ព័ត៌មានកីឡា៖ កាលពីថ្ងៃពុធកន្លងទៅ កីឡាការិនី Ronda Rousey បានគ្រងដំណែងម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំនៅអាមេរិក ESPY ខណៈដែលមានសមាសភាពកីឡាករចូលរួមប្រជែង ជាច្រើននាក់ ក្នុងនោះបូករួមទាំង កីឡាករប្រដាល់មុខឌឺ Floyd Mayweather ផងដែរ ។ ឆ្លៀតក្នុងឱកាសដ៏ប្រសើរបំផុតនោះ កីឡាការិនី Ronda Rousey ក៏បានលាតត្រដាងនូវរឿងជាច្រើន ទាក់ទងទៅនឹង អតីតកាល ទំនាស់គ្នារវាង Floyd នឹងរូបកញ្ញា ពោលក្នុងឱកាស អ្នកទាំងពីរត្រូវបានឈរឈ្មោះ បោះឆ្នោតជ្រើសរើស ជាកីឡាករឆ្នើម។
កីឡាការិនី Ronda Rousey បានបកស្រាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា " ខ្ញុំពិតជាមានអារម្មណ៍រំភើបភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយពីមើលឃើញលទ្ធផលបែបនេះ ហើយខ្ញុំក៏ចង់ដឹងដែរថាតើ Floyd មានអារម្មណ៍យ៉ាងម៉េច នៅពេលពានរង្វាន់មួយនេះត្រូវធ្លាក់ក្នុងកណ្ដាប់ដៃមនុស្សស្រី ខ្ញុំចង់ឲ្យគាត់យល់ និងមើលឃើញឲ្យច្បាស់នឹងភ្នែក ថាខ្ញុំជានរណា ដែលកន្លងមក គាត់មិនទាន់ស្គាល់ខ្ញុំនៅឡើយទេ ព្រោះកាលដែល ខ្ញុំចាំច្បាស់ គាត់ធ្លាប់ ត្រូវបានអ្នកការសែត សួរគាត់ថា ប្រសិនជាពានរង្វាន់នេះ ត្រូវធ្លាក់ក្នុងដៃ Ronda Rousey តើគាត់គិតយ៉ាងម៉េចដែរ?....ប៉ុន្ដែក្នុងឱកាសពេលនោះ គាត់បែរជាសួរទៅកាន់អ្នកការសែតវិញថា តើ Ronda Rousey គឺជានរណា? ខ្ញុំមិនដែលស្គាល់ទេ...។ ទាំងនេះ សរបង្ហាញឲ្យច្បាស់ណាស់ថា គាត់មិនធ្វើជាមិនស្គាល់ខ្ញុំ ហើយចាត់ទុកខ្ញុំដូចជាមនុស្សសំរាម ។ ខ្ញុំរង់ចាំពេលនេះជាយូរមកហើយ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតមកទល់ពេលនេះ ក្ដីស្រម៉ៃរបស់ខ្ញុំក៏ក្លាយជាការពិត ហើយក៏ជាពេលដែលល្អបំផុត ដែលត្រូវ បើកភ្នែក Floyd ឲ្យមើលឃើញ និងស្គាល់ខ្ញុំច្បាស់ថាខ្ញុំជានរណា ។
កីឡាការិនី Ronda Rousey ក៏ស្រាប់តែមានទំនាក់ទំនងមិត្ដភាព និងកោតសរសើរ លោក Mike Tyson ជាខ្លាំង ខណៈដែលកញ្ញាបានលើក ឡើងពីទង្វើល្អៗប្រៀបធៀបគ្នាទៅនឹង ទង្វើរបស់ Floyd ដែលត្រូវបានទទួលស្គាល់ អស់យៈពេលជាច្រើនឆ្នាំកន្លងមក ។
Ronda Rousey បានបន្ថែមទៀតថា ខ្ញុំយល់ថា មានឱកាសមួយដែលគាត់អាចផ្លាស់ប្ដូរទំលាប់អាក្រក់របស់គាត់បាន ប៉ុន្ដែខ្ញុំមិនដែលឃើញគាត់ បានធ្វើវាទាល់តែសោះ ។ Mike Tyson គឺជាបុគ្គលគំរូមួយរូប ដែលគាត់ជាមនុស្សចេះកែប្រែកំហុស របស់ខ្លួន ហើយធ្វើឲ្យកាន់តែប្រសើរជាងមុន។គាត់ជាមនុស្សដែលចេះទទួលខុសត្រូវ នូវទង្វើដែលគាត់ បានធ្វើ ។ ខ្ញុំពិតជាកោតសរសើរ និងគោរពគាត់ខ្លាំងណាស់ ដូច្នេះ Floyd គួរតែយគំរូតាម Mike Tyson ពិតជាល្អសម្រាប់ជីវិត។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingscene