តុលាការសិទ្ធិមនុស្សអាមេរិក កាលពីថ្ងៃពុធ បានចេញលិខិតផ្ដល់មតិយោបល់ជាឯកច្ឆន្ទថា រដ្ឋជាសមាជិកត្រូវតែ "ទទួលស្គាល់ និងធានាឱ្យបាននូវសិទ្ធិទាំងអស់ ដែលកើតចេញពីចំណងគ្រួសាររវាងគូស្រករស្រឡាញ់ភេទដូចគ្នា" ។
សេចក្តីសម្រេច បានថ្លែងថា ប្ដីប្រពន្ធភេទដូចគ្នាដែលរៀបការ មានសិទ្ធិគ្រួសារ និងសិទ្ធិហិរញ្ញវត្ថុដូចប្ដីប្រពន្ធ ដែលមានភេទផ្ទុយគ្នាដែរ ។ ដោយសារតែ មានការលំបាកក្នុងការអនុម័តច្បាប់បែបនេះ នៅក្នុងបណ្តាប្រទេស ដែលមានការជំទាស់យ៉ាងខ្លាំងចំពោះការរៀបការភេទដូចគ្នានោះ ទើបតុលាការបាន ផ្តល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវចេញអនុក្រិត្យជាបណ្តោះអាសន្ន រហូតដល់មានច្បាប់ថ្មី ត្រូវបាននាំយកមកអនុវត្ដ។ តុលាការបានលើកហេតុផលថា ការជំទាស់ចំពោះការរៀបការភេទដូចគ្នានេះ ជាទូទៅ គឺផ្អែកលើជំនឿសាសនា ឬទស្សនវិជ្ជា ហើយថា ក្នុងកាលទេសៈចាំបាច់ បរិបទទាំងនេះ មិនអាចនាំទៅរកសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងស្វ័យភាពបាននោះទេ។
តុលាការបានពិចារណាលើបញ្ហានេះ ដោយផ្អែកលើសំណើរបស់ប្រទេសកូស្តារីកា ឆ្នាំ ២០១៦ ដែលស្នើឱ្យខ្លួនបកស្រាយពីកាតព្វកិច្ចក្នុងការចាត់ចែងរៀបចំរដ្ឋជាសមាជិកសរបស់អាមេរិក ចំពោះប្ដីប្រពន្ធភេទដូចគ្នា។ កាលពីខែមីនា តុលាការបានស្តាប់បទបង្ហាញផ្ទាល់មាត់របស់គណៈប្រតិភូចំនួន ៤០ រូបមកពីរដ្ឋជាសមាជិក អង្គការមិនរកកម្រៃ និងក្រុមតស៊ូមតិ។
សេចក្តីសម្រេចនេះ ទំនងជាប្រឈមនឹងការប្រឆាំងដ៏ខ្លាំងក្លា ពីវិហារកាតូលិក វិហារប្រូតេស្ដង់ និងរដ្ឋជាសមាជិក ដែលបានជំទាស់នឹងសេចក្តីសម្រេចនេះ។ បច្ចុប្បន្ន ការរៀបការភេទដូចគ្នា គឺស្របច្បាប់ នៅក្នុងប្រទេសអាហ្សង់ទីន ប្រេស៊ីល កាណាដា កូឡុំប៊ី សហរដ្ឋអាមេរិក អ៊ុយរូហ្គាយ និងខេត្តមួយចំនួននៃប្រទេសម៉ិកស៊ិក ដែលក្រោយមកទៀតប្រទេសអេក្វាឌ័រ ក៏អនុញ្ញាតឱ្យមានសហជីពស៊ីវិលភេទដូចគ្នាដែរ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist