នៅក្នុងសហគមន៍ Aldie រដ្ឋ Virginia ដែលធ្វើដំណើរដោយរថយន្ដប្រើពេលប្រហែល ១ ម៉ោងពីទីប្រជុំជននៃក្រុងវ៉ាស៊ីនតោន អាគារ ដែលមានស្លាកយីហោ”លក់រាយ” និងស្លាកយីហោ”ស្ថាបនាលំនៅឋាន” ដ៏ធំបំផុត កំពុងសហការគ្នាលក់ ដែលអាចផ្តល់ផលប្រយោជន៍ទាំងសងខាង នៅក្នុងវិធីមួយដ៏ឆ្លាតវៃបំផុត។
ក្រុមហ៊ុន Amazon កំពុងបើកសាលតាំងបង្ហាញសាកល្បងជាច្រើនកន្លែង នៅក្នុងលំនៅឋានឆ្លាតវៃរបស់ក្រុមហ៊ុន Lennar ។ វា គឺជាយុទ្ធសាស្រ្តតាំងបង្ហាញ និងលក់ព្រមពេលគ្នាតែមួយក្នុងវិស័យលំនៅឋាន ដែលមានផលិតផលលំនៅឋានឆ្លាតវៃ និងសេវាកម្មសំខាន់ៗ ដែលអាចបំពាក់ប្រើជាមួយគ្នាបាន។
ក្រុមហ៊ុន Amazon, Google, Apple ដែលជាក្រុមហ៊ុនផ្ដោតសំខាន់លើបច្ចេកវិទ្យា កំពុងចាប់ផ្តើមគិតអំពីលំនៅឋានថា ជាចំណុចស្នូល ដែលពួកគេ អាចបំពាក់ផលិតផលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនាពេលអនាគត និងរិះរកវិធី ដើម្បីគ្រប់គ្រងលើផលិតផលបច្ចេកវិទ្យាទំនើបរបស់ខ្លួនបាន នេះបើតាមសម្តីរបស់លោក Stuart Miller ប្រធានក្រុមហ៊ុន Lennar ។ លោកថា៖ "ស្វ័យប្រវត្តិកម្មផ្នែកលំនៅឋាន គឺជាចំណុចទាក់ទាញមួយ“។
លំនៅឋានថ្មីរបស់ក្រុមហ៊ុន Lennar ឥឡូវនេះទទួលបានលិខិតអនុញ្ញាតឱ្យបំពាក់ WiFi ដែលមានន័យថា អ៊ីនធឺណិត ត្រូវបានភ្ជាប់នៅតាមជញ្ជាំង និងកម្រាលឥដ្ឋ ដូច្នេះ គ្មានចំណុចណា ដែលពុំមានបណ្ដាញអ៊ីនធឺណិតនោះទេ។
លោក Miller បន្ថែមថា៖ «ខ្ញុំគិតថា ប្រព័ន្ធ Wifi នេះ គឺជាមូលដ្ឋានគ្រឹះ ផ្សាភ្ជាប់នឹងអ្វី ដែលសំខាន់បំផុត ហើយខ្ញុំគិតថា ប្រព័ន្ធស្វ័យប្រវត្តិថ្មីនេះ គឺយើងអាចបង្កើតបាន និងអនុញ្ញាតឱ្យយើងដឹងពីរបៀប ដែលវាដំណើរការ»។ ហើយប្រព័ន្ធនេះ ធ្វើឱ្យលំនៅឋានក្លាយជាសាលតាំងបង្ហាញដ៏ល្អឥតខ្ចោះ សម្រាប់ក្រុមហ៊ុន Amazon ដែលជាម្ចាស់ក្រុមហ៊ុនលំនៅឋានឆ្លាតវៃដូចជាកណ្ដឹងរោទិ៍ឆ្លាតវៃជាអាទិ៍ ព្រមទាំងលក់ផលិតផលលំនៅឋានឆ្លាតវៃរាប់រយមុខផ្សេងទៀត ដែលភាគច្រើន អាចត្រូវដាក់ឱ្យដំណើរការដោយប្រព័ន្ធ Alexa ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Amazon ។
លោក Nish Lathia អ្នកគ្រប់គ្រងទូទៅផ្នែកសេវាកម្មរបស់ Amazon បាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ "យើងចង់ឱ្យអតិថិជន ទទួលបានបទពិសោធន៍នៃបរិយាកាសរស់នៅពិតប្រាកដ ដែលបង្ហាញពីភាពងាយស្រួលនៃលំនៅឋានឆ្លាតវៃ ជាបរិយាកាសដ៏អស្ចារ្យ ដែលអាចដំណើរការដោយសេវា Prime និង Home Services" ។ "ក្រុមហ៊ុន Lennar ផ្តល់នូវសក្តានុពលក្នុងការបើកដំណើរការបទពិសោធន៍ដ៏ថ្មីសន្លាងនេះ ដែលអាចទាក់ទាញអតិថិជនរាប់លាននាក់យ៉ាងងាយស្រួល " ។
ដូច្នេះក្រុមហ៊ុន Amazon ទទួលបានសាលដាក់តាំងបង្ហាញលំនៅឋានពិតប្រាកដ នៅទូទាំងប្រទេស (បច្ចុប្បន្នមានសាលតាំងបង្ហាញចំនួន ១៤ ប៉ុន្ដែក្រុមហ៊ុននេះ នឹងពង្រីកបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ) ហើយក្រុមហ៊ុន Lennar ទទួលមនុស្សចូលទស្សនា ដែលអាចមកសាកល្បងបច្ចេកវិទ្យាថ្មីនេះបាន។
ក្រៅពីលំនៅឋាន និងផលិតផលទាំងនោះ ក្រុមហ៊ុនទាំងពីរ ក៏កំពុងតែលក់សេវាកម្មផងដែរ។ ក្រុមហ៊ុន Amazon បានបើកដំណើរការផ្នែកសេវាកម្មលំនៅឋានរបស់ខ្លួន នៅឆ្នាំ ២០១៥ ដែលមិនត្រឹមតែផ្តល់ជូនអតិថិជននូវការដំឡើងបច្ចេកវិទ្យាលំនៅឋានឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ដល់សេវាគ្រប់យ៉ាង រាប់តាំងពីការសម្អាតផ្ទះ រហូតដល់ការរចនាកែលម្អផ្ទះ។ ក្រុមហ៊ុន Lennar កំពុងផ្តល់ជូននូវសេវាកម្មបច្ចេកវិទ្យារបស់ Amazon រយៈពេល ៩០ ថ្ងៃ សម្រាប់អតិថិជន ដែលទិញលំនៅឋានដ៏ទំនើបរបស់ក្រុមហ៊ុន Lennar ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ CNBC