CamNews

អាហារ​រូប​ករណ៍​អាស៊ាន​ដែល​រើស​ដោយ​លោក​ឡី សុភាព ត្រូវក្រសួង​អប់រំ បដិសេធ

ក្រសួង​​អប់​រំ ​ប្រកាស​មិនទ​ទួលស្គាល់​​​ចំពោះ​ការ​ជ្រើស​រើស​​​និស្សិត​​​​អាហា​រូប​ករណ៍​ ​​​​ ​ដែល​​លោក​​ ​ឡី សុភាព ប្រើ​​ឈ្មោះ អាស៊ាន​​​​ សម្រាប់​ផ្តល់​​ឲ្យ​​សិស្ស​​​​ចំនួន​ ៥០០០​កន្លែង​ ​នៅ​​តាម​​មហា​​វិទ្យា​ល័យ​​​​ចំនួន​៤​ក្នុង​​រាជ​ធានី​និង​ខេត្ត​មួយ​​ ចំនួន​។


រូបថត ៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស

យោង​​តាម​​​​​សេចក្តី​​ប្រកាស​​ព័ត៌​មាន​​របស់​​​ លោក​ ថោង បូរ៉ាន់ អគ្គ​នាយក​​រដ្ឋ​បាល​-​​ហិរញ្ញ​វត្ថុ​នៃ​​ក្រសួង​​អប់រំ​ ​យុវជន និង​កីឡា នៅ​ថ្ងៃ​​ទី​​​២២​ ខែ​សីហា​ ឆ្នាំ​២០១២​នេះ បាន​​ឲ្យ​​ដឹង​​ថា​ ក្រសួង​​មិ​ន​​ទទួល​​ខុស​ត្រូវ​​​ចំពោះ​​អាហារ​​រូប​ករណ៍អា​ស៊ាន​​​​ដែល​​ ចេញ​ដោយ​លោក​ ឡី​ សុភាព​ ​ប្រធាន​គណៈកម្មការ​​អាហារូប​ករណ៏​អាស៊ាន ហើយ​ព្រមាន​​ដល់​​​លោក​ ឡី​ សុភាព​ ​ឲ្យ​​បញ្ឈប់​​សកម្ម​ភាព​នេះ​​ជា​​បន្ទាន់។ សេចក្តី​​ប្រកាស​​ព័ត៌​មាន​ដដែល បញ្ជាក់​ថា ​​​​​​បើ​​​មាន​​​បាតុ​​ភាព​​​​ជាយថា​​ហេតុ​​​ណា​​មួយ​​កើត​​ឡើង​​ ​​បណ្តាល​​មក​​ពី​អាហា​រូប​ករណ៍​​អាស៊ាន​​​​នេះ​ ​ ​លោក​ ឡី​ សុភាព ជាអ្នក​​ទទួល​​ខុស​​ត្រូវ​​ចំពោះ​​មុខ​​ច្បាប់​​។

សេចក្តី​​ប្រកាស​​ព័ត៌មានរបស់​ក្រសួងអប់រំ បានរក​ឃើញ​បាតុ​ភាព ដែល​បាន​​កើត​​ឡើង​ ​ដូច​​ជា​ ​ការ​​លក់​​ពាក្យ​​សុំ​​ចូល​​រៀន​​មួយ​សន្លឹក​​​​តម្លៃ​ ១០.០០០​រៀ​ល​​​​ និង​​ការ​​បង់​​ប្រាក់​​​ថ្លៃ​​សិក្សា​ ​​៥០%​ មុន​​ពេល​​​ដែល​​​​មិន​ទាន់​​ដឹង​​អំពី​​​​លទ្ធផល​​នៃ​​ការ​​ប្រលង​​សញ្ញា​​ ​បត្រ​​​​មធ្យម​​សិក្សា​​ទុតិយ​​ភូមិ​ និង​​​ការ​​ប្រើ​​ប្រាស់​ (Log​​o) ​​​​​និង​​នាម​​ការណ៍​​របស់​​សមា​គម​​ប្រជា​​ជាតិ​​អាស៊ី​​អា​គ្នេយ៍ ​​ដែល​​ហៅ​​កាត់​​ថា ​អាស៊ាន​​​​​​(ASEAN​) ​ដោយ​​មិន​​មាន​ការ​​អនុ​ញ្ញាត​ពី​​​សមាគម​នេះ​។

នៅ​ព្រឹក​នេះ​ VOD មិន​​អាច​ធ្វើការ​ទំនាក់​ទំនង​​លោក​​ ថោង បូរ៉ាន់​ អគ្គនាយក​រដ្ឋ​បាល​​និង​​ហិរញ្ញ​វត្ថុ នៃ​ក្រសួង​អប់​​រំ​បាន​ទេ ដើម្បី​បញ្ជាក់​បន្ថែម​លើ​​លិខិត​​បដិ​សេធ​នេះ​​បាន​ទេ។

ប៉ុន្តែមន្ត្រី​ក្រសួង​អប់​រំ​ម្នាក់​សុំ​មិន​ឲ្យ​​បញ្ចេញ​​ឈ្មោះ​ បាន​ប្រាប់​​VOD នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ ទី​​​២៤​ ខែ​​​សីហា​នេះ​ ថា​​ក្រសួង​​កំពុង​​​​ចាត់​វិធាន​ការ​​​ស្រាវ​​ជ្រាវ​​​និង​​ទប់​​ស្កាត់​​ បញ្ហា​​នេះ​។

ប្រធានសមាគម​គ្រូ​បង្រៀន​កម្ពុជា​​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែងថា ក្រសួង​មិន​ត្រូវ​​ចេញ​តែ​​សេច​ក្តី​​ជូន​ព័ត៌​មាន​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ប្តឹង​អ្នក​​ប្រព្រឹត្ត​ទៅ​កាន់​​តុលាការ​​ដើម្បី​​ចាត់​​ការ​​តាម ​​ច្បាប់ ៖ “ក្រសួង​មិន​មែនត្រឹម​តែ​​ចេញ​លិខិត​បដិ​សេធ​ទេ ត្រូវ​តែ​តាម​រក​ជន​ដែល​​​ក្លែង​​បន្លំ​ បើសិន​ជា​ក្រសួង​មិន​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​ឲ្យ យើង​ត្រូវ​តែ​រក​ម្ចាស់​លិខិត​ហ្នឹង​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ ហើយ​អារឿង​ហ្នឹង​វា​នឹង​ប៉ះ​ពាល់​ទៅ​ដល់​ប្រ​ជា​ពលរដ្ឋ សិស្ស ដែល​មាន​ការ​ភ័ន្ត​ច្រលំ ជួន​កាល​គេ​នឹង​យក​លុយ​លើស​​ពី​ព្រោះ​​ឥឡូវ​ហ្នឹង​ក្នុង​សង្គម​កម្ពុជាយើង​ មាន​ជន​ដើរ​ធ្វើ​អញ្ចឹង​ច្រើន”។

លោកឡី​ សុភាព​ ​ជា​​ប្រធាន​​គណៈ​កម្មាការ​​​អាហារ​​រូបករណ៍​​​អាស៊ាន​​​នេះ​ ក៏​មិន​​អាច​​សុំ​​ការ​​អធិប្បាយ​​បាន​​ដែរ​។

គួរ​បញ្ជាក់ថា​ ​ជារៀង​រាល់​ឆ្នាំ​​ ក្រោយ​ពេល​ដែល​​សិស្សទើប​​​ប្រលង​​ចប់​​បាក់​​ឌុប​ ពួក​គេ​​តែង​​​ស្វះ​ស្វែង​​រក​​​​អាហារ​​រូប​ករ​ណ៍ ​ដើម្បី​​សុំ​ចូល​​រៀន​​បន្ត​​ទៅ​​មហាវិទ្យា​​ល័យ​ ហើយ​​ការ​​ប្រកាស​​ផ្តល់​​អាហារ​រូប​ករណ៏​​ដោយ​​ប្រើ​ឈ្មោះ​​អាស៊ាន​នេះ បាន​ធ្វើ​ឲ្យ​​សិស្ស​មួយ​​ចំនួន យល់​​ច្រ​ឡំ​៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VOD


Tags: police cambodia khmer student school education asean scholarship