CamNews

ព័ត៌មានអន្តរជាតិ 

ប្រមុខទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់ UN ទទូចឱ្យអ៊ីរ៉ង់ស៊ើបអង្កេតលើការស្លាប់របស់បាតុករ

ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សលោក Zeid Ra'ad Al Hussein កាលពីថ្ងៃពុធ បានជំរុញឱ្យអាជ្ញាធរអ៊ីរ៉ង់ធ្វើការស៊ើបអង្កេត លើការស្លាប់ និងរបួសទាំងអស់ដែលបណ្តាលមកពីការប្រឆាំងតវ៉ានាពេលថ្មីៗនេះ។

បាតុកម្មដ៏ធំមួយ បានផ្ដើមកើតឡើង នៅចុងខែធ្នូ នៅក្នុងទីក្រុង Mashhad ដែលជាទីក្រុងធំបំផុតទី ២ របស់អ៊ីរ៉ង់។ ដំបូងឡើយ ក្បួនបាតុកម្ម បានប្រមូលផ្តុំគ្នាដើម្បីប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ច ប៉ុន្តែនៅពេលក្បួនបាតុកម្មនោះ បានរីករាលដាលនៅទូទាំងប្រទេសនោះ វិសាលភាពនៃការតវ៉ា ក៏កាន់តែមានទ្រង់ទ្រាយធំផងដែរ។ បាតុកម្មតវ៉ា បានប្រែក្លាយជាអំពើហិង្សានៅពេលនោះ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងចាប់ឃាត់ខ្លួនមនុស្សបានរាប់រយនាក់។


លោក Zeid  បាននិយាយកាលពីថ្ងៃពុធថា៖ “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា មានមនុស្សប្រមាណជាង ២០ នាក់ រួមទាំងក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ផងនោះ បានស្លាប់ ហើយមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មនៅអ៊ីរ៉ង់ នាពេលថ្មីៗនេះ ។ អាជ្ញាធរអ៊ីរ៉ង់ ត្រូវតែគោរពសិទិ្ធរបស់បាតុករ និងអ្នកជាប់ឃុំឃាំងទាំងអស់ រួមទាំងសិទ្ធិរស់រានមានជីវិតរបស់ពួកគេ និងត្រូវធានាឱ្យបាននូវសុវត្ថិភាព និងសន្តិសុខរបស់ពួកគេ។ នៅក្នុងហេតុការណ៍បែបនេះ អ៊ីរ៉ង់ត្រូវបង្កើតឱ្យមានការស៊ើបអង្កេតដ៏ហ្មត់ចត់ ប្រកបដោយឯករាជ្យ និងមិនលំអៀងមួយចំពោះអំពើហិង្សាគ្រប់រូបភាពទាំងអស់ ដែលបានកើតឡើង ហើយអាជ្ញាធរ  ត្រូវបង្កើនកិច្ចប្រឹងប្រែងរួមគ្នាដើម្បីធានាថា កងកម្លាំងសន្តិសុខទាំងអស់ឆ្លើយតបនឹងហេតុការណ៍នោះ ក្នុងលក្ខណៈមួយ ដែលសមស្រប និងចាំបាច់បំផុត ព្រមទាំងត្រូវអនុវត្ដឱ្យស្របទៅតាមច្បាប់អន្តរជាតិផងដែរ“។


ឧត្ដមស្នងការរូបនេះ បានជំរុញឱ្យមានការដោះលែងអ្នកតវ៉ាទាំងអស់ ដែលត្រូវបានឃាត់ខ្លួន ព្រមទាំងបានហៅការប្រឆាំងតវ៉ារបស់ពួកគេថា ជាផ្នែកស្របច្បាប់មួយនៃដំណើរការនយោបាយ។
ការប្រឆាំងតវ៉ានេះ គឺជាការតវ៉ាដ៏ធំបំផុត ចាប់តាំងការតវ៉ាក្រោយការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០០៩ ម្ល៉េះ ។ ក្រុមអ្នកតវ៉ាជាច្រើននាក់ បានបង្ហាញពីភាពមិនពេញចិត្ត ជាមួយនឹងរបបទេវាធិបតេយ្យ និងការគ្រប់គ្រងរបស់មេដឹកនាំជាន់ខ្ពស់គឺលោក Ali Khamenei ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news