ក្រុមអ្នកវិទ្យាសាស្ដ្របានឱ្យដឹងថា អាចម៍ផ្កាយដ៏ធំមួយ គឺធំជាង ២០ដង ធៀបនឹងអាចម៍ផ្កាយ
ដែលធ្លាប់បានធ្លាក់ទៅលើប្រទេសរុស្ស៊ី នឹងហោះមកក្បែរផែនដី នៅថ្ងៃទី ២៦មករាខាងមុខ។
អាចម៍ផ្កាយដែលមានឈ្មោះថា 2004 BL86 មានមុខកាត់ប្រហែល ៤០០-១.០០០ម៉ែត្រ។ មជ្ឈម
ណ្ឌលស្រាវជ្រាវអំពីអាចម៍ផ្កាយ Lincoln (LINEAR) បានរកឃើញ 2004 BL86 កាលពីថ្ងៃទី ៣០
មករា ឆ្នាំ ២០១៤ កន្លងទៅ។ អាចម៍ផ្កាយ 2004 BL86 ត្រូវបានគេព្យាករថា នឹងបម្លាស់ទីមកក្បែរ
និងមានគំលាតពីផែនដីប្រហែលជា ១,២លានគីឡូម៉ែត្រ គឺស្មើនឹង ៣ដង ធៀបនឹងគំលាតពីផែន
ដីទៅព្រះចន្ទ។
យោងតាមទំព័រ RT អាចម៍ផ្កាយមួយដែលអាចនឹងបង្កគ្រោះថ្នាក់ធំ ប្រសិនវាហោះកាត់គន្លង
គោចរផែនដី នៅក្នុងគំលាតតិចជាង ៧,៤លានគីឡូម៉ែត្រ (ប្រហែល ១៩,៥ដង ធៀបនឹងគំលាត
រវាងផែនដី និងព្រះចន្ទ) និងមានមុខកាត់លើសពី ១០០-១៥០ម៉ែត្រ។ អាចម៍ផ្កាយធំបែបនេះ នឹង
មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកំទេចផែនដី ដែលមិនធ្លាប់មានពីមុនមក ឬយ៉ាងហោច វាក៏នឹង
បង្កជាមហារលកយក្ស ប្រសិនធ្លាក់មកលើមហាសមុទ្រ។
ប្រសិនធ្លាក់មកលើផែនដី អាចម៍ផ្កាយនេះនឹងបង្កមហាគ្រោះដល់មនុស្សជាតិ
ប៉ុន្ដែ ក្រុមអ្នកវិទ្យាសាស្ដ្រព្យាករថា អាចម៍ផ្កាយ 2004 BL86 នេះ នឹងមិនហោះមកបុកផែនដី
របស់មនុស្ស។ ស្ថានីយត្រួតពិនិត្យអវកាស Goldstone ដែលមានទីតាំងនៅសមុទ្រខ្សាច់ Mojave
ក្នុងរដ្ឋកាលីហ្វរញ៉ា អាមេរិក នឹងបន្តតាមដានអាចម៍ផ្កាយ 2004 BL86 នេះ ដើម្បីមានវិធានការ
ប្រសិនវាហោះមកក្បែរផែនដីខ្លាំងពេក។
គួររំលឹកថា កាលពីថ្ងៃទី ១៥កុម្ភៈ ឆ្នាំ ២០១៣ អាចម៍ផ្កាយមួយដែលមានមុខកាត់ប្រហែល ១៧
ម៉ែត្រ បានធ្លាក់ចូលមកបរិយាកាសផែនដី ក្នុងល្បឿន ៦៤.០០០គីឡូម៉ែត្រ/ម៉ោង ហើយផ្ទុះនៅ
លើកម្ពស់ពី ១៩ទៅ ២៤គីឡូម៉ែត្រ ធៀបនឹងផ្ទៃដី។ ការផ្ទុះរបស់អាចម៍ផ្កាយនេះ បានធ្លាក់ទៅលើ
តំបន់នៃបណ្ដាខែត្ររបស់រុស្ស៊ី ដូចជា Chelyabinsk, Tyumen, Kyrgan និង Sverdlovsk ។ល។
ចំណែកថាមពលដែលបានបង្កឡើងដោយអាចម៍ផ្កាយនេះ ត្រូវបានគេគិតឃើញថា ប្រហែលនឹង
ការផ្ទុះម្សៅ TNT ប្រហែល ៥០០.០០០តោន គឺខ្លាំងជាង ៣០ដង ធៀបនឹងកម្លាំងគ្រាប់បែកបរមា
ណូ ដែលធ្លាប់ត្រូវបានទម្លាក់លើក្រុង Hiroshima របស់ជប៉ុន កាលពីឆ្នាំ ១៩៤៥៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT