CamNews

នគរបាលថៃ៤នាក់ជួញគ្រឿងញៀនតម្លៃ១លានដុល្លារ

នគរបាលថៃចំនួន ៤រូប ត្រូវបានចាប់ខ្លួន បន្ទាប់ពីលក់ថ្នាំញៀនដែលមានតម្លៃ ១លានដុល្លារ
ដែលពួកគេចាប់បានពីជនល្មើស។

ថ្នាំញៀនត្រូវបានរឹបអូសនៅប្រទេសថៃ

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កាលពីថ្ងៃទី ២១កន្លងទៅ នៅជាយក្រុងបាងកក
នគរបាលថៃចំនួន ៤នាក់ ត្រូវបានចាប់ខ្លួនជាមួយនឹងថ្នាំញៀន methamphetamine ចំនួន
៣០៥.២០០គ្រាប់ និង ថ្នាំញៀនផ្សេងទៀតដែលមានតម្លៃ ៣០លានបាទ(ប្រហែល ១លាន
ដុល្លារអាមេរិក)។ ក្នុងសន្និសីទកាសែតកាលពីម្សិលមិញ មេបញ្ជាការនគរបាលក្រុងបាងកក
លោក Winai Thongsong ថ្លែងថា នគរបាល ៤នាក់ រួមជាមួយនឹងជនស៊ីវិលម្នាក់ទៀតត្រូវបាន
ចាប់ខ្លួនពីបទជួញដូរថ្នាំញៀនខុសច្បាប់។

លោក Winai Thongsong និយាយថា នគរបាលទាំង ៤នាក់ខាងលើ សុទ្ធតែបដិសេធការ
ចោទប្រកាន់នេះ។ ពួកគេត្រូវបានបញ្ឈប់ពីការងារ និងត្រូវបានប្រគល់អោយនគរបាល
ប្រឆាំងការជួញដូរគ្រឿងញៀនដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

គួររំឮកថា ថ្មីៗនេះ ការរឹបអូសថ្នាំញឿន methamphetamine បានកើនឡើងនៅប្រទេសថៃ
និងប្រទេសមួយចំនួនក្នុងតំបន់ ខណៈដែលការជួញដូរគ្រឿងញៀននៅពិភពលោកកំពុង
ថយចុះ។ បើទោះជាអ្នកជួញដូរថ្នាំញៀនអាចនឹងត្រូវបានប្រហារជីវិតក្នុងប្រទេសថៃ ប៉ុន្ដែ
បច្ចុប្បន្ន ទោសប្រហារជីវិតហាក់ដូចជាមិនត្រូវបានអនុវត្តច្រើននោះទេ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: thaidrug