CamNews

កីឡាជាតិ 

ក្លឹបជើងឯក និងជើងឯករងលីកថៃ នឹងមក ប្រកួតជាមួយកម្ពុជា រកប្រាក់ជួយមន្ទីរពេទ្យ គន្ធបុប្ឋា

(ភ្នំពេញ)៖ នៅឆ្នាំ២០១៦ ខាងមុខនេះ ក្រុមជើងខ្លាំងថៃ ២ក្រុម រួមមានក្លឹប Buriram United ជើងឯកលីកកំពូលថៃ និងក្រុមជើងឯករង SCG Muangthong United នឹងធ្វើដំណើរមកប្រកួតជាមួយក្រុម Cambodian All Star របស់កម្ពុជា ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ ពិសេសគឺការស្វែងរកថវិកាសប្បុរសមួយចំនួន ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា របស់កម្ពុជា ។

ប្រភពព័ត៌មានពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលថ្នាក់ដឹកនាំកីឡាបាល់ ទាត់កម្ពុជា និងថៃ បានចាប់ដៃគ្នាបង្កើតព្រឹត្តិការណ៍សប្បុរធម៌ជាប្រវត្តិសាស្ដ្រនេះឡើង ដើម្បីលើកកម្ពស់វិស័យ កីឡាបាល់ទាត់ ក៏ដូចជារឹតចំណងមិត្តភាពការទូត ខួបលើកទី៦៥ រវាងប្រទេសទាំងពីរ ។ លើសពីនេះទៀត វាក៏ជាឱកាសប្រមូលយកថវិកាដែលទទួលបានពីការលក់សំបុត្រ ចូលទស្សនា ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ឋាផងដែរ ។

បើតាមកាលបរិច្ឆេទការប្រកួតដ៏អស្ចារ្យនេះ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ខាងមុខ ដែលជាជំនួបលើកដំបូងរវាង ក្រុមម្ចាស់ផ្ទះកម្ពុជា Cambodia All Star និងក្រុមជើងឯករងលីកថៃ SCG Muangthong United ។ បន្ទាប់មកនៅថ្ងៃទី២៣ ខែមករាដដែល ក្រុម Cambodia All Star នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជើងខ្លាំង Buriram United ដែលជាក្រុមទើបប្រកួតឈ្នះក្រុមបឹងកេតអង្គរ កាលពីថ្ងៃមុនក្នុងពាន TOYOTA Mekong Club Championships 2015 ។

ជាមួយគ្នានេះដែរ សហព័ន្ធបានតែងតាំងលោក ម៉ៃ តុលា ធ្វើជាអ្នកចាត់ការក្រុម Cambodia All Star ហើយជ្រើសរើសលោក ប្រាក់ សុវណ្ណារ៉ា ធ្វើជាគ្រូបង្វឹក ដើម្បីដឹកនាំក្រុមតំណាងប្រទេសកម្ពុជានេះ ធ្វើការប្រកួតមិត្តភាពអន្ដរជាតិក្រុមជើងខ្លាំងថៃទាំង២ក្រុមខាងលើ ។

គួរបញ្ជាក់ថា បើគិតមកទល់នឹងពេលនេះលោក ប្រាក់ សុវណ្ណារ៉ា បានជ្រើសរើសកីឡាករល្អៗចំនួន៣០នាក់ ចូលរួមជាមួយក្រុម Cambodia All Star ក្នុងនោះមានកីឡាករបរទេស ៨នាក់ ដែលមកពីក្លឹបផ្សេងៗគ្នានៅកម្ពុជា ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh