CamNews

តារា 

តារាភាពយន្តហូលីវូដថៃ រងការរិះគន់ថា មិនបានចូលរួមក្នុង ពិធីបូជាសពឪពុក

សុរិន្ទ៖ តារាភាពយន្តលំដាប់ហូលីវូដរបស់ថៃ ដែលមានឈ្មោះថា ចាភ្នំ យីរាំ ដែល ទស្សនិកជនខ្មែរធ្លាប់ បានស្គាល់នៅក្នុង ភាពយន្តល្បីរបស់ថៃ “កែងឆេះជង្គង់ហោះ” បានរង ការរិះគន់ពី សំណាក់សាច់ញាតិ និងអ្នកគាំទ្រដែលលោកមិនបាន ចូលរួមក្នុងពិធី បូជាសព របស់ឪពុក នៅស្រុកកំណើត ខេត្តសុរិន្ទ របស់ ថៃ។

យោងតាមការផ្សាយព័ត៌មាន ពីសារព័ត៌មានរបស់ថៃចេញផ្សាយ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៤ នេះ បានឲ្យដឹងថា ក្រុមគ្រួសាររបស់តារាប្រុស ចាភ្នំ បានអះអាងថាការខកខាន របស់លោក បានធ្វើឲ្យម្តាយបង្កើតដែលកំពុងតែកាន់ ទុក្ខក្រៀមក្រំ ក្នុងពិធីបុណ្យសព  បាន យំសោកបោកខ្លួន រន្ធត់ចិត្តកាន់តែខ្លាំង រហូតដល់សន្លប់ ខណៈដែលទទួលដំណឹងថា លោក ចាភ្នំ មិនបានចូលរួមក្នុងពិធីបូជាសព ឪពុករបស់ខ្លួន។

ទន្ទឹមគ្នានោះដែរ លោក ចាភ្នំ បានអះអាងថា “ការខកខានមិនបានចូលរួមនេះ ជាការសោក ស្តាយមួយ ដែលខ្ញុំមិនបានចូលរួម ក្នុងពិធីបូជាសពឪពុក ដោយសារតែខ្ញុំបានជាប់កុងត្រា ថតខ្សែភាពយន្ត ជាមួយក្រុមហ៊ុនសិង្ហបុរី ”។

នៅក្នុងពិធីបុណ្យសពនោះ លោក ចាភ្នំ បានធ្វើដំណើរពីប្រទេសសិង្ហបុរី មកចូលរួមគោរព វិញ្ញាណក្ខន្ធ ឪពុក នៅខេត្តសុរិន្ទ បានប្រមាណតែ១០នាទីប៉ុណ្ណោះ ហើយលោកក៏មិនបាន នាំប្រពន្ធកូនមកគោរព វិញ្ញាណក្ខន្ធឪពុកដែរ ពោលសូម្បីតែមកចូលរួម ពិធីបុណ្យសពនោះទេ។ លោកក៏ត្រូវបានហែហម ដោយអង្គរក្សជាច្រើន តាមអម និងរារាំងមិនឲ្យសាច់ញាតិ ចូលជិត លោក ចាភ្នំ ឡើយ បន្ទាប់ពីគោរពសពឪពុករួច រូបលោកក៏ប្រញាប់ប្រញាល់ ត្រឡប់ទៅវិញ ភ្លាមៗ ព្រោះតែប្រញាប់ថតរឿង ឲ្យខាងក្រុមហ៊ុន សិង្ហបុរី ជាប្រភេទរឿងលំដាប់ ហូលីវូដបន្ត ទៀត។

តាមរយៈការបង្ហាញ ពីកាយវិការសោះអង្គើយ ជាមួយក្រុមគ្រួសារសាច់ញាតិ និងការចូលរួម បុណ្យ សពឪពុកដោយមិនបានពេញលេញនេះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាក្រុមគ្រួសារ រិះគន់ មិនសំចៃមាត់ចំពោះ ទង្វើរអកតញ្ញូរបស់លោក ក្នុងនាមជាតារាល្បីឈ្មោះមួយរូប ដែល មានទស្សនិកជនគាំទ្រជាច្រើន តែបែរជាមិនបំពេញកាតព្វកិច្ចរបស់ខ្លួន ឲ្យសមរម្យក្នុងនាម ជាកូន ទាល់តែសោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh