CamNews

ព័ត៌មានអន្តរជាតិ 

ពីរនាក់បងប្អូនត្រូវប៉ូលីសក្របួចបាន ដោយសាររត់ពន្ធថ្នាំញៀនមិនចេះតិច

ប្រទេសថៃ៖ បុរសពីរនាក់ត្រូវបានចាប់ខ្លួន ព្រមនឹងថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៤០០ គីឡូក្រាម ដែលត្រូវបាននគរបាលរឹបអូសយក បន្ទាប់ពីយានយន្តពីរគ្រឿងត្រូវបានស្ទាក់ចាប់បាន នៅពេលយប់ នៅលើដងផ្លូវត្រឡប់មកវិញ ក្បែរព្រំដែន ក្នុងខេត្តឈៀងម៉ៃ។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណថា ទី ១ មានឈ្មោះ Niranddon Raothao អាយុ ២៩ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Santi Raothao អាយុ ២៣  ឆ្នាំ ដែលត្រូវជាបងប្អូននឹងគ្នា រស់នៅក្នុងស្រុក Mae Wang ខេត្ត Chiang Mai ។

ជនជាប់ចោទទាំងពីរនាក់ ត្រូវបានឃុំខ្លួន នៅក្នុងប៉ុស្តិ៍ត្រួតពិនិត្យបង្ក្រាបគ្រឿងញៀន ដែលបានបង្កើតឡើង កាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ កាលពីថ្ងៃអាទិត្យ នៅលើផ្លូវមួយ ក្នុងសង្កាត់ម៉ៃស៊ូយ៉ានៃខេត្ដឈៀងម៉ៃ ជាប់ទៅនឹងផ្លូវធំ ដែលភ្ជាប់ក្រុងឈៀងម៉ៃ ទៅខេត្ដឈៀងរ៉ៃ។

ជនជាប់ចោទពីរនាក់បងប្អូននេះ បានប្រើយានយន្តពីរគ្រឿង គឺម៉ូតូមួយគ្រឿង និងឡានមួយគ្រឿង ដែលពាក់ស្លាកលេខឈៀងម៉ៃ។ ថ្នាំញៀនទាំងនេះ ត្រូវបានគេរកឃើញ នៅក្នុងថង់ចំនួន ១៦។



ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានរាយការណ៍ថា បានសារភាពថា រូបគេទាំងពីរ ត្រូវបានបុរសជនជាតិម៉ុងជួលឱ្យដឹកថ្នាំញៀន ពីតំបន់មួយ ដែលមានចំងាយប្រមាណ ១៩ គីឡូម៉ែត្រ នៅខ្សែព្រំដែនថៃ - ឡាវ ស្ថិតនៅស្រុកឈៀងខោង ខេត្តឈាងរ៉ៃ។

របាយការណ៍បានឱ្យដឹងថា ប៉ូលិសបាននិយាយថា ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ទាំងនោះ គេជឿថា ត្រូវបានផ្គត់ផ្គង់ដោយក្រុមមនុស្ស Lahu នៅក្នុងប្រទេសជិតខាងមួយ ដែលនៅជិតក្រុងឈៀងម៉ៃ។ តម្លៃថ្នាំញៀន ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃ ១ លានបាតក្នុងមួយគីឡូក្រាម នៅខ្សែព្រំដែន។ ការស៊ើបអង្កេតរបស់ប៉ូលីស កំពុងត្រូវបានបន្ត ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news