អ្នកដឹងទេ អ្នកគួរពិសាអាហារល្អៗដើម្បីសុខភាព ព្រោះអ្នកកំពុងតែមានផ្ទៃពោះ។ យើងដឹងថា អ្នកប្រាកដជាធ្លាប់លួចញ៉ាំអាហារ ដែលគេហាម ប៉ុន្ដែប្រការនោះមិនល្អឡើយ ព្រោះវាអាចប៉ះពាល់ដល់ដំណើរការលូតលាស់ទារកក្នុងផ្ទៃ និងសុខភាពរបស់អ្នកជាម្ដាយផ្ទាល់។ ឥឡូវនេះ អ្នកកំពុងតែមានគភ៌ ដូច្នេះអ្នកត្រូវព្យាយាមពិចារណាឱ្យបានច្រើន អំពីវិធី ដែលអ្នកចិញ្ចឹមខ្លួនឯង ពីព្រោះអាហារ ដែលអ្នកទទួលទានគឺជាប្រភពសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់ទារកក្នុងផ្ទៃ។ ជាតួយ៉ាង នៅអំឡុងពេលមានផ្ទៃពោះ អ្នកត្រូវបំពេញបន្ថែមនូវជាតិប្រូតេអ៊ីន និងកាល់ស្យូម ដើម្បីការលូតលាស់ឆ្អឹង និងជាលិការបស់ទារក។ ម្យ៉ាងទៀតរាងកាយរបស់អ្នកត្រូវការជាតិអាស៊ីដ Folic ដើម្បីការពារប្រឆាំងនឹងការខូចបំពង់សរសៃប្រសាទរបស់ទារកពេលសម្រាល ព្រមទាំងត្រូវការជាតិដែកបន្ថែម ដើម្បីជួយឱ្យកោសិកាឈាមក្រហមបញ្ជូនអុកស៊ីសែនទៅទារក។ ខាងក្រោមនេះ អ្នកជំនាញបានណែនាំ នូវអាហារល្អៗ ដែលស្រ្ដីមានផ្ទៃពោះគួរព្យាយាមពិសាឱ្យបានខ្ជាប់ខ្ជួន៖
សណ្ដែក៖ សូមបន្ថែមសណ្ដែកខ្មៅ សណ្ដែកស សណ្ដែកសៀងទៅក្នុងរបបអាហាររបស់អ្នក។ សូមសាកល្បងដាក់វាចូលក្នុងស៊ុប ភ្លា ឬញ៉ាំ ឬដាក់ចូលទៅក្នុងប៉ាស្ដា។ ក្រៅពីផ្ដល់ឱ្យអ្នកនូវជាតិប្រូតេអ៊ីន និងជាតិសរសៃ Fiber អាហារទាំងនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា ជាតិដែក អាស៊ីដ Folic កាល់ស្យូម និងជាតិស័ង្កសីផងដែរ។
ត្រីសាល់ម៉ុន៖ អាស៊ីដខ្លាញ់ Omega-3 មានគុណប្រយោជន៍ល្អសម្រាប់ខួរក្បាល និងភ្នែករបស់ទារក ហើយត្រីសាម៉ុន គឺជាប្រភពដ៏ប្រសើរនៃអាស៊ីដខ្លាញ់ប្រភេទនេះ។ លើសពីនេះទៀត វាផ្ដល់ឱ្យអ្នក និងទារកនូវប្រូតេអ៊ីន និងវីតាមីនB។ ម្យ៉ាងទៀត ត្រីសាម៉ុនមានផ្ទុកជាតិបារតទាប បើធៀបទៅនឹងប្រភេទត្រីដទៃទៀត។ សូមព្យាយាមពិសាវា ដោយយកវាទៅអាំង ស្ងោរ ឬដាក់លាយជាមួយនឹងសាឡាដ។ ដើម្បីសុវត្ថិភាព អ្នកអាចពិសាត្រី ដែលផ្ទុកជាតិបារតទាបត្រឹមកម្រិត ៣៤០ក្រាមក្នុងមួយសប្ដាហ៍ម្ដង ដូចជាត្រីសាម៉ុននេះជាដើម។
ស៊ុត៖ ស៊ុតមានលក្ខណៈទន់ងាយស្រួលពិសា និងជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីន ដែលផ្ដល់នូវអាមីណូអាស៊ីដដល់អ្នក និងទារកក្នុងផ្ទៃ។ ស៊ុតមានផ្ទុកវីតាមីន និងសារធាតុរ៉ែបន្ថែមទៀតរួមទាំង ជាតិ Choline ផងដែរ ដែលល្អប្រសើរសម្រាប់ការលូតលាស់ខួរក្បាលរបស់ទារក។ ប៉ុន្ដែទោះជាយ៉ាងណា ត្រូវឱ្យប្រាកដថា អ្នកមិនពិសាស៊ុតចម្អិនមិនទាន់ឆ្អិន ឬស៊ុតឆៅនោះទេ។
ប្រភេទ Berry៖ ប្ល៊ូបឺរី រ៉ាស់បឺរី និងប្ល៊ែកបឺរី គឺជាអាហារសម្រន់ដ៏ឆ្ងាញ់ពិសា និងមានឱជារសពេលយកទៅលាយជាមួយនឹងនំ Pancake និងដាក់លាយជាមួយធញ្ញជាតិ។ ប្រភេទផ្លែបឺរីនេះ សម្បូរទៅដោយវីតាមីនC ប៉ូតាស្យូម អាស៊ីដ Folic និងជាតិសរសៃ Fiber។
ទឹកដោះគោជូរផ្ទុកជាតិខ្លាញ់ទាប៖ ទឹកដោះគោជូរមានផ្ទុកជាតិខ្លាញ់ទាបមួយពែងមានផ្ទុកនូវជាតិកាល់ស្យូមច្រើនជាងទឹកដោះធម្មតា ម្យ៉ាងទៀតវាមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ និងមិនដាក់បន្ថែមជាតិស្ករឡើយ។ សូមស្រូបវាជាមួយនឹងផ្លែឈើ ឬនំស្រួយ ព្រមទាំងធញ្ញជាតិ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព: webmd