CamNews

កំសាន្ត 

ណុប បាយ៉ារិទ្ធ ត្រូវគេលួចសរសើរ លើការប្រើពាក្យពេចន៍ ក្នុងកម្មវិធី "The Voice Cambodia"

ភ្នំពេញ៖ តារាចម្រៀងល្បីល្បាញ លោក ណុប បាយ៉ារិទ្ធ កំពុងតែលេចធ្លោរ មិនតិចទេ ក្នុងពេលបានតំណែងជាគ្រូបង្វឹកក្នុងកម្មវិធី The Voice Cambodia ព្រោះកម្មវិធីនេះ ជាកម្មវិធីមួយល្បីល្បាញខ្លាំង សម្រាប់មិត្តយុវវ័យ នៅក្នុងប្រទសកម្ពុជា។ អ្វីដែលសំខាន់ កម្មវិធី The Voice Cambodia មិនត្រឹមតែល្បីល្បាញ ទទួលបានការកោតសរសើរទេ តែសំឡេងនៃការរិះគន់ ក៏មិនតិចដែរ ព្រោះ ជាប្រពៃណីទៅហើយ សម្រាប់ប្រជាជន កម្ពុជាមួយចំនួនតូច ដែលចូលចិត្តនិយាយ រិះគន់បែបជាន់ពន្លិច ។ បើគិតពីភាពល្បីល្បាញ របស់ លោក ណុប បាយ៉ារិទ្ធ មិនអាចតាមទាន់ លោក ឆន សុវណ្ណរាជ និង ព្រាប សុវត្ថិ ទេ គួបផ្សំនឹងការមិនសូវមាន បទចម្រៀងចេញច្រើន លើទីផ្សារបទចម្រៀងនាំឲ្យលោក កាន់តែស្ងប់ស្ងាត់ ។

ថ្វីដ្បិត ណុប បាយ៉ារិទ្ធ ហាក់ស្ងប់ស្ងាត់ ដូចរលកស្ងប់ខ្យល់ តែមិនមែនមានន័យថា លោក កំពុងតែដេកដួល ទៅតាមអ្វី ដែលទស្សនិកជន មើលឃើញឡើយ ខណៈដែល ណុប បាយ៉ារិទ្ធ ត្រូវបានគេសង្កេតឃើញថា បានក្លាយជា Coach (គ្រូបង្វឹក) ដ៏លេចធ្លោរម្នាក់ របស់កម្មវិធី The Voice Cambodia ព្រោះគ្រប់ពាក្យពេចន៍ ដែលលោកបាននិយាយចេញ ពីក្រអូមមាត់ គឺជាពាក្យ ដែលមានអត្ថន័យគ្រប់គ្រាន់ សម្រាប់បេក្ខជនប្រឡង អាចយកទៅត្រិះរិះពិចារណា ចំពោះចំណុចខ្វះខាតរបស់ខ្លួន ឡើងវិញ ពិសេសលោកមានពាក្យសរសើរ និង លើកទឹកចិត្តជាច្រើន អាចធ្វើឲ្យ បេក្ខជន-បេក្ខនារី ធ្លាក់ទាំងអស់ចិត្ត ។

ទស្សនិកជនម្នាក់ បាននិយាយប្រាប់គេហទំព័រ LookingTODAY ថា គេមិននឹកស្មានថា តារាចម្រៀងប្រុសម្នាក់នេះ មានពាក្យពេចន៍ និយាយបានល្អៗ ដល់កម្រិតនេះទេ ព្រោះកន្លងមកគេឃើញតែលោក ឡើងច្រៀងរួចក៏និយាយ ពីបីមាត់ ក៏ចុះពីលើឆាកវិញ គ្មានអ្វីដែលគួរឲ្យកត់សម្គាល់ទេ ។ តែសម្រាប់កម្មវិធី" The Voice Cambodia" លោក ណុប បាយ៉ារិទ្ធ បាននិយាយបកស្រាយយ៉ាងច្បាស់លាស់ថា បេក្ខជនខ្វះខាតអ្វី ពិតប្រាកដ ដូចជាសំឡេងញ័រ ច្រៀងឡើងមិនដល់តុង ឬក៏ភ័យពេក ខ្វះមនោសញ្ចេតនា ក្នុងបទចម្រៀង ជាដើម ។

ការនិយាយស្ដី របស់លោក ណុប បាយ៉ារិទ្ធ គឺហាក់ខ្លាំងជាង ឱក សុគន្ធកញ្ញា ទៅទៀត ហើយពិតជាស័ក្តិសម ជាគ្រូបង្វឹកពិតៗ របស់ The Voice Cambodia បើទោះជាប្រជាប្រិយភាព លោករាងខ្សត់ខ្សោយ បន្តិចក៏ដោយ ។ចំណែកតារាចម្រៀងស្រី រួមទ្រនំម្នាក់ផ្សេងទៀត ក៏បាននិយាយដែរថា ណុប បាយ៉ារិទ្ធ ពិតជាស័ក្តិសមហើយ សម្រាប់ ធ្វើជាគ្រូបង្វឹក ព្រោះលោកមានសំឡេងល្អ ពិសេសបទអ្វី ក៏លោកច្រៀងបាន មិនថាសម័យឬបុរាណ សុំសរសើរ ចំពោះការនិយាយ ទៅកាន់បេក្ខជនប្រឡង និងអត្តចរិត របស់លោក ក្នុងកម្មវិធី ។

ថ្វីដ្បិតតែកន្លងមក លោក ណុប បាយ៉ារិទ្ធ ហាក់ជួបរឿងមិនសូវជាល្អ ពើបប្រទះនឹងការរិះគន់ មិនសំចៃមាត់ រឿងការយកស្ទីល ពីតារាចម្រៀងកូរ៉េ ឬក៏រឿងក្ដីក្ដាំង ជាមួយមេធាវី ដោយសារពាក្យសម្ដី ក្នុងហ្វេសបុក ក៏លោកហាក់មិនសូវឈឺក្បាលហាលថ្ងៃនោះឡើយ អ្វីដែលសំខាន់ លោកនៅតែបំពេញតួនាទី បានល្អដូចដើម ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh