(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក តារាសម្ដែង ប៉ែន ចំរ៉ុង បានចូលខ្លួនមកបំភ្លឺ នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ តាមពាក្យបណ្ដឹង របស់ខ្លួនដែលបានប្ដឹងសុំ លែងលះប្រពន្ធ គឺអ្នកនាង ភិន សុដាលីស កាលពីអំឡុងមុន ពិធីបុណ្យចូលឆ្នាំថ្មី ។ ជាមួយគ្នានេះ តារាសម្ដែងល្បីឈ្មោះ កំពុងតែត្រៀមខ្លួន ក្លាយជាស្រ្តីមេម៉ាយ ទាំងក្មេងវ័យ អ្នកនាង ភិន សុដាលីស ក៏បានចូលមកកាន់សាលាដំបូង រាជធានីភ្នំពេញ តាមការកោះអញ្ជើញ របស់មន្រ្តីតុលាការដែរ នៅព្រឹកជាមួយគ្នានេះ ដើម្បីឆ្លើយបំភ្លឺជុំវិញបណ្ដឹង សុំលែងលះ របស់លោកប្ដីហេងស៊យ គឺលោក ប៉ែន ចំរ៉ុង ។
ពេលកំពុងសាកសួរ និងក្រោយពីសាកសួរចប់ គេបានសង្កេតឃើញថា មានអ្នកកាសែតកំពុងតែ ឈរចាំឲ្យរហង់ នៅខាងមុខទ្វារ និងនៅចំហៀង នៃសាលាដំបូងរាជធានៅភ្នំពេញ ដើម្បីផ្ដិតយករូបភាព និងធ្វើការសាកសួរដោយផ្ទាល់ ពីសំណាក់តារាសម្ដែង ទាំងពីរដួងនេះ ។ ប៉ុន្តែសម្រាប់តារាសម្ដែង ភិន សុដាលីស គ្រាន់តែឃើញអ្នកកាសែតចាំសួរ និងថតរូបនាងផងនោះ បានធ្វើឲ្យនាង ហាក់ភិតភ័យឈររេរា មិនចង់ចេញពីក្នុងសាលាដំបូងឡើយ។ ខណៈដែលតារាសម្ដែង មានឈ្មោះជាព្រាននារី លោក ប៉ែន ចំរ៉ុង បានចេញតាមទ្វារក្រោយ អមដោយលោកមេធាវីម្នាក់ និងបងប្រុសរបស់លោក គឺលោក ប៉ែន រស់ ។
ភិន សុដាលីស បានធ្វើដំណើរចូល ក្នុងឡានយ៉ាងលឿន ជាមួយនឹងទឹកមុខស្រងូតស្រងាត់ ដោយមិនបាននិយាយស្ដី ឬផ្ដល់បទសម្ភាសន៍អ្វី ដល់អ្នកកាសែតនោះទេ ខណៈដែលលោក ប៉ែន ចំរ៉ុង បាននិយាយដោយខ្លីថា លោកបានប្រគល់រឿងនេះ ឲ្យទៅតុលាការជាអ្នកចាត់ចែងហើយ លោកគ្មានអ្វីដែលត្រូវនិយាយទៀតទេ រួចក៏បានដើរឆ្លងផ្លូវ ដើម្បីទៅកន្លែង រថយន្តយ៉ាងលឿន។
សូមបញ្ជាក់ថា មុខនឹងចូលមកកាន់សាលាដំបូង រាជធានីភ្នំពេញ តាមការកោះហៅនេះ អ្នកនាង ភិន សុដាលីស បានបញ្ចេញប្រាប់ ពីអារម្មណ៍ឈឺចាប់ ឲ្យមហាជនបានដឹង បន្ទាប់ពីរឿងនេះ បានបែកធ្លាយជាង១ខែមកហើយ ។ ជាមួយគ្នានឹងការបញ្ចេញ អារម្មណ៍ឈឺចាប់គួរឲ្យអាណិតនេះ ភិន សុដាលីស ក៏បានសារភាពថា នាងកំពុងមានកូនក្នុងផ្ទៃ ហើយរំពឹងថា ភាពឈឺចាប់នេះ នឹងរសាត់អណ្ដែតចេញពីនាង តាមពេលវេលា ក្នុងពេលឆាប់ៗនេះ។
ក្នុងសារដែល ភិន សុដាលីស បង្ហាញឲ្យមហាជនដឹង ជាលើកដំបូង នៅពេលនេះ នាងបានសរសេរថា «សុំទោសចំពោះការបាត់មុខ តែយ៉ាងណាក៏ដោយ ក៏អរគុណចំពោះការតេ និងផ្ញើរសារលើកទឹកចិត្ត ក៏ដូចជារាល់ comments ទាំងអស់ ។ ខ្ញុំពិតជាសុំទោសណាស់ ដែលខ្ញុំមិនអាចធ្វើការឆ្លើយតប ឬចូលអានភ្លាមៗនៅពេលនោះ ។ អ្នកខ្លះក៏បានធ្វើការតបត ទៅលើ comments និង share អាក្រក់ៗមកលើរូបខ្ញុំ ខ្ញុំពិតជាអរគុណណាស់ អរគុណដែលបានប្រាប់ឲ្យខ្ញុំរឹងមាំ និងអរគុណចំពោះការស្រឡាញ់ មកលើកូនរបស់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នា នៅក្បែរមិនធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ឯកា!» ។
ស្រីស្រស់ ភិន សុដាលីស បានសសេរបន្តទៀតថា «វាពិតជាគ្រប់គ្រាន់ណាស់ហើយ សម្រាប់ខ្ញុំ ដែលខ្ញុំ និង កូនខ្ញុំត្រូវបានគេស្រឡាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញ ចំពោះក្តីស្រឡាញ់មួយនេះ ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើឲ្យការឈឺចាប់មួយនេះ ជាសះស្បើយ »៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង