CamNews

ព័ត៌មានអន្តរជាតិ 

ពិតជាមិនធម្មតា! ចិននឹងរំដោះប្រជាជនរបស់ខ្លួនជាង១០លាននាក់ឱ្យរួចផុតពីភាពក្រីក្រ នៅឆ្នាំ ២០១៨

ចិន ៖ លោក លី កឺឈាង  នាយករដ្ឋមន្ត្រីចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងកាត់បន្ថយភាពក្រីរបស់ប្រជាជន នៅតាមជនបទឱ្យបានលើសពី ១០ លាននាក់ក្នុងនោះរួមមានប្រជាជន ២,៨ លាននាក់ ដែលនឹងត្រូវផ្លាស់ប្តូរទីលំនៅពីតំបន់គ្មានផាសុកភាពផងដែរ។

លោក លី បាននិយាយ នៅពេលថ្លែងពីរបាយការណ៍ការងាររបស់រដ្ឋាភិបាល នៅឯសម័យប្រជុំសភាប្រចាំឆ្នាំថា កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រនេះ នឹងត្រូវបានអនុវត្តតាមរយៈការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក វិស័យអប់រំ និងការថែទាំសុខភាព។

ប្រទេសចិន នឹងប្រឹងប្រែងបន្ថែមទៀតដើម្បីគាំពារដល់តំបន់ ដែលរងផលប៉ះពាល់ដោយភាពក្រីក្រខ្លាំង ហើយមូលនិធិកាត់បន្ថយភាពក្រីក្រថ្មីរបស់ធនាគារកណ្តាល និងប្រាក់ផ្ទេរដែលពាក់ព័ន្ធ នឹងត្រូវបានយកគិតគូរដល់វិស័យទាំងនេះ។

លោក លី បាននិយាយថា ប្រទេសចិន នឹងរៀបចំវិធានការចូលឱ្យដល់បុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗដើម្បីធានាថា ប្រជាជនក្រីក្រពិតប្រាកដ ដែលរួមមានជនចាស់ជរា ជនពិការ និងអ្នកដែលមានជំងឺធ្ងន់ធ្ងរ ទទួលបានជំនួយ ដែលពួកគេត្រូវការ។

លោកបាននិយាយថា គោលនយោបាយផ្តល់ជំនួយសង្គ្រោះ នឹងមិនផ្លាស់ប្តូរឡើយសម្រាប់អ្នក ដែលបានរួចផុតពីភាពក្រីក្រ នៅពេលដែលយុទ្ធនាការនេះនៅតែបន្ត ហើយប្រជាជនក្រីក្រថ្មី និងប្រជាជន ដែលធ្លាក់ចូលក្នុងភាពក្រីក្រសារជាថ្មី នឹងទទួលបានការគាំពារភ្លាមៗ។

លោកនាយករដ្ឋមន្ត្រី បានសន្យាថា រដ្ឋាភិបាលនឹងចាត់វិធានការគោលដៅប្រឆាំងនឹងអំពើពុករលួយ និងកំហុសវិជ្ជាជីវៈ ក្នុងគម្រោងកាត់បន្ថយភាពក្រីក្រនេះ។

លោក បានបន្ថែមថា ប្រទេសចិននឹងបន្តអនុវត្តតាមបទដ្ឋាននៃការកាត់បន្ថយភាពក្រីក្រនាពេលបច្ចុប្បន្ន និងធានាថា ការកាត់បន្ថយភាពក្រីក្រ នឹងរីកចម្រើនតាមការគ្រោងទុក និងបំពេញបានតាមស្តង់ដារទាំងអស់ ៕


លោក លី កឺឈាង នាយករដ្ឋមន្ត្រីចិន បានផ្តល់របាយការណ៍ការងាររបស់រដ្ឋាភិបាល នៅឯការបើកសម័យប្រជុំលើកដំបូងនៃសមាជប្រជាជនជាតិលើកទី ១៣ នៅមហាវិមានប្រជានុរាស្រ្ដ(Great Hall of the People) នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៨ ។ រូបភាពស៊ីនហួរ


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Xinhau


Tags: International news