ក្រុងម៉ាកាវ៖ ក្រោយវាយឈ្នះជើងខ្លាំង មកពីអាម៉េរិក Chris Algieri ដោយពិន្ទុដាច់នៅប្រទេសចិនម្សិលមិញនេះ ស្តេច ប្រដាល់ជនជាតិហ្វីលីពីន ម៉ានី ប៉ាក់គីអៅ ចង់ជួបស្តេចប្រដាល់ជើងឯក ពិភពលោក៥សម័យកាល Floyd Mayweather វ័យ៣៧ឆ្នាំបន្តទៀត ។
ម្ចាស់ខ្សែក្រវាត់ក្របខណ្ឌ WBO Welterweight លំដាប់ពិភពលោកបានថ្លែងប្រាប់គេហទំព័រ BBC ថា “ខ្ញុំពិតជាចង់ជួបជើងខ្លាំង Floyd ខ្លាំងណាស់ ក្នុងខណៈដែលអ្នកគាំទ្រក៏មានមហិច្ឆតា បែបនេះដែរ ហើយវាអាចជាគូប្រជែងដ៏ក្តៅគគុករបស់ខ្ញុំទៀតផង នាពេលខាងមុខដែលនឹងជម្រុញ ឲ្យខ្ញុំខំប្រឹងហ្វឹកហាត់ខ្លាំងក្លា ថែមទៀត” ។
ប៉ាក់គីអៅ ធ្លាប់ឡើងប្រកួតបាន៦៤ដង ឈ្នះ៥៧ ស្មើ២ និងចាញ់៥ ធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន៣៨ដង ខណៈស្តេចប្រដាល់ ពិភពលោកជនជាតិ អាម៉េរិក Floyd Mayweather ឡើងវាយបាន៤៧ដង មិនដែលចាញ់ និងស្មើ ហើយធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន២៦ដង ។
តែយ៉ាងណាក៏ដោយគណៈកម្មការរៀបចំការប្រកួតមិនទាន់បានប្រជុំសម្រេចឲ្យម្ចាស់ជើងឯកខ្សែក្រវាត់ WBO និង WBC ជួបគ្នានៅឡើយទេ ហើយជួបគ្នានៅសង្វៀនសហរដ្ឋអាម៉េរិក ឬនៅចិនយ៉ាងណានោះនៅមិនទាន់ត្រូវបានជ្រើស រើសនៅឡើយដែរ បើទោះបីជាជើងខ្លាំងលំដាប់ ពិភពលោកទាំងពីរនេះចង់ជួបគ្នា នាពេលឆាប់ខាងមុខនេះក៏ដោយ ៕
ផ្ដល់សិទ្ធិដោយ៖ looking today