ព័ត៌មានអន្តរជាតិ ៖ យោធាអេហ្ស៊ីប គូសបញ្ជាក់ឲ្យដឹងថា ខ្លួនបានវាយប្រហារសម្លាប់បានហើយ មេ ខ្លោង ISIS ប្រចាំសាខា Sinai និងកំពូលអ្នកប្រមាញ់ ISIS រាប់សិបនាក់ផ្សេងទៀត ក៏ត្រូវបានសម្លាប់ ដូចគ្នាដែរ។ ប្រភពបញ្ជាក់ពីយោធាអេហ្ស៊ីបដដែលនោះ បន្តឲ្យដឹងថា ខ្លួនពិតជាបានវាយប្រហារ សម្លាប់មេខ្លោង ISIS ប្រចាំសាខា Sinai ពិតប្រាកដមែន ខណៈមេខ្លោងរូបនេះត្រូវបានគេសង្ស័យថា ជាអ្នកបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី កាលពីអំឡុងខែ តុលា ឆ្នាំកន្លងទៅនេះ នៅ ឧបទ្វីប Sinai ។
ប្រភពបន្តឲ្យដឹងថា មេខ្លោង ISIS ដែលត្រូវបានគេស្គាល់ឈ្មោះថា Abu Duaa al-Ansari ត្រូវបាន វាយប្រហារសម្លាប់ តាមរយៈការវាយប្រហារផ្លូវអាកាស ជាច្រើនលើកច្រើនសា នៅខេត្ត Sinai ។ ការវាយប្រហារលើកនេះ គឺមានគោលដៅវាយប្រហារ ឲ្យចំតំបន់ស្នូលដែលមានការកាន់កាប់ដោយ ISIS នៅជិតនឹងទីក្រុង El-Arish ។ គួររំឮកថា ខេត្ត Sinai គឺជាខេត្តមួយដែលសកម្មបំផុតរបស់ក្រុម បះបោរនៅក្នុងប្រទេសអេហ្ស៊ីប ។
យោធាអេហ្ស៊ីប លើកឡើងឲ្យដឹងថា ការវាយប្រហារ ជាលទ្ធផល បានសម្លាប់ ISIS ៤៥នាក់ក្នុងនោះ រាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈសម្បទាយោធាចម្បាំង របស់ ISIS ជាច្រើនផ្សេងទៀតត្រូវ បានកំទេច ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី