ហោរាសាស្រ្ត ៖ ប្រជាជនចិនមាននូវក្បួនតម្រាល និងច្បាប់វប្បធម៌ជាច្រើន នៅពេលនិយាយដល់ព្រឹត្តិការណ៍ និងទំនៀមទម្លាប់សំខាន់ៗ ដូចជាការរៀបអាពាហ៍ពិពាហ៍ ការមានផ្ទៃពោះ ការប្រារព្ធពិធីពិធីបុណ្យដូចជា បុណ្យចូលឆ្នាំចិន និងពិធីជាច្រើនទៀត រួមបញ្ចូលទាំងការប្ដូរលំនៅឋានផងដែរ ដែលយើងនឹងបកស្រាយ នៅក្នុងអត្ថបទខាងក្រោមនេះ។
ទំនៀមទម្លាប់ចិន ៨ យ៉ាង ដែលអ្នកគួរអនុវត្ដ នៅពេលប្ដូរលំនៅឋាន
1. មិនត្រូវប្ដូរទៅគេហដ្ឋានថ្មីទាំងដៃទទេ ដោយគ្មានអ្វីសោះ
ថ្ងៃដំបូងនៃការប្ដូរទៅរស់នៅ ក្នុងលំនៅឋានថ្មីរបស់អ្នក វាជានិមិត្តរូបបញ្ជាក់នូវការចាប់ផ្តើមជីវិតរស់នៅថ្មីដ៏ស្រស់បំព្រង ដូច្នេះអ្នកមិនត្រូវចូលផ្ទះថ្មីទាំងដៃទទេនោះទេ។ អ្នកគួរតែនាំទៅជាមួយខ្លួននូវវត្ថុមានតម្លៃដូចជា ប្រអប់គ្រឿងអលង្ការ សៀវភៅធនាគារ កញ្ចប់អាំងប៉ាវ ដែលមានដាក់ប្រាក់ ១៣៨ ដុល្លារអាមេរិក និងកាបូបលុយ ដោយមានដាក់ប្រាក់យ៉ាងពេញបរិបូរណ៍ ។ ក្រៅពីនោះ ចូរចងចាំថា អ្នកត្រូវស្លៀកពាក់ឱ្យបានសមរម្យ និងចៀសវាងការស្លៀកខោខូវប៊យរហែក និងកខ្វក់។
ប្រសិនបើអ្នកអនុវត្ដបានទាំងអស់ដូចការរៀបរាប់ខាងលើ វានឹងឆ្លុះបង្ហាញពីអនាគតថ្មីដ៏ភ្លឺស្វាង ព្រមទាំងទទួលបាននូវលាភសំណាង និងទ្រព្យសម្បត្តិ ។
2. មិនត្រូវធ្វើការជួសជុលណាមួយ ឬកែកុនអ្វីតូចតាចបន្ថែមទៀតទេ ក្រោយពីចូលរស់នៅផ្ទះថ្មី
វាគឺជាកត្តាចាំបាច់ ក្នុងការធ្វើឱ្យជាក់ប្រាកដថា កិច្ចការផ្លាស់ប្ដូរកែប្រែថ្មីនៃលំនៅឋាន ត្រូវបានធ្វើរួចរាល់ទាំងស្រុង មុនពេលរើទៅនៅ ហើយប្រសិនបើអ្នកចាំបាច់ត្រូវតែធ្វើការកែប្រែបន្តិចបន្ដួចថែមទៀត បន្ទាប់ពីរើទៅនៅនោះ យកល្អ អ្នកគួររើសពេលា ឱ្យបានសមគួរមុនពេលធ្វើការកែកុនបន្ថែមទៀត។ សូមចងចាំថា ការគ្រាន់តែប្រមូលរបស់របរបន្ដិចបន្ដួចចេញ មិនចាត់ទុកថា ជាការកែប្រែផ្លាស់ប្ដូរនោះទេ ។
3. ស្ត្រីមានផ្ទៃពោះត្រូវជៀសវាងការរើផ្ទះ
ប្រសិនបើក្នុងផ្ទះរបស់អ្នក មានស្ត្រីមានផ្ទៃពោះ នាងគួរតែស្នាក់នៅផ្ទះម្តាយរបស់នាង ហើយមិនត្រូវ ចូលរួម នៅក្នុងការរើផ្ទះឡើយ ជាពិសេសត្រូវចៀសវាងការចូលរួមដំណើរការជួសជុលផ្ទះ។
4. ការរើសពេលាល្អ គឺជាកត្ដាចាំបាច់ ហើយត្រូវរើប្ដូរទៅលំនៅឋានថ្មី ឱ្យបានមុនពេលថ្ងៃត្រង់
អ្នកត្រូវតែជ្រើសរើសយកពេលាល្អ សម្រាប់ការផ្លាស់ប្តូរលំនៅឋាន ដោយការអានប្រតិទិនច័ន្ទគតិ និងជ្រើសរើសយកកាលបរិច្ឆេទ ដែលល្អនោះ សម្រាប់ការប្តូរលំនៅឋាន ។ ក្រៅពីនោះ អ្នកគួរតែ ជ្រើសរើសយកពេលា ដែលមិនឆុងនឹងរាសីសមាជិកគ្រួសាររបស់អ្នក"។ យកល្អ អ្នកគួររើទៅនៅផ្ទះថ្មី នៅវេលាព្រឹក ពីព្រោះ ការកំណត់ពេលណាមួយ ឱ្យបានមុនពេលថ្ងៃត្រង់ គឺត្រូវបានចាត់ទុកថាជា ពេលាល្អ (Yang) ខណៈពេល វេលាថ្ងៃត្រង់ត្រូវបានចាត់ទុកថា ជាពេលាគ្រោះ " Yin" ។
5. ផ្ទះថ្មីត្រូវតែសាទរ ដោយការបើកភ្លើងបំភ្លឺ
អំពូលភ្លើងទាំងអស់នៅក្នុងគេហដ្ឋានថ្មី គួរតែបើកបំភ្លឺឱ្យបានរយៈពេល ៣ ថ្ងៃជាប់គ្នា មុនពេលរើមកនៅ ។ ដំណើរការនេះ បង្ហាញពីអនាគតមួយដ៏ភ្លឺស្វាង និងវិបុលភាពសម្រាប់សមាជិកគ្រួសារ ព្រមទាំងកម្ចាត់បង់នូវថាមពលអវិជ្ជមាន ដែលមានស្រាប់នៅក្នុងផ្ទះ។
6. អញ្ជើញ មិត្តភក្តិ និងសាច់ញាតិដើម្បីអបអរឱកាសដ៏រីករាយនេះ
វាជាការល្អសម្រាប់អ្នក ក្នុងការអញ្ជើញមិត្តភក្តិ និងសាច់ញាតិរបស់អ្នក ទៅកាន់ផ្ទះថ្មីរបស់អ្នក ដើម្បីអបអរថ្ងៃឡើងផ្ទះថ្មី។ ប្រសិនបើអ្នកមានការរវល់ខ្លាំងនៅថ្ងៃនោះ អ្នកអាចជ្រើសរើសយកថ្ងៃមួយផ្សេងទៀតសម្រាប់ការជប់លៀងឡើងផ្ទះថ្មីនេះ ។ នេះគឺដើម្បីបង្កើនប្រជាប្រិយភាពនៃផ្ទះនោះ ដើម្បីឱ្យវាអាចរីកចម្រើនរុងរឿង ។
7. អ្នកត្រូវមានវត្ដមាន អំឡុងពេលនៃការរើចូលនៅផ្ទះថ្មី
អ្នកត្រូវតែមានវត្ដមាន ក្នុងអំឡុងពេលនៃការរើចូលនៅផ្ទះថ្មី ហើយអ្នកមិនត្រូវសុំឱ្យនរណាម្នាក់ធ្វើកិច្ចការនេះជំនួសអ្នកនោះទេ។ នេះគឺដើម្បីការពារលាភ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក។
8. ត្រូវបើកចង្ក្រានធ្វើអាហារ និងបង្អែម
នៅថ្ងៃរើមកនៅគេហឋានថ្មី អ្នកត្រូវបើកចង្ក្រានរបស់អ្នក និងចម្អិន នំប៉ាវ ឬតែផ្អែម ដើម្បីជានិមិត្តរូបនៃភាពជោគជ័យ។ សូមកុំភ្លេចចែករំលែកអត្ថបទនេះ ទៅមិត្តភក្តិ ឬ មនុស្សជាទីស្រឡាញ់របស់អ្នក ដែលកំពុងរើទៅនៅលំនៅឋានថ្មី៕
ដោយ ៖ សារ៉ាត