ការលាបពណ៌ផ្ទះ គឺជារឿងសំខាន់ដែលអ្នកពុំអាចមើលរំលងបានឡើយ។ អ្នកអាចរើសពណ៌ផ្ទះទៅតាមចំណង់ចំណូលចិត្ត តាមការនិយម ឬទៅតាមហុងស៊ុយ ហើយពណ៌ផ្ទះរបស់អ្នក ត្រូវតែជាពណ៌ដែលបន្ថែមថាមពល ភាពរីករាយ ទៅលើការរស់នៅរបស់គ្រួសារអ្នក។
អត្ថន័យនៃពណ៌ ដែលអ្នកគួរជ្រើសរើស៖
ពណ៌ទឹកក្រូច៖ ជួយធ្វើឲ្យការគិតរបស់អ្នកកាន់តែទូលំទូលាយ
ពណ៌នេះ នឹងជួយឲ្យអ្នកហ៊ានបង្ហាញខ្លួនរបស់អ្នក ទៅកាន់ពិភពខាងក្រៅ ដោយភាពជឿជាក់។ ម្យ៉ាងទៀត ពណ៌មួយនេះ តែងតែធ្វើឲ្យអ្នកមានអារម្មណ៍ ស្រស់ស្រាយ និងក្មេងជាងវ័យ។ វាជាពណ៌តំណាងឲ្យភាពសប្បាយរីករាយ និងការអបអរ។
ពណ៌ខៀវស្រងាត់៖ ជួយជម្រុញទឹកចិត្ត
ពណ៌នេះនឹងជួយអ្នក ឲ្យរកឃើញអ្វីថ្មីៗ ដែលសំខាន់សម្រាប់ជីវិត។ វាជួយឲ្យអ្នកអាចវិភាគបានល្អិតល្អន់ ទាំងរឿងតូច និងធំ។ ជាធម្មតា នៅពេលដែលអ្នកចង់សម្រេចចិត្តអ្វីមួយ អ្នកគួរតែពាក់សម្លៀកបំពាក់ពណ៌ខៀវចាស់។
ពណ៌បៃតង៖ ជួយបង្កើនភោគទ្រព្យ
វាគឺជាពណ៌នៃធម្មជាតិ ហើយវាមានទំនាក់ទំនងទៅនឹងភាពរីកចម្រើន។ វាគឺជាពណ៌នៃការចាប់ផ្តើមល្អស្រស់ស្រាយ និងការលូតលាស់។ ពណ៌បៃតងនឹងជួយឲ្យលើកទឹកចិត្តអ្នក ឲ្យស្រលាញ់នូវទេពកោសល្យរបស់ខ្លួនឯង ដែលបានមកពីធម្មជាតិ។
ពណ៌ស្វាយ៖ ជួយខាងស្មារតី
ពណ៌នេះជួយធ្វើឲ្យអ្នកមានការគិតថ្មីមួយ ទៅលើបញ្ហាផ្សេងៗ ហើយអ្នកដែលចូលចិត្តពណ៌នេះ គឺជាមនុស្សមានទំនោរខាងមនុស្សធម៌។
ពណ៌ខៀវស្រស់៖ សន្តិភាព
ពណ៌នេះតែងផ្តល់នូវភាពសុខស្ងប់ សុខដុមរមនា ក្នុងគ្រួសារ និងភាពសុខសាន្តសម្រាប់គូស្វាមីភរិយា។ នៅពេលដែលអ្នកប្រើពណ៌ខៀវស្រស់សម្រាប់ផ្ទះរបស់អ្នក អ្នកនឹងសង្កេតឃើញថា អ្នកអាចគ្រប់គ្រងកំហឹង និងអាចរកដោះស្រាយបញ្ហាដោយសន្តិវិធី។
ពណ៌ក្រហមស្រស់៖ ជួយការពារអ្នក
ពណ៌នេះ ធ្វើឲ្យអ្នកមានភាពអង់អាចក្លាហាន និងមិនចេះខ្លាចអ្វីទាំងអស់។ អ្នកគួរតែជ្រើសរើសពណ៌ក្រហម នៅពេលដែលអ្នកចង់បង្កើនទំនុកចិត្តលើខ្លួនរបស់អ្នក។
ពណ៌លឿង៖ ជួយបង្កើនការផ្តោតអារម្មណ៍របស់អ្នក
ពណ៌លឿងត្រូវបានគេស្គាល់ថាជាពណ៌មួយតំណាងឲ្យភាពវៃឆ្លាត នៃសមត្ថភាពខួរក្បាល។ វាអាចជួយឲ្យការសន្ទនាមានលក្ខណៈប្រសើរ ពោរពេញដោយគំនិតថ្មីៗ។
ពណ៌ផ្កាឈូក៖ ចិត្តទូលាយ
ភាពទន់ភ្លន់ និងជាពណ៌តំណាងឲ្យសេចក្តីស្រលាញ់។ ពណ៌ផ្កាឈូកជួយធ្វើឲ្យអារម្មណ៍សប្បាយរីករាយ ចិត្តទូលាយ និងធ្វើឲ្យអារម្មណ៍ល្អ។អ្នកគួរតែប្រើពណ៌ផ្កាឈូក ប្រសិនបើអ្នកចង់ឲ្យខួរក្បាលរបស់អ្នកស្រស់ថ្លា ៕
ប្រភព៖ housebeautiful