ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ប្រទេស បារាំង កំពុង តែធ្វើការស៊ើបអង្កេត ថាតើ បំណែកយន្ត ហោះដែលត្រូវបានគេរកឃើញ នៅលើដីកោះ La Reunion មហាសមុទ្រ ប្រទេសឥណ្ឌា នោះគឺជា បំណែកយន្តហោះ បាត់ខ្លួន MH370 ឬក៏យ៉ាងណា ។
គួររំឮកថា យន្តហោះ Boeing 777 ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី The Malaysian Airlines ធ្វើដំណើរពីទីក្រុង កូឡា ឡាំពួរ ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន ជា មួយនឹងវត្តមានអ្នកដំណើរសរុប ២៣៩ នាក់ នោះ បាន បាត់ ខ្លួន អំឡុងខែ មីនា ដើមឆ្នាំ ២០១៤ ពោល បាត់ស្រមោលសូន្យឈឹង ដោយអាថ៍កំបាំង សូម្បីតែ បំណែក យន្តហោះ ត្រឹមតែបន្តិច ក៏ពុំ ធ្លាប់ត្រូវបានរកឃើញនោះទេ ។
ប្រភពសារព័ត៌មាននាំមុខប៊ីប៊ីស៊ីដកស្រង់សម្តីអ្នកជំនាញអោយដឹងថាបំណែកដែលបានរកឃើញ នៅលើដីកោះ La Reunion មានសភាពដូចខ្លាំង ទៅនឹងស្លាបយន្តហោះ Boeing 777នៃជើងហោះ ហើរ MH370 ដែលបានបាត់ខ្លួនទៅនោះ ។ ដោយឡែក ក្រុម អ្នក ជំនាញប្រទេស បារាំង បញ្ជាក់ ក្តែងៗអោយដឹងថា ប្រញ៉ាប់ពេកហើយ ក្នុងការធ្វើសេចក្តីសន្មត់ ពោល ត្រូវតែធ្វើការតាមដាននិង ស៊ើបអង្កេតជាមុនសិន ។ គួរបញ្ជាក់ថា ដីកោះ La Reunion គឺ មាន វត្តមាននៅឆ្ងាយ ពីទីតាំងរុក រកយន្តហោះបាត់ខ្លួន ។
របាយការណ៍ បន្ថែមអោយដឹងថា អាចនឹងមានករណីធ្លាក់ យន្តហោះណាមួយផ្សេងទៀត ជិតនឹង ដីកោះ Le Reunion ប៉ុន្តែ ទោះ ជា យ៉ាងណា ក៏ ដោយចុះ យន្តហោះជើងហោះហើរ MH370 គឺជា យន្តហោះប្រភេទ Boeing 777 តែមួយគត់ ដែល បាន បាត់ ខ្លួនទៅយ៉ាងអាថ៍កំបាំង ។ អាជ្ញាធរ ប្រទេស ម៉ាឡេស៊ី បានបញ្ជូន ក្រុមការងារ ទៅ ស៊ើប អង្កេត បំណែក យន្តហោះ ដែលត្រូវបានរក ឃើញកាលពីថ្ងៃពុធ ម្សិលមិញនេះ នៅលើដីកោះ La Reunion ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី