ព័ត៌មានអន្តរជាតិ ៖ យោងតាមការចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មាន អ័រតេ ឲ្យដឹងថា ការ វាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯជំរុំជនភៀសខ្លួន ប្រទេសស៊ីរី នោះ ហោចណាស់បាន ឆក់យកអាយុជីវិត មនុស្ស ២០ នាក់ ខណៈការវាយប្រហារលើកនេះ ISIS ទទួលស្គាល់ថាជាការ វាយប្រហារភារវកម្មរបស់ខ្លួន។
សារព័ត៌មាន Anadolu គូសបញ្ជាក់ឲ្យដឹងថា ការវាយប្រហារ ភារវកម្ម បំផ្ទុះគ្រាប់បែកអត្តឃាត ខាងលើ បានកើតឡើងនៅឯជំរុំជនភៀសខ្លួន Atma ដែលមានទីតាំងស្ថិតនៅភាគខាងជើងឆាង ខាងលិចខេត្ត Idlib ដែលជាប់ទៅនឹងព្រំប្រទល់ដែន ប្រទេសទួរគី ។ សាក្សីដែលបានឃើញ ហេតុការណ៍ អះអាងអោយដឹងថា សមាជិកក្រុម ISIS បានសម្រុកចូលទីតាំងជំរុំជនភៀសខ្លួន ដោយឆ្លងកាត់ ប៉ុស្តិ៍ត្រួតពិនិត្យ ដែលមិនបានសាកសួរនាំពួកគេ មុនពេលដែលពួកគេសម្រេច ចិត្តធ្វើការវាយប្រហារភារវកម្ម បំផ្ទុះគ្រាប់បែកអត្តឃាតតែម្តង ។ ការវាយប្រហារបានកើតឡើងស្របពេលដែលកម្លាំង Free Syrian Army (FSA) ផ្លាស់ប្តូរវេន ល្បាត ។
ច្រើនជាងក្រុមមនុស្ស ២០នាក់ស្លាប់បាត់បង់ជីវិត មានជនរងគ្រោះជាច្រើនផ្សេងទៀត បានរង របួសធ្ងន់ស្រាល ដោយ ក្រុមមនុស្សរងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលទៅគ្លីនីកក្បែរ កន្លែងកើតហេតុ ខណៈក្រុមមនុស្សរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យក្នុងស្រុក ។ ជាការពិត ISIS បានប្រកាសពីការវាយប្រហាររបស់ខ្លួន តាមរយៈបណ្តាញសង្គម ថានេះគឺជា ការវាយប្រហារអត្តឃាតរបស់ពួកគេ ។ បើយោងតាមតួរលេខ ពីអង្គការសហប្រជាជាតិអោយ ដឹងថា សង្គ្រាមស៊ីវិលដ៏រ៉ាំរៃរបស់ប្រទេសស៊ីរី បានសម្លាប់មនុស្សតិចបំផុត ២៥០,០០០នាក់ ក្នុង នោះ ១២លាននាក់ បាត់បង់ទីជម្រក និងត្រូវភៀសខ្លួនចាប់តាំងពីឆ្នាំ ២០១១ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ