យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងថា សហរដ្ឋអាមេរិក គឺជាទិសដៅកំពូល ដែលមហាសេដ្ឋីចិនភាគច្រើន ប្រាថ្នានាំគ្រួសារ និងប្រមូលប្រាក់ទៅរស់នៅទីនោះ។
បើតាមការស្ទង់មតិ នាពេលបច្ចុប្បន្ន សេដ្ឋីចិនចំនួនជាង ១/៣ កំពុងគិតដល់ការចំណាកស្រុក ទៅរស់នៅប្រទេសដទៃ នេះបើយោងតាមរបាយការណ៍មួយពីវិទ្យាស្ថានស្រាវជ្រាវ Hurun ដែលជាក្រុមហ៊ុនស្រាវជ្រាវទ្រព្យសម្បត្ដិ មានមូលដ្ឋាននៅប្រទេសចិន និងក្រុមហ៊ុន Visa Consulting Group ដែលជាក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកអន្ដោប្រវេស្ដន៍។ ក្រុមហ៊ុនទាំងនេះ បានធ្វើការស្ទង់មតិចំពោះប្រជាជនចិនចំនួន ២២៤ នាក់ ដែលមានទ្រព្យសម្បត្ដិជាមធ្យមចំនួន ៤,៥ លានដុល្លារអាមេរិក។
ប្រជាជនចិនជាច្រើន បានចាកចេញពីប្រទេសរបស់ខ្លួន ដើម្បីស្វែងរកប្រព័ន្ធអប់រំល្អប្រសើរ ក្នុងប្រទេសដទៃ និងដើម្បីគេចចេញពីទីក្រុងកខ្វក់របស់ប្រទេសនេះ និងការគ្រប់គ្រងដ៏តឹងតែងរបស់រដ្ឋាភិបាល។ ម្យ៉ាងទៀត ពួកគេស្វែងរកទីសុវត្ថិភាព ដើម្បីថែរក្សាទ្រព្យសម្បត្ដិរបស់ខ្លួន។ របាយការណ៍ដដែល បានឱ្យដឹងថា បញ្ជីទ្រព្យសម្បត្ដិបរទេស បានរក្សាទុករបាយការណ៍ទ្រព្យសម្បត្ដិជាមធ្យម ១១ ភាគរយនៃទ្រព្យសម្បត្ដិសរុបរបស់មហាសេដ្ឋីចិន។
សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងតារាង ជាគោលដៅដ៏ពេញនិយមបំផុត សម្រាប់រយៈពេល ៤ ឆ្នាំជាប់គ្នា ដែលប្រជានចិន ចេញពីប្រទេសរបស់ខ្លួនទៅរស់នៅ ខណៈចក្រភពអង់គ្លេសជាប់លេខ ២ អៀរឡង់លេខ ៣ និង កាណាដាលេខ ៤។ ប្រព័ន្ធសិក្សាធិការរឹងមាំ ខ្យល់អាកាសបរិសុទ្ធ និងម្ហូបអាហារមានសុវត្ថិភាពប្រសើរ បានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសដ៏ពេញនិយមសម្រាប់វិនិយោគិនចិន។
ប្រទេសកាណាដា ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ២ ប៉ុន្ដែប្រទេសនេះបានធ្លាក់មកចំណាត់ថ្នាក់លេខ ៤ វិញ បន្ទាប់ពីខ្លួន តំឡើងតម្លៃទ្រព្យសកម្មសុទ្ធ(Net Worth) និងបង្កើនលក្ខខណ្ឌវិនិយោគ សម្រាប់កម្មវិធីទិដ្ឋាការវិនិយោគរបស់ខ្លួន កាលពីខែមីនា។
ការទិញអចលនវត្ថុ បានក្លាយជាមធ្យោបាយដ៏ពេញនិយមមួយ សម្រាប់សេដ្ឋីចិន ដើម្បីបង្វិលលុយរបស់ខ្លួនទៅក្រៅប្រទេស ។ បញ្ញើរូបិយប័ណ្ណបរទេស និងអចលនទ្រព្យ គឺជាជម្រើសវិនិយោគក្រៅប្រទេសដ៏ពេញនិយមបំផុត។ បើតាមរបាយការណ៍ ពួកសេដ្ឋីទាំងនោះ ចំណាយប្រាក់ជាមធ្យម ៨០០,០០០ ដុល្លារអាមេរិកដើម្បីទិញអចលនទ្រព្យមួយកន្លែង។
រដ្ឋធានី Los Angeles គឺជាទីក្រុងកំពូលសម្រាប់សេដ្ឋីចិន ក្នុងការទិញអចលនទ្រព្យ បន្ទាប់មកទីក្រុងញ៉ូវយ៉ក បូស្តុន និងសាន់ហ្វ្រាន់ស៊ីស្កូ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ស៊ីអិនប៊ីស៊ី