ក្រុង MOSCOW៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទសហរដ្ឋអាមេរិកថា បានអភិវឌ្ឍកម្មវិធី Hack ទិន្នន័យ ជាកម្មវិធី ដែលប្រើសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិតទូទាំងពិភពលោក ដោយធ្វើឱ្យគាំងម៉ាស៊ីនកុំព្យូទ័រ រួមទាំងម៉ាស៊ីនកុំព្យូ័រ ដែលភ្នាក់ងារអនុវត្ដច្បាប់រុស្ស៊ីប្រើទៀតផង។
ថ្លែង នៅឯសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីសន្និសីទកាសែតស្ដីពីសេដ្ឋកិច្ច នៅឯប្រទេសចិន លោក Putin បានប្រាប់អ្នកកាសែតថា ប្រទេសរុស្ស៊ី ពុំមានវិធីដោះស្រាយជាមួយនឹងប្រភេទ WannaCry Virus ឡើយ ដែលត្រូវបានគេរាយការណ៍ថា WannaCry virus នេះ ប្រើបច្ចេកទេសវាយលុកចូល ដែលអភិវឌ្ឍដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។
កូដប្រើសម្រាប់លួចយកទិន្ន័យ( Hack) របស់សហរដ្ឋអាមេរិក បានបញ្ចេញឱ្យដឹង នៅក្នុងការ លេចធ្លាយមួយ ដោយក្រុមលួចយកទិន្ន័យអនឡាញ ដែលបានប្រកាសអត្ដសញ្ញាណរបស់ខ្លួនឯងថា ជាក្រុម Shadow Brokers ។
មនុស្សមួយចំនួន មានការសង្ស័យថា ប្រទេសរុស្ស៊ី គឺជាអ្នកនៅពីក្រោយក្រុម Shadow Brokers នេះ ប៉ុន្តែមិនមានភស្តុតាងជាក់លាក់ណាមួយ ដើម្បីគាំទ្រការអះអាងបែបនេះនោះទេ។
លោក ពូទីន បាននិយាយថា៖ "ទាក់ទងទៅនឹងប្រភពនៃការគំរាមកំហែងទាំងនេះ ខ្ញុំជឿថា ក្រុមហ៊ុន Microsoft បាននិយាយដោយផ្ទាល់អំពីបញ្ហានេះ»។ «ពួកគេបាននិយាយថា ប្រភពដំបូងនៃមេរោគនេះ គឺជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។ ប្រទេសរុស្ស៊ី ពិតជាគ្មានដំណោះស្រាយ ចំពោះបញ្ហានេះ នោះទេ "។
មេរោគ ដែលគេស្គាល់ថា ransomware ចាក់សោឯកសារកុំព្យូទ័រ និងផុសចេញនូវតម្រូវការឱ្យបង់ប្រាក់ ដោយប្រព័ន្ធរូបិយប័ណ្ណឌីជីថលអនឡាញ ( online currency bitcoin )។ មេរោគនេះវាយប្រហារជាលើកដំបូង កាលពីថ្ងៃសុក្រ និងបានរីករាលដាលទៅកាន់ជាង ១៥០ ប្រទេសប៉ុន្តែទីផ្សារហិរញ្ញវត្ថុសកល បានបញ្ចៀសបញ្ហាធំនេះ ពេញមួយថ្ងៃនៃការជួញដូរ នៅថ្ងៃចន្ទនេះ។
លោក Tom Bossert ទីប្រឹក្សាសន្តិសុខរបស់លោកប្រធានាធិបតី Trump ប្រចាំសេតវិមាន បានឱ្យដឹងកាលពីថ្ងៃចន្ទថា នាពេលនេះ ការវាយប្រហារអ៊ីនធឺណិតគឺស្ថិត "ក្រោមការគ្រប់គ្រង" បានល្អណាស់ នៅសហរដ្ឋអាមេរិក។ ប៉ុន្តែលោក Bossert បានប្រាប់កម្មវិធី "Good Morning America" របស់ទូរទស្សន៍ ABC ថា មេរោគនេះគឺជា«ការគំរាមកំហែងធ្ងន់ធ្ងរបំផុត "និងអាចនាំឱ្យមានការវាយប្រហារដើម្បីចម្លងយកទិន្ន័យ( copycat) ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Washington