ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នជំងឺចំនួន ៧មុខ ដែលកើតមានញឹកញាប់ក្នុងរដូវភ្លៀង ក្រោយពីក្រសួងធនធានទឹកបានប្រកាសថា រដូវវស្សាបានឈានមកហើយកាលពីក្នុងសប្តាហ៍ទី៣នៃខែឧសភានេះ។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ជំងឺ៧មុខ ដែលកើតមានញឹកញាប់នៅក្នុងរដូវភ្លៀងនោះ មានដូចជា ជំងឺគ្រុនឈាមនិងគ្រុនចាញ់ ជំងឺគ្រុនផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺចំលងពីចំណីអាហារ ជំងឺចម្លងពីទឹក ជំងឺអាសន្នរោគ និងជំងឺលិបតូ ដែលចម្លងពីទឹកនោមសត្វកណ្តុរ ដែលច្រើនកើតមាននៅពេលមានលិចទឹក។
លោកលី សូវ៉ាន់ បានណែនាំនូវវិធានការមួយចំនួន ដើម្បីថែរក្សាសុខភាពក្នុងពេលរដូវភ្លៀង ដូចជា ត្រូវអនាម័យខ្លួនប្រាណ បំបាត់ដង្កូវទឹកនិងជម្រកមូស បរិភោគអាហារប្រកដោយអនាម័យ បរិភោគអាហារសំបូរវីតាមីនសេ ងូតទឹកក្រោយត្រូវទឹកភ្លៀង ទទួលទានទឹកយ៉ាងតិចឲ្យបាន២លីត្រក្នុងមួយថ្ងៃ រក្សាអាវភ្លៀង ឆ័ត្រ និងស្បែកជើងលុយទឹកជាមួយអ្នកជានិច្ច និងត្រូវទទួលទានទឹកក្តៅ ទឹកស៊ុប ទឹកដោះគោក្តៅជាដើម។
លោកថា៖ «រដូវភ្លៀងឈានចូលមកដល់ហើយ សូមបងប្អូនការពារសុខភាពឲ្យបានល្អ»។
ការណែនាំរបស់ក្រសួងបានធ្វើឡើង ស្របពេលដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីស្ថានភាពអាកាសធាតុថា រហូតមកដល់ពេលនេះ ឥទ្ធិពលបាតុភូត El Nino បានថយចុះជាបន្តបន្ទាប់ ប៉ុន្តែនៅតែបន្តមានអត្ថិភាពនៅលើកម្ពុជានៅឡើយ។ តែក្រសួងថា៖ «រដូវវស្សាសបានចាប់ផ្តើមហើយ ដោយគិតពីដើមសប្តាហ៍ទី៣ ខែឧសភា កន្លងមកនេះ»។
ក្រសួងបន្តថា ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ចាប់ផ្តើមបង្កើនឥទ្ធិពលឡើងវិញ ដែលជាហេតុធ្វើឲ្យកម្រិតទឹកភ្លៀងមាន ភាពកើនឡើងជាលំដាប់ក្នុងកម្រិតពីមធ្យមទៅបង្គួរ និងមានភាពរ៉ាយប៉ាយកាន់តែល្អប្រសើរ ខណៈដែលបាតុភូត(Thunderstorm)ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមានច្រើន ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ៕
ប្រភព ៖ khmertimes