ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជារំពឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៥ នៅលើទឹកដី នៃអាណាចក្រ វប្បធម៌ ខេត្តសៀមរាប នឹងមាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមប្រមាណ៥០ម៉ឺននាក់ នេះបើតាមសេក្តីប្រកាស ព័ត៌មានរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញនៅថ្ងៃទី១១ ខែមីនាឆ្នាំ២០១៥នេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងត្រូវបានរៀបចំឡើងនៅតាមបណ្តាទីតាំងសំខាន់ៗមួយ ចំនួនដូចជា នៅក្នុងបរិវេណខាងមុខប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន (លានជល់ដំរី) ដងស្ទឹងសៀមរាបបរិវេណពិព័រណ៍អង្គរឃ្យុងយូ និងនៅទីតាំងផាប់ស្ទ្រីត (Pub-Street) ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០១៥ ។
សេចក្តីប្រកាសបន្ថែមថា យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី១ ដែលធ្វើឡើងចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ ទទួលបានការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១៧៩.១៥៤នាក់ មានការកើនឡើងចំនួន ១៤,០៩% បើធៀបទៅនឹងឆ្នាំ២០១២ ដែលមានចំនួនត្រឹមតែ ១៥៧.០១៩នាក់។ ទន្ទឹមនឹងនោះ អាជ្ញាធរអប្សរា ក៏បានបង្ហាញឲ្យដឹងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៤ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៣៨៥.៦២៩ នាក់ ដែលក្នុងនោះភ្ញៀវជាតិប្រមាណ ៣៥៧,៨២០ នាក់និងភ្ញៀវអន្តរជាតិចំនួន ២៧.៨០៩នាក់ ពោលគឺមានការកើនឡើងទ្វេដង បើធៀបនឹងចំនួនភ្ញៀវទេសចរក្នុងអំឡុងពេល ដូចគ្នានាឆ្នាំ២០១៣។ តាមរយៈទិន្នន័យនេះ កម្ពុជា ជាពិសេសខេត្តសៀមរាបផ្ទាល់ ទទួលបានចំណូលសេដ្ឋកិច្ច ប្រមាណជិត ៣០ លានដុល្លារអាមេរិក។
ផ្អែកលើវិសាលភាពកាន់តែធំ និងភាពទាក់ទាញកាន់តែខ្លាំង គេសង្ឃឹមថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៥០ ម៉ឺននាក់ នឹងចូលរួមទស្សនាព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥នេះ ជាមួយនឹងការរំពឹងពីកំណើនសេដ្ឋកិច្ចដ៏វិជ្ជមាន សម្រាប់ខេត្តសៀមរាបផ្ទាល់ និងសម្រាប់ប្រទេសកម្ពុជាជារួម។
សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការអង្គរសង្ក្រាន្តឆ្នាំ ២០១៥ ដែលនឹងត្រូវរៀបចំ ឡើងនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ១០៖០០នាទីព្រឹក នាទីស្នាក់ការកណ្តាលសហ ភាពសហព័ន្ធយុវជនកម្ពុជា ផ្ទះលេខ ២៤ ផ្លូវលេខ២២៨ កែងផ្លូវ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ ឆ្នាំ២០១៥ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៤ដល់ ១៦ ខែមេសា ឆ្នាំ ២០១៥ នៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល