ប៉េកាំង៖ តារាចម្រៀង Jaycee Chan ត្រូវជាកូនប្រុសរបស់តារាភាពយន្ត កុងហ្វូ លោក ឈិន ឡុង (Jackie Chan) ត្រូវបានតុលាការក្រុងប៉េកាំង ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ និង ពិន័យជាប្រាក់ ៣២២ដុល្លារអាមេរិក ពីបទប្រើប្រាស់ថ្នាំញៀន និងផ្តល់ទីជម្រកឲ្យមិត្តភក្តិ ដើម្បីប្រើប្រាស់ថ្នាំញៀន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលចិន បានឲ្យដឹងថា ប៉ូលិសបានចាប់ខ្លួន លោក Jaycee Chan កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ នៅក្នុងផ្ទះរបស់តារាចម្រៀងរូបនេះ ក្នុងសង្កាត់ Dongcheng ក្នុងទីក្រុងប៉េកាំង ជាមួយនឹងមិត្តភក្តិរបស់គេពីរនាក់ផ្សេងទៀត ដែលម្នាក់ជា តារាចម្រៀងតៃវ៉ាន់ និងម្នាក់ទៀតជាតារាសម្តែងចិន។
គួរបញ្ជាក់ផងដែរថា លោក Jaycee Chan ក៏បានសារភាពទោសកំហុសចំពោះបទឧក្រិដ្ឋនៃ ការផ្តល់ទីជម្រកដល់បក្សពួក ដើម្បីទទួលយក ថ្នាំញៀន និងប្រើបា្រស់ថ្នាំញៀន ហើយបើយោងតាមសេចក្តីសម្រេចរបស់តុលាការ Jaycee Chan អាចនឹងចេញពីគុកនៅខែកុម្ភៈ ព្រោះការដាក់ ទោសគិតត្រឹម ថ្ងៃចាប់ខ្លួន៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល