមិនគោរពតាម គោលការណ៍របស់ Facebook ក្នុងគោលបំណងឲ្យ មានការសម្រេចចិត្តត្រឹមត្រូវមួយ លើភាពចម្រូងចម្រាសលើរូបភាព នៅសម័យសង្រ្គាម វៀតណាមមួយនេះ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ Facebook ក៏បានលុបរូបភាពនោះចេញវិញ។

បន្ទាប់ពីទទួលរងការរិះគន់ និងពីសំណាក់មេដឹកនាំរបស់ន័រវេសខាងលើនេះ ជាសាធារណមក ទើបមកដល់ថ្ងៃសៅរ៍នេះ Facebook បានសម្រេចផ្លាស់ប្តូរគោល ជំហររបស់ខ្លួន ដោយអនុញ្ញាតឲ្យ មានការបង្ហោះរូបភាព ប្រវត្តិសាស្ត្រមួយនេះឡើងវិញ៕


ប្រភព ៖ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Facebook Vietnam Int news Unt news