CamNews

ព័ត៌មានអន្តរជាតិ 

លទ្ធផល ផ្លែផ្កា សម្រេចកាត់បន្ថយម៉ោង ការងារ ដំរី ក្រោយសំបូរ ស្លាប់ យ៉ាងសង្វេគ នៅសៀមរាប

ព័ត៌មានជាតិ & អន្តរជាតិ ៖ ក្រុមហ៊ុនទេសចរណ៍ នៅកម្ពុជា នៅថ្ងៃអង្គារ កន្លងទៅនេះ ឲ្យដឹងថា ខ្លួន នឹងកាត់បន្ថយម៉ោងបម្រើការងាររបស់សត្វដំរី អំឡុងពេលដែលអាកាសធាតុក្តៅ ក្រោយពីមានករណី ដំរី សំបូរ ដួល ដាច់ខ្យល់ ស្លាប់ ក្រោយពីដឹកភ្ញៀវទេសចរ ជិះកំសាន្ត ក្រោមសីតុណ្ហភាព ៤០អង្សា ។



ចុងសប្តាហ៍កន្លងទៅនេះ ដំរីញីមួយក្បាល ដែលមានឈ្មោះថា សំបូរ មានវ័យ ចន្លោះពី ៤០ ទៅ ៤៥ ឆ្នាំ បានស្លាប់បាត់បង់ជីវិត នៅតាមដងផ្លូវ កាលពីថ្ងៃសុក្រ បន្ទាប់ពីដឹកភ្ញៀវទេសចរ ជិះកំសាន្ត នៅ ទឹកដីអង្គរ នៃខេត្តសៀមរាប ។ ប្រជុំរូបភាព គួរឲ្យសង្វេគ ត្រូវបានសាយភាយ ពេញបណ្តាញសង្គម ខណៈមានជាការអំពាវនាវ ឲ្យរដ្ឋាភិបាល កម្ពុជា សិក្សា និងកែទម្រង់ឡើងវិញ ពីភាពចម្រូងចម្រាស់ នៃឧស្សាហកម្មជិះដំរីទេសចរណ៍ ។ Oan Kiri អ្នកគ្រប់គ្រងពីក្រុមហ៊ុន Angkor Elephant Company ផ្តល់ជាកិច្ចសម្ភាសន៍ ដល់សារព័ត៌មាន AFP ឲ្យដឹងថា សំបូរ បានដួលស្លាប់ ក៏ដោយសារតែ រោគគាំង បេះដូង ព្រោះតែអាកាសធាតុក្តៅខ្លាំង និង ហប់ខ្យល់។ សំបូរ បានបម្រើការងាររបស់ខ្លួន​ ដោយបាន ដឹកភ្ញៀវទេសចរ ជិះកំសាន្តរយៈពេល ៤៥នាទី ដើរឆ្ងាយដល់ទៅ ២,១ គីឡូម៉ែត្រ មុនពេល ដួលស្លាប់ ។ លោក គីរី បន្តឲ្យដឹងថា ក្រុមហ៊ុនរបស់លោក ពិតជាមានការសោកស្តាយ និងដឹងគុណជាខ្លាំង ទៅ ដល់ ដំរីសំបូរ ខណៈលោកនឹងសម្រេចឲ្យដំរី នៅសល់ ១៣ក្បាលផ្សេងទៀត ធ្វើការ តិចម៉ោងជាងនេះ រហូតដល់សីតុណ្ហភាពធ្លាក់ចុះ ។ 



សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ប្រទេស តំបន់អនុមហាទន្លេមេគង្គ កំពុងតែទទួលរងនូវអាកាស ធាតុក្តៅហែងដល់ទៅ ៤០អង្សា។ អង្គការឃ្លាំមើល សិទ្ធសត្វ ក៏បានធ្វើការតវ៉ាឲ្យដឹងថា សត្វដំរីដែល បានផ្តល់នូវសេវាកម្ម ជិះកំសាន្ត ឲ្យភ្ញៀវទេសចរនៅក្នុងតំបន់នោះ គឺធ្វើការជាទៀងទាត់គឺលើសម៉ោង ខណៈតែងតែទទួលរងនូវការ វាយដំ អំឡុងពេលដែលបង្វឹក ។ ញាត្តិតវ៉ា នៅលើទំព័រ Change.org អំពាវនាវដល់អាជ្ញាធរកម្ពុជា បញ្ចប់ការជិះដំរីកំសាន្ត នៅតំបន់អង្គរនោះ ទទួលបានសម្លេងគាំទ្រ ដល់ ទៅ ២៤,៥០០ សម្លេង នៅរសៀលថ្ងៃអង្គារ កន្លងទៅនេះ ៕

- អាន ៖ ក្តៅៗ ៖ ដំរី ទេសចរណ៍ នៅខេត្តសៀមរាប ដួលដាច់ខ្យល់ស្លាប់ ទាំងភ្នែកនៅបើក គួរឲ្យសង្វេគ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: Angkor Wat Local news Elephant Siem Reap