CamNews

ជីវិត និងការងារ 

កសិករវៀតណាម ជួសជុល និងផលិត រថពាសដែក ឱ្យកម្ពុជា

ក្រៅពីការជួសជុលរថពាសដែកប្រមាណជាជាង ១០គ្រឿង សម្រាប់កងទ័ពកម្ពុជា លោក ត្រឹងក្វុក
ហៃ ថែមទាំងច្នៃរថពាសដែកទាន់សម័យ សមស្របនឹងភូមិសាស្ដ្រកម្ពុជា មកឱ្យខ្មែរ ដូច្នេះទើបគាត់​ទទួលបានគ្រឿងឥស្សរិយយសពីនាយករដ្ឋមន្ដ្រីកម្ពុជា។

លោក ត្រឹងក្វុកហៃ ត្រូវបានកាសែតក្នុងស្រុកវៀតណាម ហៅថា កសិករ មានទីលំនៅក្នុងឃុំ
សុយយឹយ ស្រុក តឹនចូវ ខែត្រ តៃនិញ កាលពីជាង ១ខែមុន បានធ្វើដំណើរជាមួយកូនប្រុសម្នាក់
មកកម្ពុជា ដើម្បីទទួលគ្រឿងឥស្សរិយយសថ្នាក់ឧត្ដមសេនីយ៍ ពីរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពី
លោក បានជួសជុល និងច្នៃដោយជោគជ័យនូវរថពាសដែកចំនួន ១២គ្រឿង ជូនកម្ពុជា។

លោក ត្រឹងក្វុកហៃ (Tran Quoc Hai)

លោក ត្រឹងក្វុកហៃ ថ្លែងថា ក្នុងដំណើរទៅកាន់ទីតាំងកងពលតូចលេខ ៧០ តាមការជញ្ជើញរបស់
កម្ពុជា ដើម្បីជួយដល់ក្រុមវិស្វករខ្មែរ ផ្នែកបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនដាំដំឡូង លោក ត្រឹងក្វុក
ហៃ បានឃើញរថពាសដែករបស់កងពលនេះ ខូច មិនដំណើរការ ហើយនៅពេលបញ្ឆេះម៉ាស៊ីន
ម្ដងៗ គេត្រូវប្រើទាហានប្រហែល ១០នាក់ ដើម្បីរុញ លោក ត្រឹងក្វុកហៃ ក៏សុំពិនិត្យមើល ក្រោយ
មក លោកក៏ស្នើឱ្យមានការជួសជុល។

មេដឹកនាំកងពលតូចលេខ ៧០ បានហៅលោក ត្រឹងក្វុកហៃ ទៅសួរនាំ និងប្រាប់ថា វាជារថពាស
ដែក មិនមែនជាម៉ាស៊ីនកសិកម្មនោះទេ។ មុននេះ ធ្លាប់បានអ្នកជំនាញការពីអ៊ុយក្រែន រុស្ស៊ី និង
វៀតណាមផងដែរ មកជួសជុល ប៉ុន្ដែមិនបានសម្រេច។

ត្រឹងក្វុកហៃ ធ្វើ​ជា​អ្នក​ក្លាហាន នៅ​កម្ពុជា​

លោក ត្រឹងក្វុកហៃ និយាយថា ៖ “ពេលដល់ពាក្យនេះ ខ្ញុំខឹងណាស់។ អ្នកណាជួសជុលមិនបាន
គឺស្រេចតែពួកគេ ប៉ុន្ដែ ពេលឮថា ជនជាតិវៀតណាម ធ្វើមិនបាន គឺភាពអាម៉ាស់នៃពូជសាស្ដ្រ
របស់ខ្ញុំ បានកើតឡើងភ្លាម។ ខ្ញុំប្រាប់ថា ខ្ញុំនឹងចេញប្រាក់ខ្លួនឯងដើម្បីជួសជុលវា ពេលនោះពួក
គេបើកភ្នែកធំៗ”។

ដោយដឹងត្រូវធ្វើបែបនេះ ថ្នាក់ដឹកនាំនៃកងពលតូចលេខ ៧០ ក៏រាយការណ៍ទៅទីបញ្ជាការកង
ទ័ពកម្ពុជា។ ក្រោយមក លោក ត្រឹងក្វុកហៃ ក៏ត្រូវបានអនុញ្ញាតឱ្យជួសជុល។ លោក ត្រឹងក្វុកហៃ
ប្រាប់ថា ៖ “ពេលទទួលបានការអនុញ្ញាត ខ្ញុំក៏មានអារម្មណ៍ភ័យបន្តិច ប៉ុន្ដែ ជាក់ស្ដែង ម៉ាស៊ីនគ្រប់
ប្រភេទ វាមានដំណើរការដូចគ្នា ម្យ៉ាងទៀត គេធ្វើបាន យើងក៏ធ្វើបាន”។

លោក ត្រឹងក្វុកហៃ និង​កូន​ប្រុស

បន្ទាប់ពីពិនិត្យគ្រឿងម៉ាស៊ីនគ្រប់ជ្រុងជ្រោយ លោកមានសង្ឃឹមឡើងវិញ។ ដូច្នេះ នៅដើមឆ្នាំ
២០១៣ លោក ត្រឹងក្វុកហៃ ក៏ចំណាយប្រាក់ ២៥.០០០ដុល្លារ ហើយរួមដៃជាមួយកូនប្រុស និង
ជំនួយការប៉ុន្មាននាក់ទៀត ចាប់ផ្ដើមជួសជុល រថពាសដែកទាំងនេះ ដែលត្រូវបានផលិតឡើង
កាលពីជំនាន់សូវៀត ដំណើរការដោយសាំង។ រយៈពេល ១ខែក្រោយមក រថពាសដែក ១គ្រឿង
ត្រូវបានជួសជុលរួចរាល់ ហើយដំណើរការល្អ និងចំណាយតែប្រេង ម៉ាស៊ូត ២៥លីត្រសម្រាប់
១០០គីឡូម៉ែត្រ ជំនួសឱ្យសាំង ៤៥លីត្រ ដូចមុន។

ក្រោយពីបានប្រគល់ជូនកងពលតូចលេខ ៧០ ដើម្បីដំណើរការសាកល្បង លោក ត្រឹងក្វុកហៃ
ថ្លែងថា ទាហានខ្មែរ ហាក់មានការភ្ញាក់ផ្អើល នៅពេលម៉ាស៊ីនដំណើរការដូចថ្មី។ មេបញ្ជាការកង
ពលនេះ ក៏បានសម្រេចប្រគល់ប្រាក់ឈ្នួល និងអនុញ្ញាតឱ្យជួសជុល ១០ទៀត។ ដោយសារមាន
ប្រាក់ក្នុងដៃ ត្រឹងក្វុកហៃ  និងកូន ក៏ជួសជុលរួចរាល់ក្នុងពេលដ៏ខ្លី។ រថពាសដែកដែលស្ទើរតែត្រូវ
គេបោះបង់ចោល ពេលនេះ ហាក់ដូចជាទើបតែទិញថ្មី។ លោក ត្រឹងក្វុកហៃ បង្ហើបឱ្យដឹងថា ៖
“ក្នុងរថពាសដែក ១គ្រឿង ខ្ញុំទទួលបានថ្លៃឈ្នួល ២៥.០០០ដុល្លារ។”

ក្រុម​គ្រួ​សារ​របស់​លោក ត្រឹងក្វុកហៃ

រថពាសដែកកម្ពុជា គឺជាប្រភេទដែលត្រូវបានផលិតឡើងសម្រាប់សមរភូមិសូវៀត ដែលមានភូមិ
សាស្ដ្ររាបស្មើ ខុសពីកម្ពុជា។ មើលឃើញបែបនេះ លោក ត្រឹងក្វុកហៃ ក៏ចាប់ផ្ដើមមានគំនិត
ផលិតរថពាសដែកថ្មី សមស្របនឹងភូមិសាស្ដ្រស្រុកខ្មែរ។ ដូច្នេះ នៅពេលប្រគល់រថពាសដែក
ដែលបានជួសជុលរួច លោក ក៏បានសុំការអនុញ្ញាតផលិត ពេលនោះ មន្ដ្រីយោធាខ្មែរ ក៏បើកភ្នែក
ធំៗ។ លោកប្រាប់មន្ដ្រីកម្ពុជាថា ៖ “ប្រសិនធ្វើបាន សូមប្រគល់តែថ្លៃឈ្នួល ហើយបើមិនបាន គឺ
ចាត់ទុកថា ខ្ញុំត្រូវខាតបង់ទុនទៅចុះ”។ ភ្លាមនោះ លោក ត្រឹងក្វុកហៃ ក៏ទទួលបានការយល់ព្រម។

បទពិសោធជួសជុលរថពាសដែកក្នុងរយៈពេលជិត ១ឆ្នាំ បានជួយឱ្យលោក ត្រឹងក្វុកហៃ និងកូន
មានសង្ឃឹមច្រើន។ ក្រុមការងារលោក ត្រឹងក្វុកហៃ ចំណាយពេលច្រើនសម្រាប់ការបំពាក់បច្ចេក
វិទ្យា និងកាំភ្លើង ព្រោះថា រថពាសដែកសូវៀត អាចបាញ់បានចម្ងាយចាប់ពី ១៥០ម៉ែត្រ ចំណែក
ភូមិសាស្ដ្រដូចស្រុកខ្មែរ ដែលមានភ្នំ ប្រសិនត្រូវវាយប្រហារក្នុងចម្ងាយខ្លី នោះកាំភ្លើងរបស់រថ
ពាសដែក នឹងបរាជ័យ។

រថ​ពាស​ដែក​ដែល​ផលិត​ឡើង​ដោយ​កសិករ​វៀត​ណាម

ចំណាយពេលជិត ៣ខែ ទើបក្រុមលោក ត្រឹងក្វុកហៃ ច្នៃបានរថពាសដែក “Made In Tran Quoc
Hai (Viet Nam)” មានបំពាក់កាំភ្លើង អាចបាញ់បានចម្ងាយចាប់ពី ៧ម៉ែត្រ រួមនិងកាណុងកាំភ្លើង ២
គល់កាំភ្លើងបង្វិលស្វ័យប្រវត្ត។ល។ ប្រាក់ចំណាយដែលលោក ត្រឹងក្វុកហៃ ត្រូវចេញ គឺ ២សែន
ដុល្លារអាមេរិក។

កិច្ចការខាងលើរបស់កសិករវៀតណាមម្នាក់នេះ ត្រូវបាននាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុនសែន
ទទួលស្គាល់។ លោក ត្រឹងក្វុកហៃ ត្រូវបានព្រះមហាក្សត្រខ្មែរ ប្រទានប័ណ្ណសរសើរ និងហៅលោក
ថា ជាអ្នកវិទ្យាសាស្ដ្រ។ ចំណែកកូនរបស់លោក ត្រឹងក្វុកហៃ គឺ ត្រឹងក្វុកថាញ់ ត្រូវបានហៅថា ជា
វិស្វករ និងអ្នកបច្ចេកទេស។ នៅក្នុងពិធីខួប ២៥ឆ្នាំនៃការបង្កើតកងពលតូចលេខ ៧០ (១៣ តុលា)
លោក ត្រឹងក្វុកហៃ និងកូនប្រុស ក៏ទទួលបានគ្រឿងឥស្សរិយយស ពីសម្ដេច ហ៊ុនសែន ផងដែរ។

គ្រឿងឥស្សរិយយសដែលលោក ត្រឹងក្វុកហៃ ទទួលបានពីកម្ពុជា


លោក ត្រឹងក្វុកហៃ ថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងសាងសង់រោងចក្រ ដើម្បីបន្តផលិត
រថពាសដែក ហើយក្នុងពេលខាងមុខ លោក ត្រឹងក្វុកហៃ នឹងមកកម្ពុជា ដើម្បីដឹកនាំការផលិត។
លោក ត្រឹងក្វុកហៃ ៖ “ជាសំណាងល្អណាស់ ដែលខ្ញុំទទួលបានការទុកចិត្តពីកម្ពុជា”៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ vnexpress


Tags: Vietnam Cambodia វៀតណាម កម្ពុជា រថពាសដែក ជួសជុល Tran Quoc Hai