ការក្សាអារម្មណ៍ឱ្យស្រួលខ្លួន និងមានផាសុកភាពត្រង់ប្រដាប់បន្ដពូជ គឺមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះកត្ដាទាំងឡាយដែលប៉ះពាល់ដល់សុខភាព និងសុខុមាលភាពទូទៅ នៃទ្វារមាសរបស់អ្នកគឺកើតចេញពី ការធ្វើលំហាត់ប្រាណធម្មតា ការរួមសង្វាស ការប្រែប្រួលអ័កម៉ូនបែបធម្មជាតិ ការស្លៀកពាក់ និងកត្ដាជាច្រើនទៀត។ ក្រៅពីវាជាផ្នែក ងាយឈឺចាប់នៃរាងកាយ ទ្វារមាសរបស់អ្នកគឺជាទីសំណាក់ សម្រាប់បណ្ដុំពិសេស នៃបាក់តេរី ដែលថែរក្សាគាំពារវា។ ដូច្នេះយើងសូមណែនាំគន្លឹះ ៧ យ៉ាងសម្រាប់ថែធួនប្រព័ន្ធ Ecosystem ដ៏សំខាន់នេះ ដើម្បីឱ្យទ្វារមាសរបស់អ្នកមានសុខភាពល្អ៖
១. ត្រូវមានការប្រុងប្រយ័ត្ននៅពេលលាងសម្អាត៖ បរិវេណទ្វារមាសរបស់អ្នក គឺជាកន្លែងងាយរងការឈឺចាប់បំផុតនៅលើរាងកាយរបស់អ្នក។ ដោយទ្វារមាសនេះ ជាទីរក្សាទុកនូវតុល្យភាពកម្រិត pH ដែលលាងសម្អាតបរិវេណនេះតាមបែបធម្មជាតិ ដោយមិនចាំបាច់លាងសម្អាតពីខាងក្នុង ដូចជាប្រើទឹកថ្នាំបាញ់លាងសម្អាតជាដើម។ សូមឧស្សាហ៍លាងសម្អាតពីខាងក្រៅ និងប្រើប្រាស់ផលិតផល ដែលរចនាឡើងសម្រាប់ប្រើចំពោះបរិវេណទ្វារមាស ដែលមិនបង្កផលមិនល្អដល់រាងកាយ ឬគ្រាន់តែលាងសម្អាតដោយទឹកក្ដៅឧណ្ហៗឱ្យបានញឹកញាប់។
២. នៅពេលរាងកាយរបស់បង្ហាញសញ្ញាអ្វីមួយអ្នកត្រូវចាប់អារម្មណ៍ភ្លាម៖ សូមយកចិត្ដទុកដាក់ចំពោះសញ្ញា ដែលបង្ហាញនូវភាពមិនប្រក្រតី។ ការហូរឈាមខុសពីធម្មតា អាការៈធ្លាក់ស មានក្លិនជះមកខាងក្រៅ រមាស់ និងឈឺចាប់ អាការៈទាំងអស់នេះអាចបញ្ជាក់បាននូវជំងឺដូចជា រោគរលាកទ្វារមាស ឬសូម្បីតែជំងឺកាមរោគ។ សូមកុំមានការស្ទាក់ស្ទើរក្នុងប្រឹក្សាជាមួយអ្នកឯកទេសរោគស្រ្ដី នៅពេលអ្នកមានអារម្មណ៍ថា មានអ្វីកើតឡើងមិនប្រក្រតី។
៣. ទៅជួបអ្នកឯកទេសរោគស្រ្ដី៖ វាជាគំនិតដ៏ល្អសម្រាប់ស្រ្ដីគ្រប់រូប នៅពេលឈានដល់វ័យគ្រប់ការ ក្នុងការទៅជួបអ្នកឯកទេសរោគស្រ្ដី ដើម្បីសិក្សាស្វែងយល់ពីព័ត៌មានទូទៅស្ដីអំពីសុខភាពទ្វារមាស។ ប្រសិនបើអ្នកចូលចិត្ដរួមភេទច្រើន ឬមានអាយុ២១ឆ្នាំ ឬច្រើនជាងនេះ អ្នកគួរអញ្ជើញទៅទទួលការតេស្ដន៍ Pap Smear ជារៀងរាល់ពេល ២ ឬ៣ឆ្នាំម្ដង ដើម្បីពិនិត្យរកមើលជំងឺ ភាពមិនប្រក្រតី និងជំងឺមហារីកកស្បូន។
៤. តើអ្នកធ្វើលំហាត់ប្រាណទ្វារមាសឬទេ? មែនហើយ វាជារឿងប្រាកដនិយមមួយ ហើយអ្នកប្រហែលជាធ្លាប់បានលឺពីលំហាត់ប្រាណបែប Kegels ប៉ុន្ដែអ្នកធ្លាប់សាកល្បងវាឬទេ? ការពង្រឹងសាច់ដុំផ្ទៃត្រគាក គឺជារឿងសំខាន់ពេញមួយជីវិត ក្នុងការរក្សាទ្វារមាសរបស់អ្នកឱ្យមានភាពរឹងមាំ និងសុខភាពល្អ ដោយមិនត្រូវយកចិត្ដទុកដាក់តែចំពោះតែការរួមភេទ និងការគ្រប់គ្រងថង់មូត្រប៉ុណ្ណោះនោះទេ។
៥. ប្រើស្រោមអនាម័យពេលរួមភេទ៖ ស្រោមអនាម័យ មិនត្រឹមតែមានប្រសិទ្ធភាពការពាររាងកាយរបស់អ្នកពីជំងឺកាមរោគអំឡុងពេលរួមភេទប៉ុណ្ណោះទេ តែថែមទាំងអាចជួយការពារនូវអាការៈរលាកទ្វារមាសប្រភេទផ្សេងៗ ទៀតផងដែរដូចជា រោគរលាកទ្វារមាសដោយសារបាក់តេរីជាដើម។ ចូរសាកល្បងគិតចំពោះការការពារការមានផ្ទៃពោះ នៅពេលជ្រើសរើសវិធីការពារ។
៦. ស្លៀកពាក់ឱ្យរលុងដើម្បីឱ្យរាងកាយបានដកដង្ហើម៖ ការស្លៀកសម្លៀកបំពាក់តឹង ដែលធ្វើឱ្យរាងកាយស្អុះស្អាប់ ដូចជាប្រភេទ Polyester អាចបង្កើតបានជាបរិវេណក្ដៅ ឬសើម ដែលបណ្ដាលឱ្យរោល ឬរលាកទ្វារមាសរបស់អ្នក។ ដើម្បីចៀសវាងការរោល ឬរលាក សូមជ្រើសរើសសម្លៀកបំពាក់រលុងៗ និងខ្យល់អាចចេញចូលបាន ដែលផលិតពីវត្ថុធាតុដើមធម្មជាតិ ដូចជាកប្បាសជាដើម។
៧. មុនពេលរួមភេទត្រូវទៅបន្ទប់ទឹក៖ ទម្លាប់មុន និងក្រោយពេលរួមភេទ ត្រូវរួមបញ្ចូលនូវការទៅបន្ទប់ទឹកដើម្បីបន្ទោរបង់មូត្រផងដែរ។ តើហេតុអ្វីត្រូវធ្វើដូច្នេះ? ពីព្រោះការបន្ទោរបង់មូត្រ មុន និងក្រោយការរួមភេទជួយការពាររោគរលាកបំពង់បង្ហូរមូត្រ ដែលអាចកើតឡើងនៅពេលមេរោគក្នុងទ្វារមាស រុញច្រានទៅក្នុងទ្វារមូត្រអំឡុងពេលរួមភេទ។ ម្យ៉ាងទៀតត្រូវឱ្យប្រាកដថា អ្នកបានលាងសម្អាតដៃរបស់អ្នក មុន និងក្រោយការរួមភេទដើម្បីការពារការីករាលដាលបាក់តេរី៕
ប្រភព៖ steptohealth