CamNews

យល់ដឹង 

ក្បួនចិត្ដសាស្រ្ដ៖ តើស្នេហារបស់អ្នកជាស្នេហាពិត ឬគ្រាន់តែជាតម្រេកតណ្ហា?

យល់ដឹង ៖ ធម្មជាតិបានបង្កើតមនុស្សមកឱ្យមានការស្រលាញ់ និងការស្អប់ ដែលធ្វើឱ្យមនុស្សចេះទាស់​ចិត្ដចំពោះសម្ផស្សមិនស្អាត និងគាប់ចិត្ដចំពោះសម្ផស្សស្រស់ស្អាត។ នៅក្នុងលំនាំនៃសេចក្ដីស្រលាញ់នេះ បានស្រូបទាញមនុស្សឱ្យវង្វេងលង់លក់ ទៅក្នុងសំណាញ់នៃសេចក្ដីស្នេហា ដែលធ្វើឱ្យមនុស្សប្រែក្លាយទៅជាមនុស្សខ្វាក់ទាំងនៅភ្លឺ ឃើញអាក្រក់ទៅជាល្អតាមបែបផែន នៃចិត្ដជាប់ជំពាក់។ សេចក្ដីស្នេហាពិត ឬគ្រាន់តែជាចិត្ដត្រេកត្រអាលដោយតណ្ហាគេអាចបែងចែកបាន តាមលក្ខណៈដូចជា ប្រសិនបើអ្នក ឃើញភ្លាម ស្រលាញ់ខ្លាំងភ្លែត ហើយមួយរយៈក្រោយមកសេចក្ដីស្រឡាញ់ខ្លាំងនោះ​ ក៏ប្រែទៅជាបាត់បង់ទៅវិញ វាមិនមែនជាសេចក្ដីស្នេហានោះទេ វាគ្រាន់តែជាតម្រេកត្រេកត្រអាលចំពោះអារម្មណ៍តណ្ហាប៉ុណ្ណោះ។ ភាពពុះកញ្រ្ជោលដោយតម្រេកតណ្ហា និងសេចក្ដីស្នេហាពិត គឺវាបញ្ចេញតាមរយៈអារម្មណ៍ដ៏មានអំណាចដូចគ្នា ហេតុដូច្នេះហើយទើបធ្វើឱ្យមនុស្ស ជាច្រើនមានការភ័ន្ដច្រឡំ។ តើវាមានលក្ខណៈខុសគ្នាបែបណា?

 

អ្វីជាការត្រេកត្រអាលនឹងកាម?

ការត្រេកត្រអាលនឹងកាម គឺមិនមែនអ្វីក្រៅអំពីការស្រូបទាញផ្នែករូបសម្ផស្សខាងក្រៅនោះឡើយ។​ ផ្អែកលើការសិក្សា​ស្រាវជ្រាវ ក្រុមអ្នកវិទ្យាសាស្រ្ដ ក៏មិនទាន់ជ្រាបប្រាកដថាតើ ហេតុអ្វីបានជាមនុស្សឈ្លក់វង្វេង ជាប់ជំពាក់ និងត្រូវបានស្រូបទាញដោយសម្ផស្ស នៃមនុស្សម្នាក់ទៀតដែរ ប៉ុន្ដែបណ្ដាអ្នកវិទ្យាសាស្រ្ដមួយចំនួនជឿថាសេចក្ដីត្រេកត្រអាលក្នុងកាមនេះ បណ្ដាលមកពីសារធាតុ Pheromone  ជាសារធាតុគីមីម្យ៉ាងនៅក្នុងខ្លួនមនុស្ស ដែលធ្វើឱ្យកើតឡើងនូវប្រតិកម្ម និងអាកប្បកិរិយាឆ្លើយតប ទៅនឹងរូបសម្ផស្សនោះ។ នៅក្នុងខ្លួនសត្វ អ័កម៉ូនភេទ Pheromone នេះត្រូវបានប្រើដើម្បីបញ្ជាក់ថា សត្វញីគឺដល់ពេលវេលាដើម្បីបង្កាត់ពូជហើយ។  សរីរាង្គមានជីវិតតូចល្អិត សត្វល្អិត និងសូម្បីតែសត្វធំក៏ប្រើ អ័កម៉ូន Pheromone នេះដើម្បីជាសញ្ញាបញ្ជាក់ នៃការបង្កាត់ពូជដែរ។ នៅពេលនិយាយឱ្យចំៗថា សភាពនេះគ្រាន់តែជាសញ្ញាជាក់ច្បាស់ជាងការណាត់ជួបស្នេហាទៀតនោះ វាស្ដាប់ទៅមិនរ៉ូមែនទិកសោះមែនទេ?

ដើម្បីឱ្យយល់បានកាន់តែច្បាស់ថា អ្វីជាការត្រេកត្រកាលក្នុងកាមនោះ សូមចងចាំថា មនុស្សគឺជាសត្វមួយប្រភេទ ក្នុងចំណោមសត្វមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការរួមភេទដើម្បីភាពស្រណុកសុខស្រួល ជំនួសឱ្យការបង្កាត់ពូជតែម្យ៉ាង។ បុរស និងស្រ្ដី តែងមានអារម្មណ៍ដិតដាមកួចកាញ់ចំពោះបុគ្គលណាម្នាក់ ដោយត្រឹមតែសម្ផស្សរាងកាយ ទោះបីពួកគេគ្មានបំណងប្រាថ្នា ដើម្បីបង្កើតកូនក៏ដោយ។ សេចក្ដីត្រេកត្រអាលចំពោះកាមអាចប្រព្រឹត្ដទៅត្រឹមតែមួយយប់ ឬងប់ងល់ពេកអាចប្រព្រឹត្ដទៅ ច្រើនសប្ដាហ៍ ឬច្រើនខែ។ បើវែកញែកតាមសេចក្ដីពិតនោះ អ្នកអាចត្រេកត្រអាលចំពោះការរួមភេទ​ សូម្បីតែជាមួយមនុស្ស ដែលអ្នកមិនចូលចិត្ដ ដូច្នេះអ្នកមិនចាំបាច់មានអារម្មណ៍ជ្រាលជ្រៅចំពោះមនុស្សណាម្នាក់ ដើម្បីទទួលភាពរីករាយផ្នែក​តម្រេក​ផ្លូវកាយពីគេនោះទេ។ ម្យ៉ាងទៀតអ្នកអាចជ្រប់ងប់នឹងកាមតម្រេកជាមួយមនុស្សណាម្នាក់ ដែលអ្នកចូលចិត្ដបំផុត យ៉ាងតិចក៏មួយរយៈពេលខ្លីដែរ។ ការត្រេកត្រអាលក្នុងកាមជាកម្លាំងដ៏មានអំណាចអាចបំពេញអារម្មណ៍ នៃសេចក្ដីរំភើបសុខស្រួលក្រៃពេក និងអាចប្រើប្រាស់អ្នកបាន។ វាអាចលេងល្បិចកិច្ចកុល និងសម្ដែងល្ខោនចំពោះចិត្ដរបស់អ្នក និងធ្វើឱ្យអ្នកស្រពិចស្រពិលនៅក្នុងការគិត និងការវិនិច្ឆ័យ។ ភាពត្រេកត្រអាលក្នុងកាមអាចធ្វើឱ្យអ្នកជឿ ឬធ្វើឱ្យអ្នកចង់ជឿថាអ្នកបានរកឃើញស្នេហ៍ពិតហើយ ប៉ុន្ដែតាមការពិតអ្វីដែលអ្នករកឃើញនោះ គឺវាគ្រាន់តែតម្រេកផ្លូវកាយប៉ុណ្ណោះ។


រូបតំណាង

អ្វីជាស្នេហាពិត?

ស្នេហាពិត គឺមិនមែនជាការជាប់ជំពាក់ចំពោះសម្ផស្សផ្លូវកាយនោះទេ គឺវាមានលក្ខណៈជ្រាលជ្រៅជាងនេះ។ ស្នេហាពិតគឺជាចំណង​មួយ ដែលត្រូវបានបង្កើតឡើងរវាងមនុស្សពីរនាក់ ដោយផ្នែកលើការគោរពគ្នា ការកោតសរសើរ ភាពស្មោះត្រង់ ការគាំទ្រលើកទឹកចិត្ដ  និងការបំពញចិត្ដ និងអារម្មណ៍។ ត្រង់ចំណុចនេះមានន័យថា យើងត្រូវយកចិត្ដទុកដាក់ខ្វល់ខ្វាយ ចំពោះមនុស្សម្នា្កក់ ឱ្យបានច្រើនជាងខ្លួនឯង។ ដៃគូស្រឡាញ់គ្នាពិតប្រាកដ តែងចែករំលែកគោលដៅជីវិតដូចគ្នា និងប្រឹងប្រែងធ្វើរួមគ្នា ដើម្បីសម្រេច​ឱ្យបាននូវគោលដៅនោះ។ សេចក្ដីស្នេហាពិតតែងពុះពារយកឈ្នះគ្រប់ឧបសគ្គ និងតែងតែរួមបញ្ចូលទាំងការលះបង់ខ្លួន​ឯង​ផងដែរ។ ស្នេហាពិត មានលក្ខណៈមិនដូច ការត្រេកត្រអាលក្នុងកាមនោះទេ គឺវាមិនថយចុះបន្តិចម្ដងៗតាមរយៈពេលវេលាឡើយ ផ្ទុយទៅវិញវាកាន់តែវិវឌ្ឍខ្លាំងក្លា និងជ្រាលជ្រៅឡើងៗ។


រូបតំណាង

ការស្វែងរកស្នេហ៍ពិត

បើពោលចំពោះការស្វែងរក ការរួមភេទដើម្បីបំពេញតម្រេកតណ្ហានោះវាមានលក្ខណៈងាយស្រួល ជាងការស្វែងរកស្នេហាពិត។ មនុស្សស្ទើរតែគ្រប់គ្នាតែងប្រាថ្នាស្វែងរកដៃគូយល់ចិត្ដយល់ថ្លើមគ្នា ពោលគឺមនុស្សដែលពួកគេអាចរួមរស់ជាមួយគ្នា និងមើលថែគ្នារហូតដល់ចាស់។ ប៉ុន្ដែមនុស្សមាន រាប់លាននាក់នៅលើពិភពលោក ដូច្នេះធ្វើដូចម្ដេចអ្នកអាចស្វែងរកមនុស្សពិសេស ដែលអាចបំពេញសេចក្ដីប្រាថ្នាដ៏ជ្រាលជ្រៅរបស់អ្នកអញ្ចឹងបាន? ជាភ័ព្វមិនល្អ មិនមានសៀវភៅ ឬផែនទីណាមួយ ជាមគ្គុទេសដឹកនាំអ្នក ក្នុងគោលដៅស្វែងរកស្នេហាពិតនោះទេ ប៉ុន្ដែអ្នកអាចស្វែងរកជំនួយ បំភ្លឺបានតាមរយៈក្បួនតារាក្នុងហោរាសាស្រ្ដ។ មនុស្សគ្រប់រូបកើតមកតែងនាំមកនូវបុគ្គលិកលក្ខណៈជាក់លាក់ណាមួយមកជាមួយ នេះបើយោងតាមក្បួនហោរាសាស្រ្ដ ដែលបញ្ជាក់ពីលក្ខណៈនៅពេលមនុស្សនោះកើតមក។ ចំណុចនេះជាប្រការសំខាន់ ដែលមនុស្សតែងតែមើលរំលង នៅពេលស្វែងរកស្នេហាពិត។ អ្នកអាចកត់សម្គាល់ថា អ្នកជាប់ចិត្ដឈ្លក់វង្វេងនិងកាមតម្រេក ឬចុះសម្រង់នឹងការរួមភេទដោយសញ្ញាជាច្រើន ប៉ុន្ដែអ្នកនឹងមិនចុះសម្រង់ផ្នែកអារម្មណ៍ និងចិត្ដចំពោះវាគ្រប់យ៉ាងនោះទេ។ វាអាចគ្រាន់តែជាការលេងសើច និងការរំភើប សប្បាយផ្ដេសផ្ដាសប៉ុណ្ណោះ ប៉ុន្ដែវានឹងមិនធ្វើឱ្យអ្នកក្លាយជាដៃគូដ៏ល្អនឹងគ្នា សម្រាប់សម្ព័ន្ធភាពយូរអង្វែងនោះទេ។ វាជាការការយល់ច្រឡំទាំងស្រង់!!

ជាភ័ព្វល្អ គ្រូទាយដែលបានហាត់រៀនក្បួនហោរាសាស្រ្ដ អាចដឹកនាំអ្នកយ៉ាងមានសុវត្ថិភាពឆ្លងកាត់ការភ័ន្ដច្រឡំ ជួយអ្នកក្នុងការបែងចែករវាងស្នេហា និងតម្រេកតណ្ហា និងជួយអ្នកក្នុងការស្វែងរកមិត្ដ ១០០ឆ្នាំ។  គ្រូទាយអាចទាយជោគជតារបស់អ្នក និងគូស្នេហ៍របស់អ្នក ថាតើសម្ព័ន្ធភាពរបស់អ្នកទាំងពីរ អាចមានឱកាសវិវត្ដន៍ទៅរកស្នេហាពិត ឬក៏អត់។ វិធីនេះមិនត្រឹមតែអាចប្រាប់អ្នកពីអ្វីៗ អំពីដៃគូរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចឱ្យអ្នកប្រើពេលវេលាគ្រប់គ្រាន់ ក្នុងការស្វែងរកមិត្ដ ១០០​ឆ្នាំទៀតផង៕


ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ lovepanky.com


Tags: Health news