CamNews

តារា 

យ៉ា និច្ច ចង់ប្រឡែងលេង នឹងភ្លើងពណ៌សិល្បៈ

ភ្នំពេញ៖ កញ្ញា យ៉ា និច្ច គឺជាតារាសម្តែង និងបង្ហាញម៉ូដវ័យ១៩ឆ្នាំ ទើបនឹងរះក្នុងមេឃាសិល្បៈ ហើយក៏កំពុង បោះជំហាន ទៅរកភាពល្បីល្បាញ តាមរយៈការរំលេចរូបសម្បត្តិ ដ៏សម្រស់ផូរផង់ ប្រៀបដូចជាផ្កាកំពុងក្រពុំ ចោលក្លិនបញ្ច្រាស់ខ្យល់ ទាក់ចិត្តកន្លង់ៗ ទាំងឡាយ ព្រមជាមួយ សមត្ថភាពសម្តែង ឈុតកាយវិកាខារ៉ាអូខេ និងស្ពតពាណិជ្ជកម្ម របស់ក្រុមហ៊ុនតូចធំជាច្រើន។

តាមរយៈរូបសម្ផស្ស យ៉ាងស្រស់សោភា និងរាងកាយដ៏ល្វត់ល្វន់ របស់កញ្ញា យ៉ា និច្ច បច្ចុប្បន្ននេះ បាននឹងកំពុងតែពញ្ញាក់ ទាក់ទាញស្មារតី ទស្សនិកជនអ្នកគាំទ្រ ជាពិសេសក្រុមកន្លង់ៗក្នុង និងក្រៅស្រុក ឲ្យងាកមកចាប់ អារម្មណ៍ខ្លាំង មកលើរូបនាង។ ស្របពេលទីផ្សារសិល្បៈសព្វថ្ងៃ ក៏ហាក់មានសន្ទុះកើនឡើង ទៅមុខគួរសមជាលំដាប់ ។

ទន្ទឹមនឹងគ្នានេះ ក៏មានមតិខ្លះ បានលើកឡើងថា រូបសម្ផស្សខាងក្រៅ គឺតែងតែជាចំណុចលេចធ្លោមួយ ហើយវាក៏ពុំមែនជារឿងអ្វីចម្លែកនោះដែរ សម្រាប់មនុស្សទូទៅ និងតារាសិល្បៈ ។ ចំណែកឯបុប្ផាមានសម្រស់ និងក្លិនក្រអូប ក៏ដូចជាមនុស្សស្រី ដែលមានរូបសម្រស់ស្រស់សោភា ពិតជាសំបូរក្រុមកន្លង់ តាមចោមរោម ចង់បានលម្អងគន្ធាផ្កាមួយទងនេះ។

ដោយឡែក សម្រាប់បុប្ផាក្រពុំ ទើបពេញវ័យក្រមុំ កញ្ញា យ៉ា និច្ច ក៏មិនខុសពីគ្នាប៉ុន្មានដែរ ព្រោះថាស្ទុះនៃការគាំទ្រ និង ប្រជាប្រិយភាព របស់នាង ក្នុងឆាកតារាសិល្បៈ នាពេលនេះ អាចល្បីឈ្មោះទៅបាន គឺដោយមានការពឹងផ្អែក ទាំងស្រុង លើរូបសម្រស់។ ម្យ៉ាងទៀតពេលនេះ យ៉ានិច្ច ក៏ត្រូវបានមហាជន កត់សម្គាល់ឃើញថា នាងកំពុងតែរាយ សំណាញ់មន្តស្នេហ៍ តាមរយៈរូបសម្ផ ស្សដើម្បីដណ្តើមយកទីផ្សា ល្បីឈ្មោះក្នុង ពិភពសិល្បៈ។

តារាស្រីវ័យក្មេង មានសាច់សខ្ចី គួរឲ្យគ្រឺតខ្នាញ់ កញ្ញា យ៉ា និច្ច ត្រូវបានទស្សនិកជនស្គាល់ និងចាប់អារម្មណ៍ច្រើនក្រោយពេលតារារូបនេះ លេចមុខសម្តែងឈុតកាយវិកាខារ៉ាអូខេ និង ថតស្ប៉តពាណិជ្ជកម្ម នៅតាមបណ្តាផលិតកម្ម និង ក្រុមហ៊ុនក្នុងស្រុក មួយចំនួន កាលពីអំឡុង ចុងឆ្នាំ២០១២។ រហូតមកដល់បច្ចុប្បន្ន នាងទើបតែដណ្តើមបានទីផ្សារ សិល្បៈមួយភាគតូច តែប៉ុណ្ណោះ ខណៈដែលមានតារា ប្រុស-ស្រី របស់ខ្មែរផ្សេងទៀត ក៏កំពុងប្រកួតប្រជែង យកទីផ្សារល្បីឈ្មោះ ដែរនោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh