ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ ដែលរងរបួសដោយសារគ្រាប់កាំភ្លើង ក្នុងរយៈពេល ១ ម៉ោងនៃការបាញ់ប្រហារមួយផ្សេងទៀត នៅទីក្រុងឡុងដ៍ បានស្លាប់បាត់បង់ជីវិតហើយ។
មជ្ឈដ្ឋានសង្ស័យថា ក្មេងជំទង់រូបនេះ មានជំងឺធ្ងន់ធ្ងរ បន្ទាប់ពីរូបគេ រងការបាញ់ប្រហារត្រូវចំផ្ទៃមុខ នៅ ក្នុងសង្កាត់ Walthamstow កាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារមួយ ដែលបានបណ្ដាលឱ្យក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់ផ្សេងទៀតរងរបួសដោយសារកាំបិត។
ការស្លាប់របស់ក្មេងប្រុសម្នាក់នេះ បានកើតឡើងបន្ទាប់ពីក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ឈ្មោះថា Tanesha Melbourne ត្រូវបានគេសម្លាប់ នៅក្នុងទីក្រុង Tottenham ។
ការបាញ់ប្រហារនេះ កើតមានឡើង ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងឧក្រិដ្ឋកម្ម នៅក្នុងទីក្រុងឡុង។ ប៉ូលីស បាននិយាយថា ការវាយប្រហារទាំងពីរនេះ ពុំមានជាប់ទាក់ទងនឹងគ្នាទេ។
ប៉ូលីស បាននិយាយថា ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់នេះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ នៅម៉ោង ១៧៖ ៤៥នាទី ម៉ោងក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃអង្គារ ជាមួយនឹងវត្តមានសាច់ញាតិរបស់គាត់។ ការស្លាប់របស់គាត់ បានធ្វើឱ្យចំនួនអ្នកស្លាប់ នៅរាជធានីចក្រភពអង់គ្លេស កើនឡើងដល់ ៤៨ នាក់។
ក្មេងជំទង់ ដែលត្រូវបានគេចាក់នឹងកាំបិត បានចេញពីមន្ទីរពេទ្យហើយ។ ប៉ូលីសត្រូវបានដាក់ពង្រាយ បន្ថែមទៀត នៅតាមផ្លូវ Walthamstow ហើយក្រុមមន្រ្តី បាននិយាយថា ពួកគេកំពុងប្រើអំណាចបញ្ឈប់និងឆែកឆេរ ដើម្បីដកហូតអាវុធ។
ក្មេងស្រី Tanesha ដែលឈ្មោះរបស់នាង មិនត្រូវបានបញ្ជាក់ជាផ្លូវការនោះ ត្រូវបានគេប្រកាសថា នាងបានស្លាប់ នៅវេលាម៉ោង ២២៖៤៣ នាទី កាលពីថ្ងៃចន្ទ បន្ទាប់ពីការបាញ់ប្រហារ ដោយឆ្មាំនៅលើផ្លូវ Chalgrove ក្បែរឧទ្យានជាតិ Northumberland នៅទីក្រុង Tottenham ។
ការស្លាប់របស់នាង បានកើតឡើង ខណៈដែលប៉ូលីសបានទៅដល់កន្លែងកើតហេតុរួចរាល់ នៅវិថី Markhouse ក្នុងសង្កាត់ Walthamstow បន្ទាប់ពីត្រូវបានគេខលហៅ នៅម៉ោងប្រហែល ២២៖០០ នាទី។ ប៉ុន្ដែមកទល់នឹងពេលនេះ មន្រ្ដីនគរបាល នៅពុំទាន់ចាប់ខ្លួនបានជនសង្ស័យណាម្នាក់ឡើយ សម្រាប់ការស៊ើបអង្កេតលើរឿងក្ដីទាំងពីរនេះ។
មេបញ្ជាការគរបាល លោក Glenn Butler ដែលកំពុងស៊ើបអង្កេត លើការបាញ់ប្រហារនៅសង្កាត់ Walthamstow នេះបាននិយាយថា៖ "ខ្ញុំពិតជាស្ងើចខ្លាំងណាស់ ចំពោះភ័យអាសន្ន ភាពតក់ស្លត់ និងភាពស្អប់ខ្ពើម ដែលបណ្តាលមកពីអំពើឃាតកម្ម និងការបាញ់ប្រហារផ្សេងទៀត ដែលយើងបានឃើញ នៅទូទាំងទីក្រុងឡុង នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ”។
លោកបានបន្ថែមថា៖ “យើងកំពុង ប្រើគ្រប់មធ្យោបាយ ដែលយើងអាចធ្វើបានដើម្បីកំណត់អត្តសញ្ញាណ ពិរុទ្ធជន ហើយនាំពួកគេ មកផ្ដន្ទាទោសតាមច្បាប់»។
អ្នកស្រីអគ្គមេបញ្ជាការ Tania Coulson បាននិយាយថា មន្រ្ដីនគរបាលបន្ថែមទៀត ត្រូវបានដាក់ពង្រាយ នៅតាមដងផ្លូវ ហើយក្រុមមន្រ្តីផ្សេងទៀត បានជួបជាមួយថ្នាក់ដឹកនាំសហគមន៍ដើម្បីពិភាក្សា អំពីការស៊ើបអង្កេតលើរឿងក្ដីឃាតកម្មនេះ។
អ្នកស្រីបន្ថែមថា៖ "មន្រ្តីនគរបាលរបស់ខ្ញុំ បានធ្វើដំណើរតាមដងផ្លូវដោយប្រើអំណាចយ៉ាងមានប្រសិទ្ធភាព ដោយបានដកហូតកាំបិត បញ្ឈប់ឡានរបស់យុវជន ដែលដឹកអាវុធ និងធ្វើការចាប់ខ្លួន។ នីតិវិធីនេះនឹងបន្តរហូតដល់ព្រឹកថ្ងៃពុធ ... ហើយនឹងអនុវត្ដបន្ដទៀត ប្រសិនបើមានការចាំបាច់" ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ប៊ីប៊ីសុី