CamNews

តារា 

ឆិល ពេជ្រពណ្ណរាយ ហៅ ស្រីពេជ្រ ប្រាប់ពីគន្លឹះ ជោគជ័យក្នុងអាជីពជា អ្នករាំ (មានវីដេអូ)

ភ្នំពេញ៖ កន្លងមកទស្សនិកជន ធ្លាប់តែបានតាមទស្សនា អត្ថបទទាក់ទង នឹងជីវិតអ្នក សិល្បៈ ភាគច្រើន ជាតារាសម្តែង តារាចម្រៀង តារាបង្ហាញម៉ូដ ជាដើម ដោយមិនសូវចាប់ អារម្មណ៍ ទៅលើតារាៗ ដែលចាប់អាជីព ជាអ្នករាំកំដរឆាកនោះឡើយ ។ប្រិយមិត្តក៏មិនដឹងដែរថា អ្នក រាំល្វត់ល្វន់ទាំងអស់នោះ បានឆ្លងកាត់ការលំបាក តស៊ូកម្រិតណា ទម្រាំពួកគេបានបង្ហាញ វត្តមាននៅលើកញ្ចក់ ទូរទស្សន៍ ក៏ដូចជាឆាក តន្រ្តីនានា។ ដើម្បីទទួលបានបទពិសោធន៍ខ្លះៗ និងគន្លិះសំខាន់ៗ ក្នុងជំនាញជាអ្នករាំនេះ អ្នករាំចាស់វស្សា កញ្ញា ឆិល ពេជ្រពណ្ណរាយ ហៅ ស្រីពេជ្រ នឹងចេញមុខទម្លាយ ពីការលំបាក ការតស៊ូក្នុង អាជីពមួយនេះ តាមរយៈគេហទំព័រ LookingTODAY ឲ្យប្រិយមិត្តបានដឹង។

នៅក្នុងជំនួប ដោយផ្ទាល់ ជាមួយភ្នាក់ងារ យកព័ត៌មាន របស់ LookingTODAY អ្នករាំ កញ្ញា ឆិល ពេជ្រ ពណ្ណរាយ ដែលមានសមត្ថភាព គ្រប់គ្រងក្រុមរាំ ជាច្រើននាក់ បានប្រាប់ឲ្យដឹង កាលពី ពេលថ្មីៗនេះថា នាងបានបោះជំហានចូល ប្រឡូកសិល្បៈ ដោយចាប់អាជីពជាអ្នករាំ ប្រមាណ ជាជាង១០ឆ្នាំ ហើយ ពោលគឺតាំង ពីឆ្នាំ២០១០មកម្ល៉េះ ។ ដំបូងឡើយ នាងមានសមាជិក តែ២ នាក់ប៉ុណ្ណោះ គឺរូបនាង និងប្អូនម្នាក់ទៀត ។ ជំនាញនេះ ចេះតែរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យនាងមានសមាជិក ចូលហាត់រៀនកាន់តែច្រើន ហើយបើគិតមក ដល់ពេលបច្ចុប្បន្ននេះ នាងបានបង្កើតក្រុមរាំ ផ្ទាល់ខ្លួនមួយ មានឈ្មោះថា “Sexy Mover” មានសមាជិក២២នាក់ ។ រាល់ថ្ងៃនេះក្រុមរាំរបស់នាង រាំប្រចាំឲ្យស្ថានីយ ទូរទស្សន៍បាយ័ន អាស៊ីអាគ្នេយ៍ ណាហ្គា និង កម្មវិធីតូចធំ តាមបែបជាតិ និងអន្តរជាតិ មួយចំនួនទៀត ។

តារាស្រីសម្បុរខ្មៅ ស្រអែមស្រស់ ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា "ខ្ញុំបានតស៊ូឆ្លងកាត់ ឧបសគ្គ ច្រើនណាស់ ទម្រាំក្លាយជាអ្នករាំអាជីព ឆ្លងកាត់ការលំបាកច្រើនណាស់ ព្រោះថា ការរាំគឺមាន ការខុសប្លែកគ្នា ពីការច្រៀង សម្តែង ។ ដោយសារតែការរាំ ត្រូវទាមទារលើការតស៊ូ អត់ធ្មត់ ពេលវេលា និង ទេពកោសល្យ ។ សម្រាប់ការរាំបទនីមួយៗ គឺត្រូវចំណាយពេល ក្នុងការហាត់ រាំ តែបើ មិនមានការអត់ធ្មត់ទេ គឺមិនអាចចាប់ អាជីពនេះបានទេ "។  កញ្ញា ពេជ្រពណ្ណរាយ បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ការហាត់រាំ គឺមានក្បួនខ្នាត ក្នុងការបង្រៀន មានគន្លឹះជាមូល ដ្ឋាន គួបផ្សំក្នុងការរាំ ហើយអ្វីដែលសំខាន់នោះ គឺការធ្វើដដែលៗ ក្នុងការរៀនរាំ លុះត្រាតែ ទទួលភាពជោគជ័យ។ សម្រាប់អ្នកដែលស្រលាញ់ការរាំ ។ " ទោះជាអាជីពអ្នករាំ មិនអាចរក ចំណូលបានច្រើន ដូចអាជីពដទៃ ប៉ុន្តែដោយសារតែខ្ញុំស្រឡាញ់ ខ្ញុំបានតស៊ូ ខំប្រឹងអស់ជា ច្រើនឆ្នាំ ទម្រាំតែទទួលបាន ជោគជ័យដូចសព្វថ្ងៃ ។ កាលពីមុនខ្ញុំ ចំណាយ ពេលច្រើនថ្ងៃ ក្នុងការហាត់រាំមួយៗបទ តែពេលនេះ ខ្ញុំមានបទពិសោធន៍ និងជំនាញជាង១០ឆ្នាំ គឺខ្ញុំរៀនរាំមុន តែ១ថ្ងៃ ឬកន្លះថ្ងៃតែប៉ុណ្ណោះ ក្នុងនោះក្រៅពីរាំខ្លួនឯង ខ្ញុំក៏ឆ្លៀតពេលខ្លះ បង្ហាត់បង្រៀន អ្នក ដែលចូល ជាសមាជិក ក្នុងក្រុមរាំប្រមាណ ២២នាក់ផ្សេងទៀត" ។ ស្រីពេជ្រ បញ្ជាក់បន្ថែម។

អាចចាត់ទុកថា ជាអ្នកសិល្បៈ មានជំនាញប្លែកគេ កញ្ញា ស្រីពេជ្រ និយាយថា " ពេលខ្ញុំបង្ហាត់ ហ្នឹង..! បើថាអ្នករាំចង្កេះមិនទន់ ឬកាច់មិនកើតទេ ខ្ញុំកាច់ទាល់តែកើត គឺធ្វើដដែលៗ ទាល់តែ ចេះរាំ ។ ខ្ញុំកាចអ៊ីចឹង តែកាចចង់ឲ្យអ្នកមករៀនចេះ មិនមែនកាចចង់បានអ្វី ឬខុសទំនងទេ ។ ខ្ញុំនិយាយត្រង់ អ្នកហាត់ជាមួយខ្ញុំ ទាល់តែតស៊ូ បើមិនតស៊ូទេ ច្បាស់ជាទៅមិនរួចឡើយ ។ ឥឡូវនេះ ខ្ញុំកំពុងតែបណ្ដុះបណ្ដាល បងប្អូនខ្ញុំបន្ថែម បីបួននាក់ទៀត ទោះជាខ្ញុំជាប់រវល់ ខ្លាំង យ៉ាងណាក្ដី ក៏ត្រូវឆ្លៀតពេល ជួយបង្ហាត់បង្រៀនពួកគេដែរ.."។

ស្រីពេជ្រ បានប្រាប់ឲ្យដឹងទៀតថា ការតស៊ូ ដែលនាងខំប្រឹង រយៈពេលជាង១០ឆ្នាំនេះ គឺ សង្កេតឃើញ ថាទទួលបានការគាំទ្រ និងស្គាល់ពី ទស្សនិកជនច្រើន ហើយអ្វីដែលនាង ខំ ប្រឹងព្យាយាមនា ពេលកន្លងមក នៅពេលនេះ បានធ្វើឲ្យនាង ទទួលបានប្រជាប្រិយភាព និង ការគាំទ្រ ពីទស្សនិកជន គ្រប់ស្រទាប់ ជាពិសេសយុវវ័យ ហើយរយៈកាលពីរឆ្នាំចុងក្រោយនេះ ក្រុមរាំរបស់នាង ឡើងកូដខ្លាំង គួរឲ្យកត់សម្គាល់៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star dancer khmer star sreypech