CamNews

ព័ត៌មានអន្តរជាតិ 

សង្ស័យគំនុំរឿងចាញ់ក្ដី ខ្មាន់កាំភ្លើងម្នាក់សម្រុកចូលការិយាល័យព័ត៌មាន បាញ់អ្នកកាសែតស្លាប់ ៥ នាក់

ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារ នៅឯការិយាល័យកាសែតក្នុងស្រុកមួយ នារដ្ឋ Maryland ដោយបានសម្លាប់បុគ្គលិកកាសែត ៥ នាក់ និងធ្វើឱ្យបុគ្គលិកជាច្រើននាក់ផ្សេងទៀតរងរបួស នៅក្នុងអ្វីដែលប៉ូលិសនិយាយថា ជាការវាយប្រហារប៉ុនប៉ងទុកជាមុន។

បុគ្គលិកនៅការិយាល័យកាសែត Capital Gazette នៅតំបន់ Annapolis បាននិយាយថា អ្នកវាយប្រហារដែលប្រដាប់ដោយកាំភ្លើងគ្រាប់ប្រាយ​ និងគ្រាប់បែកផ្សែង បានបាញ់រះកាត់កញ្ចក់ ចូលទៅក្នុងបន្ទប់ព័ត៌មាន។

ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានហៅឈ្មោះជនសង្ស័យម្នាក់ ដែលត្រូវបានចាប់ខ្លួនដោយប៉ូលីសថា Jarrod Ramos ដែលត្រូវបានគេរាយការណ៍ថា បានប្តឹងចាញ់ក្រុមកាសែតនេះ ក្នុងឆ្នាំ  ២០១២ ពីបទបរិហារកេរ្តិ៍។


ពួកគេបាននិយាយថា ជនសង្ស័យម្នាក់ អាយុប្រហែល ៣០ ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួន យកទៅឃុំ នៅកន្លែងកើតហេតុ និងកំពុងត្រូវបានសួរចម្លើយ។ ក្រុមអ្នកស៊ើបអង្កេត បាននិយាយសំដៅទៅលើការគំរាមកំហែង "បែបហឹង្សា" ដែលត្រូវបានធ្វើឡើងប្រឆាំងនឹងកាសែត Capital Gazette តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក William Krampf ស្នងការនគរបាលរង នៃស្នងការនគរបាល Anne Arundel County បាននិយាយថា៖ "នេះគឺជាការវាយប្រហារប៉ុនប៉ងទុកជាមុនមកលើកាសែត Capital Gazette " ។ លោកបានបន្ថែមថា ខ្មាន់កាំភ្លើងបានចូលក្នុងអាគារ ប្រដាប់ដោយកាំភ្លើងមួយដើម ហើយបានស្វែងរកជនរងគ្រោះ ខណៈដែលគាត់ ដើរនៅជាន់ក្រោម ។

អភិបាលខោនធី លោក Steve Schuh បានប្រាប់ CNN ថា ជនសង្ស័យ បានលាក់ខ្លួន នៅក្រោមតុមួយ ក្នុងអគារ នៅពេលមន្រ្តីប៉ូលីសបានមកដល់ "ក្នុងរយៈពេល ៦០ វិនាទី" នៃការទទួលបានព័ត៌មាននៃឧប្បត្តិហេតុនេះ។

Capital Gazette បានបោះពុម្ភផ្សាយកាសែតក្នុងស្រុកមួយចំនួនរួមទាំងកាសែតប្រចាំថ្ងៃ ដែលមានឈ្មោះថា The Capital ដែលមានប្រវត្តិបោះពុម្ភផ្សាយតាំងពីឆ្នាំ ១៨៨៤ ។ Capital Gazette ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Baltimore Sun Media Group ។

ក្រុមប៉ូលីស Baltimore Sun បានរាយការណ៍ថា ប៉ូលិស បានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់ជនសង្ស័យ Ramos កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារនេះ។ សេចក្តីថ្លែងការណ៍មួយ បាននិយាយថា ជនសង្ស័យដែលរងការចោទប្រកាន់នេះមាន "ជម្លោះដ៏យូរអង្វែង"មកហើយជាមួយការសែត The Capital លើរបាយការណ៍ឆ្នាំ ២០១១ អំពីបទល្មើសគំរាមកំហែងមួយប្រឆាំងនឹងជនសង្ស័យ។

ជនរងគ្រោះ ត្រូវបានកំណត់អត្តសញ្ញាណដោយប៉ូលីសដូចខាងក្រោម៖
• Wendi Winters អាយុ ៦៥ ឆ្នាំ ជាអ្នកយកព័ត៌មាន
• Rebecca Smith អាយុ ៣៤ ឆ្នាំ ជាជំនួយការផ្នែកលក់
• Robert Hiaasen អាយុ ៥៩ ឆ្នាំ ជានិពន្ធនាយក
•លោក Gerald Fischman អាយុ ៦១ ឆ្នាំ ជាអ្នកនិពន្ធបទវិចារណកថា
• John McNamara អាយុ ៥៦ ឆ្នាំ ជាអ្នកយកព័ត៌មាន និងជាអ្នកកែសម្រួល

ថ្លែងទៅកាន់អ្នកយកព័ត៌មាន លោក Krampf បាននិយាយថា វត្ថុមួយដែលយើងជឿថា ជាគ្រឿងផ្ទុះ ត្រូវបានគេរកឃើញនៅក្នុងបរិវេណអាគារ និងត្រូវបានបំផ្លាញចោល។ លោកបាននិយាយថា វត្ថុនោះត្រូវបានគេកំណត់បានថា ជាគ្រាប់បែកផ្សែង។

លោកបានបន្ថែមថា មនុស្សជាង ១៧០ នាក់ត្រូវបានគេនាំខ្លួនចេញពីអាគារ ដោយសុវត្ថិភាព ជាកន្លែង ដែលមានអាជីវកម្មផ្សេងទៀត ដំណើរការរួមជាមួយ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ប៊ីប៊ីសុី


Tags: International news