CamNews

ព័ត៌មានអន្តរជាតិ 

វីវរហើយម្ដងនេះ! អាមេរិក គម្រាមដាក់ទណ្ឌកម្ម ប្រសិនភូមាមិនព្រមបញ្ឈប់អំពើហិង្សាលើពួករ៉ូហ៊ីងយ៉ា

អន្តរជាតិ ៖ រដ្ឋាភិបាលរបស់លោក Trump បានគំរាម កាលពីថ្ងៃចន្ទថា ខ្លួននឹងចាត់វិធានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងភូមា ប្រសិនបើប្រទេសនេះ នៅតែមិនព្រមដកខ្លួនថយពីយុទ្ធនាការយោធាប្រឆាំងនឹងពួកមូស្លីមរ៉ូហ៊ីងយ៉ា ព្រមទាំងបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ គឺដើម្បីឆ្លើយតបទៅនឹងអ្វី ដែលត្រូវបានគេហៅថា "ការព្រួយបារម្ភយ៉ាងខ្លាំងបំផុតរបស់យើង" ចំពោះវិបត្តិ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

ក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួនបានកាត់ផ្តាច់ចោលនូវសិទ្ធិធ្វើដំណើរ ដែលអនុញ្ញាតឱ្យមេដឹកនាំយោធាជាន់ខ្ពស់ទាំងបច្ចុប្បន្ន និងអតីតមិនឱ្យចូលក្នុងប្រទេសអាមេរិកទៀតទេ ហើយកំពុងពិចារណាចាត់វិធានការបន្ថែមទៀតដើម្បីដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ប្រឆាំងនឹងបុគ្គល ដែលទទួលខុសត្រូវចំពោះអំពើឃោរឃៅប្រឆាំងនឹងជនជាតិភាគតិចភូមា។ ក្រសួងដដែល បាននិយាយថា កងកម្លាំងយោធាទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា មិនមានសិទ្ធិទទួលបានជំនួយពីសហរដ្ឋអាមេរិកនោះទេ។


រដ្ឋាភិបាលភូមា រួមទាំងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ត្រូវតែចាត់វិធានការភ្លាមៗដើម្បីធានាឱ្យបាននូវសន្តិភាព និងសន្តិសុខសម្រាប់ប្រជាជនរ៉ូហ៊ីងយ៉ា ត្រូវអនុវត្តការប្តេជ្ញាចិត្ត ក្នុងការធានាដល់លទ្ធភាព ក្នុងការបើកផ្លូវឱ្យជំនួយមនុស្សធម៌ បានទៅដល់សហគមន៍ ដែលត្រូវកាជំនួយបំផុត ត្រូវជួយសម្រួលដល់ការត្រឡប់មកវិញដោយសុវត្ថិភាព និងដោយស្ម័គ្រចិត្តដល់អ្នកដែលបានភៀសខ្លួន ឬត្រូវបានផ្លាស់ទីលំនៅ នៅក្នុងរដ្ឋរ៉ាឃីន និងដោះស្រាយនូវឫសគល់នៃមូលហេតុ ដែលនាំឱ្យមានការរើសអើងជាប្រព័ន្ធប្រឆាំងនឹងពួករ៉ូហ៊ីងយ៉ា "។

ការព្រមានរបស់អាមេរិក បានកើតឡើង នៅពេលដែលអង្គការសហប្រជាជាតិ បាននិយាយថា ពួកមូស្លីមរ៉ូហ៊ីងយ៉ា ដែលបានរត់គេចពីការធ្វើទុក្ខបុកម្នេញយ៉ាងសាហាវឃោរឃៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដេស នឹងកើនឡើងយ៉ាងឆាប់រហ័សដល់ជាង ១ លាននាក់។

ការព្យាករណ៍នោះ បានកើតមានឡើង អំឡុងសន្និសីទម្ចាស់ជំនួយបន្ទាន់មួយ នៅទីក្រុងហ្សឺណែវដើម្បីរៃអង្គាសប្រាក់ឱ្យក្រុមជំនួយ ដែលកំពុងព្យាយាមជួយប្រទេសបង់ក្លាដេស ដែលជាប្រទេសក្រីក្របំផុតមួយ ក្នុងពិភពលោក ក្នុងការដោះស្រាយវិបត្តិនេះ។

អង្គការគ្រូពេទ្យគ្មានព្រំដែន អង្គការផ្ដល់ជំនួយផ្នែកវេជ្ជសាស្ត្រ បានហៅស្ថានភាពសុខភាពរបស់ជនភៀសខ្លួនថា ជាស្ថានភាពគ្រោះថ្នាក់បំផុត ។


ប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ាជាង ៦០០.០០០ នាក់បានតស៊ូប្រយុទ្ធតទល់នឹងភាពភិតភ័យ ការហត់នឿយ និងភាពអត់ឃ្លានដើម្បីទៅដល់ទីសុវត្ថិភាព នៅបង់ក្លាដែស ចាប់តាំងពីកងទ័ពមីយ៉ាន់ម៉ា បានចាប់ផ្តើមយុទ្ធនាការមួយ ដែលអង្គការសហប្រជាជាតិបានហៅថា ជាការសម្អាតជាតិពន្ធុ នៅចុងខែសីហាកន្លងមកនេះ។ អ្នកមកថ្មី បានចូលរួមជាមួយជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជាង ៣០០.០០០ នាក់ ដែលបានរត់គេចខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក William Lacy Swing នាយកអង្គការអន្តោប្រវេសន៍អន្តរជាតិ ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា ចំនួនមនុស្សឆ្លងកាត់ទន្លេណាហ្វ ដែលខណ្ឌចែកប្រទេសទាំងពីរ បានថយចុះមកត្រឹម ១,០០០ នាក់ទៅ ៣.០០០ នាក់ក្នុងមួយថ្ងៃ ដែលចំនួននេះ បានធ្លាក់ចុះពីចំនួនខ្ពស់បំផុតគឺពី ១២.០០០ នាក់ទៅ ១៨.០០០ នាក់ក្នុងមួយថ្ងៃ នៅក្នុងវិបត្តិថ្មីៗនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានមានប្រសាសន៍ថា៖ "បើទោះបីជាវាមានអត្រាត្រឹមនេះក្ដី ក៏គេនៅតែរំពឹងថា ចំនួននៃជនភៀសខ្លួន នឹងកើនឡើងដល់ជាង ១​ លាននាក់" ។ កុមារជាង ៣០០.០០០ នាក់ ក៏ស្ថិតក្នុងចំណោមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាផងដែរ។ លោក Mark Lowcock អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មានថា កុមារជាច្រើននាក់ កំពុងទទួលរងនូវកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។

កាលពីមុន សហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តផ្ដល់ជំនួយប្រមាណ ១១៦ លានដុល្លារអាមេរិកបន្ថែមទៅលើជំនួយ ៤៣០ លានដុល្លារ ដែលអង្គការសហប្រជាជាតិទទួលបាន ក្នុងរយៈពេល ៦ ខែ។ លោក Lowcock បានថ្លែងថា ការផ្តល់មូលនិធិ ដែលទទួលបានពីរដ្ឋាភិបាលប្រទេសនានា កាលពីថ្ងៃចន្ទ បានកើនឡើងដល់ចំនួនសរុបប្រហែល ៣៤០ លានដុល្លារ ដែលបង្ហាញពីទំនុកចិត្តថា ការចូលរួមវិភាគទានបន្ថែម នឹងហូរចូល ក្នុងថ្ងៃខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារមនុស្សធម៌ ប្រឈមនឹងបញ្ហាជាច្រើន ក្នុងការជួយសម្រាលទុក្ខលំបាកប្រជាជនទាំងនោះ ព្រោះជនភៀសខ្លួនរាប់ពាន់នាក់ ត្រូវបានប្រមូលផ្តុំ នៅលើដី ឬហេដ្ឋារចនាសម្ព័ន្ធ ដែលគ្មានផ្លូវដើរ ដែលមិនអំណោយផលល្អដល់ការផ្តល់ជំនួយ។

អ្នកស្រី Joanne Liu ប្រធានអង្គការគ្រូពេទ្យគ្មានព្រំដែន បានប្រាប់កិច្ចប្រជុំថា នៅមន្ទីពេទ្យ មានតែគ្រែព្យាបាលជំងឺ ២១០ ប៉ុណ្ណោះ ដែលផ្ដល់ឱ្យប្រជាជន ដែលរស់នៅ ដោយមិនមានទឹកស្អាត ការរក្សាអនាម័យ ឬការថែទាំសុខភាពប្រមាណដល់ទៅ ៩០០.០០០ នាក់ដើម្បីសម្រាកព្យាបាលជំងឺ ដូច្នេះទើបធ្វើឱ្យការព្យាបាលមិនបានដិតដល់ ដែលបណ្តាលឱ្យមានវិបត្ដិសុខភាពដ៏ធ្ងន់ធ្ងរ » ។

ភ្នាក់ងារជំនួយស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានចែកចាយម្ហូបអាហារដល់មនុស្ស ៥៨០.០០០ នាក់ ចាប់តាំងពីវិបត្តិសេដ្ឋកិច្ច បានផ្ទុះឡើង ប៉ុន្តែខ្លួនបានទទួលជំនួយតិចជាងមួយភាគបីនៃទឹកប្រាក់ចំនួន ៧៧ លានដុល្លារ ដែលខ្លួនត្រូវការដើម្បីជំនួយដល់មនុស្ស  ១ លាននាក់ ក្នុងរយៈពេល​ ៦ ខែ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news