ភ្នំពេញៈ អតីតតារាសម្តែង រូបសង្ហារធ្លាប់ មានឈ្មោះបោះសំឡេងខ្លាំង កាលពី៧ឆ្នាំមុន និងជាម្ចាស់បទ" ទឹកភ្នែកស្វាមីស្រីឡង់សេ" លោក ហេង ប៊ុនលាភ ថ្មីៗនេះ បានបង្ហាញវត្តមានជាថ្មីម្តងទៀត ដោយលោកបាន ងាកមកចាប់ផ្តើមថតរឿងឡើងវិញ ក្រោយពីមុខជំនួញក្រៅសិល្បៈ ហាក់ទទួលបានជោគជ័យ ។
នៅក្នុងជំនួបដោយផ្ទាល់ ជាមួយLookingTODAY នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ខណៈដែលតារារូបនេះ ឡើងយន្តហោះ ចេញទៅថតភាពយន្តភាគ រឿង"ទឹកចិត្តប្រពន្ធ" នៅក្នុងប្រទេស ម៉ាឡេស៊ី តារាសម្តែងធ្លាប់មានឈ្មោះល្បី លោក ហេង ប៊ុនលាភ បានប្រាប់ឲ្យដឹងថា កាលវិលចូលសិល្បៈជាថ្មី របស់លោកនៅពេលនេះ ដោយសារតែលោក អាច ដកឃ្លាពីការងារមុខជំនួញរកស៊ីបានខ្លះៗ ដូច្នេះ លោកក៏ចង់វិលមករកអាជីពចាស់វិញ ព្រោះថាការងារមួយនេះ ផ្តល់ឲ្យលោកនូវភាពសប្បាយ រីករាយ និងអាចកាត់បន្ថយភាព តប់ប្រមល់ពីការងារ ទើបលោក ងាកមកដាក់ចិត្តដាក់កាយវិល មករកឆ្នាំងចាស់បែបនេះ ។
បុរសសង្ហាដែលធ្លាប់តែគ្រងតំណែងតួឯក ស្ទើរគ្រប់រឿង កាលពីជិត១០ឆ្នាំមុន លោក ហេង ប៊ុនលាប បានប្រាប់ឲ្យដឹងបន្តទៀតថា "ការចូលសិល្បៈជាថ្មីម្តងទៀតនេះ មិនមែនមានន័យថា ខ្ញុំចូលប្រឡូកមួយទំហឹង ដូចមុនទេ ព្រោះថាពេលនេះ ខ្ញុំក៏មាន ការមមាញឹក ជាមួយការងាររកស៊ីច្រើនដែរ ។ តែការថតរឿង គឺខ្ញុំឆ្លៀតតែពេលទំនេរ ពីការងារតែប៉ុណ្ណោះ គឺមិនសូវមានពេល ច្រើនដូចមុនប៉ុន្មានទេ ។ ម្យ៉ាងទៀតការបង្ហាញខ្លួនជាថ្មីនេះ គឺខ្ញុំគ្រាន់តែចង់បន្ធូរអារម្មណ៍ និងចង់បានភាពរីករាយ មិនបានគិតពីកេរ្តិ៍ឈ្មោះឡើយ" ។
ទន្ទឹមនឹងការបង្ហាញវត្តមាន ជាថ្មីម្តងទៀត របស់តារាម្តែង ហេង ប៊ុនលាប ត្រូវបានអ្នកដឹកនាំរឿង ក្នុងផលិតកម្មមួយបានបង្ហើបប្រាប់ឲ្យដឹងថា ប្រសិនបើលោក ហេង ប៊ុនលាភ ចូលប្រឡូក សិល្បៈជាថ្មីយ៉ាងពេញទំហឹងវិញនោះ ខាងផលិតកម្ម នឹងនិពន្ធរឿងថ្មីមួយ ដោយផ្តល់ឱកាសឲ្យលោក គ្រងតំណែងជាតួឯក បើតាមបទពិសោធន៍ និងកេរ្តិ៍ឈ្មោះកន្លងមក មិនមានការលំបាកទេ ក្នុងការស្តារប្រជាប្រិយភាពឡើងវិញនោះ ។ ពាក់ព័ន្ធនឹងការលើកឡើង ពីអ្នកដឹកនាំរឿងរូបនោះ ត្រូវបានលោក ហេង ប៊ុនលាភ ឆ្លើយបដិសេធភ្លាមៗវិញថា លោកមិនហ៊ានទទួលទេ ដោយសារតែការងាររកស៊ី លោកមានរវល់ច្រើន ហើយបើលោកឆ្លើយថាOK ខ្លាចអត់មានពេលគ្រប់គ្រាន់ ក្នុងការថត ព្រោះយើងដឹងហើយថា ការថតរឿងមួយៗគឺ ចំណាយពេលច្រើនគួរសមទម្រាំ តែចប់មួយរឿងៗ ។ តែយ៉ាងណាស្ថិតក្នុងកាលៈទេសៈ នេះលោកក៏កំពុងតែពិចារណា ឡើងវិញដែរ។
សូមបញ្ជាក់ថា លោក ហេង ប៊ុនលាប បានផ្អាកការងារសិល្បៈចោលទាំងស្រុង អស់រយៈពេលជាង៧ ឆ្នាំមកហើយ ដោយលោកអះអាងថា មានការងាររកស៊ីផ្ទាល់ខ្លួន និងមុខជំនួញតូចៗមួយចំនួនទៀត ។ ការត្រឡប់មកបង្ហាញខ្លួនក្នុងមាគាសិល្បៈវិញនេះ គឺលោកត្រូវសម្ដែងក្នុងរឿង "ទឹកចិត្តប្រពន្ធ" ដើរតួជាមន្ត្រីស្ថានទូតកម្ពុជា ប្រចាំនៅក្នុងប្រទេស ម៉ាឡេស៊ី ៕