ក្រុមសកម្មជនបាននិយាយថា ការវាយលុកដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី បានសម្លាប់រង្គាលជនស៊ីវិលរាប់សិបនាក់ នៅក្នុងតំបន់ហ្គូតាភាគខាងកើត ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម នៅខាងក្រៅក្រុងដាម៉ាស។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់ ៧៧ នាក់ រួមទាំងកុមារ ២០ នាក់ផងនោះ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស និងវាយប្រហារដោយគ្រាប់រ៉ុក្កែត កាលពីថ្ងៃចន្ទ។
អំឡុងការអំពាវនាវឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែក មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ស្ថានភាពនៃការវាយប្រហារ កំពុងបង្កើនភាពវឹកវរ ។ ប្រជាជនប្រមាណជិត ៤០០.០០ នាក់ ដែលកំពុងរស់នៅភាគខាងកើតហ្គូតា ត្រូវបានឡោមព័ទ្ធ តាំងពីឆ្នាំ ២០១៣ ។
វាជាតំបន់ដែលនៅសេសសល់ចុងក្រោយបង្អស់ ដែលប្រឆាំងនឹងរដ្ឋធានីដាម៉ាស្កា។ កងកម្លាំងស៊ីរី បានបង្កើនយុទ្ធនាការរបស់ខ្លួន ក្នុងការធ្វើសមយុទ្ធនៅតំបន់នេះ កាលពីដើមខែនេះ ដែលត្រូវបានគេរាយការណ៍ថា យុទ្ធនាការនោះ បានសម្លាប់មនុស្សរាប់រយនាក់ និងបង្ករបួសដល់មនុស្សជាច្រើននាក់ផ្សេងទៀត។
វាកម្រ នឹងចរចាឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាខ្លាំងណាស់ ដែលជាហេតុធ្វើឱ្យពិបាកនាំជំនួយទៅដល់ជនស៊ីវិល ដែលរស់នៅក្នុងតំបន់ជម្លោះ។ ទន្ទឹមនឹងនេះដែរ ប្រទេសទួរគីបានព្រមានរដ្ឋាភិបាលស៊ីរី មិនឱ្យជួយឃឺតក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងទួរគី នៅភាគខាងជើងប្រទេសស៊ីរីឡើយ។
គួរបញ្ជាក់ថា ការវាយប្រហារនៅតំបន់ភាគខាងកើត Ghouta ចាប់តាំងពីថ្ងៃអាទិត្យកន្លងមកនេះ មិនត្រឹមតែបានវាយប្រហារទៅលើជនស៊ីវិលប៉ុណ្ណោះទេ តែថែមទាំងយាយីដល់របរចិញ្ចឹមជីវិតរបស់ពួកគេទៀតផង ដោយធ្វើការបាញ់ប្រហារទៅលើហាងនំបុ័ង ឃ្លាំងទំនិញ និងរោងចក្រផ្សេងទៀត ដែលអាចផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាជន។
ចំនួនអ្នកស្លាប់ បានកើនឡើងដោយសារតែឧបករណ៍វេជ្ជសាស្រ្ត ក៏ត្រូវបានវាយផងដែរ។ មន្ទីរពេទ្យបណ្តោះអាសន្នចំនួនបួន រួមទាំងមន្ទីរពេទ្យសម្ភពផងនោះ ត្រូវបានវាយប្រហារ កាលពីថ្ងៃចន្ទ។ ក្រុមឧទ្ទាមបានឆ្លើយតបនឹងការវាយប្រហារ ដោយកាំភ្លើងត្បាល់ ទៅលើក្រុងដាម៉ាស ប៉ុន្តែកងកម្លាំងយោធារបស់រដ្ឋាភិបាល អាចនឹងមានឥទ្ធិពលខ្លាំងក្លាជាងមុន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ប៊ីប៊ីសុី