ក្រុមមន្រ្ដី កំពុងបើកការស៊ើបអង្កេតដើម្បីកំណត់ឱ្យបានច្បាស់ពីមូលហេតុនៃការធ្លាក់យន្តហោះ ដែលជាគ្រោះមហន្តរាយតាមផ្លូវអាកាសដ៏អាក្រក់បំផុតមិនធ្លាប់កើតមានចំពោះប្រទេសអាល់ហ្សេរី។ រដ្ឋាភិបាលបានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃ ចំពោះអ្នកដែលបានស្លាប់។
ក្រសួងការពារជាតិ បាននិយាយថា ភាគច្រើននៃអ្នកស្លាប់ គឺជាកងទ័ព និងក្រុមគ្រួសាររបស់ពួកគេ។ សមាជិកអាកាសយានិកចំនួន ១០ នាក់ក៏បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះផងដែរ។
អ្នកដំណើរមកពីភាគខាងលិចសាហារ៉ា ជាទឹកដីមានជម្លោះ ដែលត្រូវបានដាក់បញ្ចូលដោយប្រទេសម៉ារ៉ុក បន្ទាប់ពីអេស្ប៉ាញកាត់ផ្ដាច់ចេញពីប្រទេសរបស់ខ្លួន នៅឆ្នាំ ១៩៧៥ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ។
រណសិរ្ស Polisario ដែលកំពុងស្វែងរកឯករាជ្យភាពសម្រាប់ទឹកដីរបស់ខ្លួន និងត្រូវបានគាំទ្រដោយប្រទេសអាល់ហ្សេរីនិយាយថា ពលរដ្ឋសាហារ៉ាខាងលិចចំនួន ៣០ នាក់រួមទាំងស្ត្រី និងកុមារក៏បានស្លាប់ក្នុងសោកនាដកម្មនេះដែរ។ សមាជិកជាន់ខ្ពស់នៃគណបក្ស FLN ដែលកំពុងគ្រប់គ្រងអំណាចរបស់អាល់ហ្សេរី បាននិយាយថា អ្នកដែលស្លាប់ រួមមានសមាជិក Polisario ចំនួន ២៦ នាក់។
យន្ដហោះ Ilyushin Il-76 បានធ្វើការហោះហើរឆ្ពោះទៅកាន់ទីក្រុង Bechar និងទីក្រុង Tindouf នៅភាគនិរតីនៃប្រទេស។ តំបន់ Tindouf ដែលមានព្រំប្រទល់ជាប់ប្រទេសសាហារ៉ាប៉ែកខាងលិច គឺជាជម្រករបស់ជនភៀសខ្លួន និងជាមូលដ្ឋានសម្រាប់រណសិរ្ស Polisario ។
មកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុថា តើឧបទ្ទវហេតុនេះ បង្កឡើងដោយបញ្ហាប្រព័ន្ធសុវតិ្ថភាព ឬបញ្ហាមេកានិច កំហុសឆ្គងអាកាសយានិក ឬការយារយីពីមជ្ឈដ្ឋានណានៅឡើយទេ ប៉ុន្តែកត្ដាទាំងនេះ គឺជាធាតុផ្សំ ដែលទំនងជាត្រូវត្រួតពិនិត្យមើល ក្នុងអំឡុងពេលនៃការស៊ើបអង្កេត។
របាយការណ៍នៃថែរក្សាជួសជុលទាំងយន្តហោះយោធា និងយន្ដហោះពាណិជ្ជកម្មរបស់ប្រទេស ក៏ទំនងជាស្ថិតក្រោមការពិនិត្យពិច័យយ៉ាងដិតដល់ផងដែរ នៅក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ។
ប៉ុន្តែសម្រាប់ប្រទេសអាល់ហ្សេរី និងស្ថាប័នយោធារបស់ខ្លួន ការបាត់បង់អាយុជីវិតរបស់មនុស្ស គឺជាសោកនាដកម្មមួយ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិអាកាសចរណ៍ទំនើបរបស់ខ្លួន។
សាក្សីនិយាយថា ពួកគេបានឃើញភ្លើងឆេះ នៅពេលដែលយន្តហោះ បានហោះចេញដំណើរ។ បន្ទាប់មកវាបានធ្លាក់ចុះទាប ខណៈហោះវាងផ្លូវហាយវ៉េ និងធ្លាក់ចូលទៅក្នុងវាលស្រែមួយ។
អ្នកសង្កេតការណ៍អាកាសចរណ៍យោធាម្នាក់ បានប្រាប់ BBC ថា ដោយផ្អែកលើផ្នែកខ្លះនៃយន្តហោះនោះពួកគេជឿថា អាកាសយានិកបានព្យាយាមចុះចត។
អ្នកពន្លត់អគ្គិភ័យ និងអ្នកជួយសង្គ្រោះរាប់សិបនាក់ បានធ្វើការនៅជុំវិញបំណែកបែកបាក់យន្ដហោះ ដែលពោរពេញដោយផ្សែងហុយ។ សាក្សីម្នាក់ បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា៖ "យើងបានឃើញសាកសពជាច្រើនឆេះខ្លោច ហើយវាជាគ្រោះមហន្តរាយមួយយ៉ាងពិតប្រាកដ"។
ប្រភពមួយបានដកស្រង់សម្ដីរបស់ក្រុមមន្រ្តីមកនិយាយថា អ្នករស់រានមានជីវិតខ្លះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែវានៅមិនច្បាស់ទេថា តើមនុស្សប៉ុន្មាននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ឬថាតើស្ថានភាពរបួសបច្ចុប្បន្នរបស់ពួកគេយ៉ាងម៉េចនោះដែរ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ប៊ីប៊ីសុី