CamNews

ព័ត៌មានអន្តរជាតិ 

អានហើយ ស្ទើរស្រក់ទឹកភ្នែក ពេលដឹងថា បុរសម្នាក់ធ្វើបែបនេះដើម្បីភរិយាកំពុងដេកឈឺធ្ងន់

អន្តរជាតិ ៖ ទោះបីជាត្រូវធ្វើដំណើរវែងឆ្ងាយយ៉ាងណា បុរសវ័យ ៧៤ ឆ្នាំម្នាក់នៅតែបន្ដបេសកម្មរបស់ខ្លួនដោយមិនរាថយ ដើម្បីជួយជីវិតភរិយារបស់គាត់។

លោក Wayne Winters បានដើរតាមដងផ្លូវ ក្បែរលំនៅឋានរបស់ខ្លួន ស្ថិតនៅក្នុងទីក្រុង Farr West រដ្ឋ Utah ចាប់តាំងពីពាក់កណ្តាលខែតុលា ដោយពាក់ស្លាកយ៉ាងធំនៅនឹងក ដែលគាត់ មានក្ដីសង្ឃឹមថា គាត់នឹងរកឃើញមនុស្សចិត្ដធម៌ ក្នុងចំណោមមនុស្សរាប់រយនាក់ ដែលកំពុងបើករថយន្តឆ្លងកាត់មុខគាត់។ ស្លាកពាក់នឹងក ដែលមានទំហំធំល្មមគ្របដណ្តប់រាងកាយរបស់គាត់ស្ទើរទាំងស្រង់នោះ មានភ្ជាប់ជាមួយនឹងលេខទូរសព្ទ និងសាររបស់គាត់ ដោយអក្សរដិតធំ ៗថា៖  "ត្រូវការតម្រងនោមដើម្បីសង្រ្គោះជីវិតភរិយា" ។


លោក Winters បានប្រាប់សារព័ត៌មាន FOX 13 ពីស្ថានភាពជំងឺភរិយារបស់លោក គឺលោកស្រី Deanne Winters ថា៖ "ភរិយារបស់ខ្ញុំ មានអាការៈខ្សោយតម្រងនោម ដំណាក់កាលទី ៥ "។ "នាង បានទទួលការលាងតម្រងនោមពីសំណាក់វេជ្ជបណ្ឌិត ហើយនាងមិនចូលចិត្តនឹងការលាងតម្រងនោមបែបនេះនោះ  ព្រោះវាគួរឱ្យខ្លាច" ។

មូលហេតុ ដែលជម្រុញចិត្ដឱ្យលោក ពាក់ស្លាកដើរសុំការបរិច្ចាគតម្រងនោម ដើម្បីជួយសង្រ្គោះជីវិតភរិយានេះ គឺក្រោយពីលោកធ្លាប់បានឃើញមនុស្សម្នាក់​ បានប្រើវិធីសាស្រ្ដបែបនេះដែរ ដើម្បីទទួលបានការបរិច្ចាគអវយវៈនេះ។

 លោក Winters បានប្រាប់ភ្នាក់ងារព័ត៌មានដដែលថា៖ "ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ"។ "ខ្ញុំគ្រាន់តែដឹងថា ខ្ញុំត្រូវធ្វើអ្វីម្យ៉ាងហើយ" ។

ការស្វែងរកអ្នកបរិច្ចាគអវយវៈ មិនមែនជារឿងតូចតាចនោះទេ ដោយមានអ្នកជំងឺថ្មី ៣ ពាន់នាក់ ត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីរង់ចាំអ្នកបរិច្ចាគតម្រងនោម ក្នុងមួយខែ ៗ ហើយអ្នកជំងឺចំនួន ១៣ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ខណៈពេលកំពុងរង់ចាំឱកាសទទួលបានការបរិច្ចាគរបស់ពួកគេ នេះបើយោងតាមមូលនិធិជាតិតម្រងនោម។ វាជារឿងលំបាកខ្លាំងណាស់ ដែលដឹងថា តើរយៈពេលយូរប៉ុនណាទៅ ដែលអ្នកជំងឺ ត្រូវស្ថិតនៅក្នុងបញ្ជីរង់ចាំនោះ ប៉ុន្តែការរង់ចាំរយៈពេលបីឆ្នាំ ឬច្រើនជាងនេះ មិនមានជារឿងចម្លែកនោះទេ។

លោក Winters បានធ្វើដំណើរយ៉ាងឆ្ងាយ ក្នុងពេលមនុស្សម្នាកំពុងបើកបរយ៉ាងប្រញាប់ប្រញាល់ដើម្បីឱ្យអ្នកបើកបរ អាចមើលឃើញបានយ៉ាងច្បាប់នូវការអង្វររបស់គាត់។

លោក Winters បានថ្លែងថា៖ «អ្នកដំណើរ បានបើកបរយឺតៗ ហើយពួកគេអាចមើលឃើញស្លាកសញ្ញារបស់ខ្ញុំ»។ ពួកគេ មិនអាចបើកឡានត្រលប់ទៅផ្ទះវិញភ្លាមៗនោះទេ”។

ពេលដើរថ្ងៃដំបូង គាត់មានអារម្មណ៍ថា មានកម្លាំងចិត្ត បន្ទាប់ពីគាត់ត្រូវបានបុរសម្នាក់ហៅឱ្យឈប់ ហើយបាននិយាយប្រាប់គាត់ថា គាត់នឹងពិនិត្យមើលថា តើតម្រងនោមរបស់គាត់ត្រូវនឹងតម្រងនោមរបស់អ្នកស្រី Deanne ឬយ៉ាងណា។ ប៉ុន្តែពេលនេះ គាត់នៅតែបន្តក្ដីសង្ឃឹម ខណៈការស្វែងរកអ្នកបរិច្ចាគ នៅតែបន្ត។

លោក Winters បានរួមរស់ជាមួយភរិយារបស់លោកអស់រយៈពេល ២៦ ឆ្នាំមកហើយ ហើយគាត់កំពុងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាថា ពួកគាត់នឹងអាចរួមរស់ជាមួយគ្នាច្រើនឆ្នាំទៀត។ បើទោះបីជាភរិយារបស់លោក នឹងទទួលបានតម្រងនោមក្ដី ក៏លោក Winters បានប្រាប់ FOX 13 ថា លោកនឹងបន្តបង្កើនការយល់ដឹងចំពោះការបរិច្ចាគតម្រងនោម។ លោក បាននិយាយថា ឥឡូវនេះ វាគឺជាបេសកកម្មរបស់លោក។

សប្បុរសជន ដែលមានបំណងបរិច្ចាគតម្រងនោម សូមខលទៅលោក Winters តាមរយៈទូរសព្ទលេខ 801-675-0278 ឬអញ្ជើទៅមូលនិធិតម្រងនោមជាតិ ដើម្បីជួយអ្នកជំងឺដទៃទៀត ដែលកំពុងត្រូវការជំនួយតម្រងនោម ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ People


Tags: International news