ថ្មីៗនេះ ក្រុមហ៊ុន Marvel Studios បានអោយដឹងថា ខ្លួនទទួលបានការយល់ព្រមពីទីភ្នាក់ងារ
អវកាស NASA ក្នុងការនាំយកខ្សែភាពយន្ដ "The Avengers" ទៅបញ្ចាំងអោយក្រុមអវកាស
ចរទស្សនានៅលើស្ថានីយអវកាសអន្ដរជាតិ ISS។
គេបានដឹងថា Marvel និង NASA បានក្លាយជាដៃគូសហការណ៍គ្នាចាប់តាំងពីខ្សែភាពយន្ដនេះ
បានចាប់ផ្ដើមថត។ ខ្សែភាពយន្ដនេះក៏ត្រូវបានថតក្នុងមូលដ្ឋានផ្គត់ផ្គង់អគ្គិសនីអោយស្ថានីយ
Plum Brook របស់ NASA ដែលមានទីតាំងនៅ Sandusky រដ្ឋ Ohio។
ខ្សែភាពយន្ដ The Avengers
ស្ថានីយអវកាសអន្ដរជាតិ ISS
Dan Cook បុគ្គលិកផ្នែកជំនួយការផ្លូវចិត្ដនៅមជ្ឈមណ្ឌលប្រតិបត្តិអវកាស Johnson បានថ្លែង
ថា ៖ "ការនាំយកខ្សែភាពយន្ដនេះទៅបញ្ចាំងនៅលើស្ថានីយអវកាសអន្ដរជាតិនឹងជួយអោយ
ក្រុមអវកាសចរមានអារម្មណ៍ថា ពួកគេកំពុងនៅក្នុងក្រុងដែលខ្លួនធ្លាប់រស់នៅ ខណៈដែលពួក
គេកំពុងស្ថិតនៅចម្ងាយពីផែនដី ៣២១គម ក្នុងរយៈពេលវែង"។
បច្ចុប្បន្ន នៅលើស្ថានីយអវកាស ISS មានក្រុមអវកាសចរចំនួន ៦នាក់ រួមមានអវកាសចរមក
ពី NASA ២រូប ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប ១រូប និង ៣រូបទៀតមកពីរុស្ស៊ី។ បេសកកម្មរបស់ពួកគេ
មានឈ្មោះថា Expedition 31។
The Avengers នៅតែបន្ដកាន់កាប់ចំណត់ថ្នាក់ខ្ពស់ក្នុងបញ្ជីនៃខ្សែភាពយន្ដដែលលក់សំបុត្រ
បានច្រើនបំផុតរបស់អាមេរិក។ កាលពីសប្ដាហ៍កន្លង ខ្សែភាពយន្ដនេះបានជាប់ចំណាត់ថ្នាក់
ទីបី ដោយលក់សំបុត្របាន ២០,៣លានដុល្លារ។ ក្រោយពីការបញ្ចាំងក្នុងរយៈពេល ៥សប្ដាហ៍
The Avengers រកបានប្រាក់ចំណូល ១,៣៥ពាន់លានដុល្លារ និងមានឈ្មោះនៅក្នុងបញ្ជីនៃខ្សែ
ភាពយន្ដដែលមានប្រាក់ចំណូលច្រើនបំផុតគ្រប់សម័យកាល បន្ទាប់ពី Avatar និង Titanic៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing