ព័ត៌មានអន្តរជាតិ ៖ ក្រុមជួយសង្គ្រោះក៏កំពុងដុតដៃដុតជើង ក្នុងការចេញយុទ្ធនាការជួយ
សង្រ្គោះមនុស្សរាប់ពាន់នាក់ ពីគ្រោះថ្នាក់ធម្មជាតិគ្រោះទឹកជំនន់ដ៏កាចសាហាវ ដែលបាន
កើតនិងបំផ្លិចបំផ្លាញ នៅឯភាគខាងជើងប្រទេសឥណ្ឌា បន្ទាប់ពីបានសម្លាប់មនុស្ស១៥០
នាក់ ក្នុងមួយពព្រិចភ្នែក នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
នាំមុខបរទេស CNN ដែលទើបតែបានធ្វើការចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។
សោកនាដកម្មមួយនេះ បានកើតឡើងបន្ទាប់ពីមានការធ្លាក់ភ្លៀងមួយមេដ៏ធំ រហូតបង្កើត
បានជាគ្រោះទឹកជំនន់ និងបានបំផ្លិចបំផ្លាញ អស់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមាន ៖
សំណង់អាគារ ស្ពាន សាលារៀន ផ្លូវថ្នល់ ក៏ដូចជាហូរនាំផ្ទះប្រជាពលរដ្ឋរាប់រយខ្នងផ្សេង
ទៀតផងដែរ។
នាយករដ្ឋមន្រ្តីនៃប្រទេសនេះ លោក Manmohan Singh ក៏បានចេញសេចក្តីថ្លែងការណ៍
កាលពីថ្ងៃពុធម្សិលមិញនេះ ផងដែរថា លោកសូមចូលរួមចំណែក ក្នុងការរំលែកទុក្ខដល់
ក្រុមគ្រួសារទាំងអស់ ដែលបានបាត់បង់សមាជិកគ្រួសារ ក៏ដូចជា បាត់បង់ទ្រព្យសម្បត្តិ
មួយចំនួនផ្សេងទៀត បន្ទាប់ពីបានកើតមានឡើង នូវសោកនាដកម្មគ្រោះថ្នាក់ ធម្មជាតិ
មួយនេះ។
មិនត្រឹមតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីរូបនេះ ក៏បានបន្ថែមអោយដឹងផងដែរថា ជាមួយនឹង
ការគំរាមគំហែងពីគ្រោះធម្មជាតិលើកនេះ ក្រុមអ្នកជំនាញបេជ្ញា នឹងប្រឹងប្រែងអោយអស់
ពីលទ្ធភាពរបស់ខ្លួន ក្នុងការចេញជួយសង្រ្គោះរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា មនុស្សប្រមាណជាង ៧០,០០០ នាក់ស្ថិតនៅក្នុងសភាពតែលតោល
នៅឡើយ បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេរាប់រយខ្នងត្រូវបានបំផ្លិចបំផ្លាញ។ ដោយឡែក
ការព្រួយបារម្ភនៅតែជាបញ្ហាចោទ ខណៈតួរលេខនៃអ្នកស្លាប់បាត់បង់ ជីវិត អាចនឹងកើន
ឡើងខ្ពស់ជាងនេះទៅទៀត៕
ដោយ ៖ ពិសី
ប្រភព ៖ CNN