ភ្នំពេញ៖ ក្រុម Utopia ជាក្រុមតារាចម្រៀងវ័យក្មេង វាយលុកលើទីផ្សារ សិល្បៈខ្លាំង និងត្រូវបានមហាជន ស្គាល់ជាទូទៅតាមរយៈការចូលចិត្ត បង្ហាញនូវស្ទីល សម្លៀកបំពាក់ ម៉ូដសក់ ក្បាច់រំា និងគ្រឿងតុបតែង កាយប្លែកៗ គួរឲ្យចាប់ អារម្មណ៍ ។ ប៉ុន្តែអ្វីគួរឲ្យគត់សម្គាល់នោះ គឺមហាជនមើលឃើញថា ចាប់តាំងពីក្រុម Utopia ទទួលបានពាន ក្នុងកម្មវិធីអាណាចក្រតារារួចមក ហាក់ស្ងប់ស្ងាត់ សកម្មភាពតាមបណ្តាឆាក ប្រគំតន្ត្រីលើ ប៉ុស្តិ៍ទូរទស្សន៍នានា ក្នុងស្រុក ។
ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក អេរិច ប្រធានក្រុមUtopia បាននិយាយឲ្យដឹងថា បច្ចុប្បន្នក្រុមរបស់លោក កំពុងហាត់សមសមត្ថភាពបន្ថែម ទាំងក្បាច់រាំ និង ការប្រើប្រាស់ស្ទីលថ្មីៗ ដើម្បីត្រៀមយុទ្ធសាស្រ្ត ដណ្តើមយកទីផ្សារគាំទ្រ ក្នុងឆ្នាំ២០១៥ខាងមុខនេះ ពីមហាជនក៏ដូចជា យុវវ័យ ។
ប្រធានក្រុម Utopia លោក អេរិច បាននិយាយថា "ក្រុមរបស់ខ្ញុំ ឥឡូវនេះកំពុងតែខំហាត់ ព្រោះនៅឆ្នាំ២០១៥ នេះ ក្រុមយើង បានត្រៀមយុទ្ធសាស្រ្ត ថ្មីដើម្បីបង្ហាញ ដល់ទស្សនិកជន ឲ្យមានការភ្ញាក់ផ្អើល ដែលក្នុងនោះ យើងបានត្រៀមចេញបទចម្រៀងថ្មីៗ ជាច្រើនបទ ព្រមទាំងក្បាច់រាំ ហើយនឹងការកែច្នៃ ម៉ូដសម្លៀកបំពាក់បែបប្លែកៗ តម្រូវទៅតាមទីផ្សារ ចម្រៀងបែបយុវវ័យ ពេលបច្ចុប្បន្ន..!" ។ ប៉ុន្តែលោក ក៏បានបដិសេធ យ៉ាងដាច់អហង្កាថា ទាំងបទចម្រៀង និងស្ទីល របស់ Utopia គឺដាច់ខាត មិនចម្លងពីគេឡើយ ។
លោក អេរិច បានបញ្ជាក់ថា មូលហេតុ Utopia ស្ងប់ស្ងាត់ ក្នុងទីផ្សារក្នុងស្រុក ចាប់តាំងពីដើមឆ្នាំ២០១៤ រហូតមកដល់ពេលនេះ គឺព្រោះយើងមិនសូវ ទទួលការហៅចេញ តាមបណ្តាឆាកប្រគំតន្រ្តីក្នុងស្រុក។ ម្យ៉ាងក្នុងឆ្នាំ២០១៤នេះ ក្រុម Utopia មានគោលដៅ ចេញច្រៀង និងសម្តែង នៅក្រៅប្រទេសច្រើន ។ ដូច្នេះក្នុងឆ្នាំ២០១៥ ខាងមុខ Utopia និង មានអ្វីដែលប្លែកៗ ជាច្រើន សម្រាប់បង្ហាញ និងបម្រើដល់អារម្មណ៍ ទស្សនិកជន អ្នកគាំទ្រមិនឲ្យ មានភាពដដែលៗទៀតទេ ។
លោក អេរិច បានបន្តថា ក្នុងឆ្នាំ២០១៤នេះ យើងស្ទើរតែមិនទទួលយក ការហៅច្រៀង និងសម្តែងក្នុងស្រុក ទាំងស្រុង ។ ប៉ុន្តែមិនមែន មានន័យថា ក្រុមយើងបោះបង់ចោលសិល្បៈ នោះទេ គឺគ្រាន់តែឆ្នាំនេះ មានស្ពនស័រចេញទៅ ក្រៅស្រុកច្រើន ។ ម្យ៉ាងនេះ ក៏ជាឱកាសល្អ សម្រាប់ក្រុម Utopia ទាំងមូល ក្នុងការរកអ្វីដែលប្លែកៗ ឲ្យបានច្រើន ដើម្បីទុកពញ្ញាក់អារម្មណ៍ ដល់អ្នកគាំទ្រ នៅឆ្នាំ២០១៥ ខាងមុខ ។ គោលបំណង Utopia គឺចង់បន្តគ្រងតំណែង ពានកម្មវិធី អាណាចក្រតារា ទៀត ៕