CamNews

ព័ត៌មានអន្តរជាតិ 

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនពីបទពុករលួយទឹកប្រាក់ ១០ លានដុល្លារ

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak ត្រូវបានតុលាការចាប់ខ្លួន និងឃុំខ្លួនកាលពីថ្ងៃសុក្រពីបទចោទប្រកាន់ពុករលួយជាច្រើនរូបភាព រួមទាំងការទទួលសំណូក ការលួចបន្លំ និងការរំលោភអំណាចផងដែរ។

តុលាការក្រុងសេអ៊ូល បានអនុម័តដីកាចាប់ខ្លួន ដោយផ្អែកលើការចោទប្រកាន់ដ៏ធ្ងន់ធ្ងរអំពីឧក្រិដ្ឋកម្ម និងលទ្ធភាព ដែលអតីតប្រធានាធិបតីរូបនេះ  អាចប៉ុនប៉ងបំផ្លាញភស្តុតាង។

អង្គការអយ្យការ បានចោទប្រកាន់លោក Lee ថា បានទទួលប្រាក់សំណូកចំនួន ១១ ពាន់លានវ៉ុន (១០ លានដុល្លារ) ពីភ្នាក់ងារចារកម្មរបស់ខ្លួន និងក្រុមធុរកិច្ចដទៃទៀត រួមទាំងក្រុមហ៊ុន Samsung ផងដែរ។


ការចាប់ខ្លួនរបស់លោក Lee គឺបានបន្ថែមទៅលើរឿងក្ដីនាពេលថ្មីៗនេះរបស់មេដឹកនាំ ដែលប្រឈមនឹងរឿងអាស្រូវពុករលួយ បន្ទាប់ពីចាកចេញពីពីតំណែង។ លោក Lee ត្រូវបានគេស៊ើបអង្កេត កាលពីពេលមុនថា មានការជាប់ទាក់ទងនឹងការក្លែងបន្លំ កាលពីឆ្នាំ ២០០១ ដែលលោកបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្ដខុសនោះទេ។

ដីកានេះ នឹងអនុញ្ញាតឱ្យព្រះរាជអាជ្ញាឃាត់ខ្លួនលោក Lee រហូតដល់រយៈ ២០ ថ្ងៃមុនពេល ធ្វើការចោទប្រកាន់ជាផ្លូវការ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news