ព័ត៌មានអន្តរជាតិ ៖ លោក Dan Heyman អ្នករាយការណ៍ព័ត៌មានឱ្យ Public News Service បាននិយាយថា រូបលោកត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋ West Virginia Capitol បន្ទាប់ពីព្យាយាមសួររដ្ឋមន្រ្ដីសុខាភិបាល លោក Tom Price នូវសំណួរមួយអំពីសេចក្ដីព្រាងច្បាប់ស្ដីពីការថែទាំសុខភាព ដែលអនុម័តដោយសភា ដើម្បីលុបចោល និងជំនួសគម្រោងសុខភាព ObamaCare ។
នៅក្នុងសន្និសីទកាសែតមួយ ដែលបានប្រារព្ធធ្វើឡើងរយៈពេលខ្លី បន្ទាប់ពីការប្រកាសដោះលែងរូបលោក លោក Heyman បាននិយាយថា លោកបានសួរ លោក Price ម្តងហើយម្តងទៀតអំពីថាតើ អំពើហិង្សាក្នុងគ្រួសារ ត្រូវបានចាត់ទុកជាមុនថា ជាជំងឺ យោងតាមសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការថែទាំសុខភាព GOP នេះ ឬយ៉ាងណា។
យោងតាមគណនីរបស់ Heyman ឱ្យដឹងថា លោក បានរង់ចាំលោក Price អញ្ជើញមកក្នុងអគារ ហើយបន្ទាប់មក លោក បានដើរកាត់មុខអ្នកអមដំណើរលោក Price ដោយកាន់ទូរស័ព្ទក្នុងដៃរបស់ខ្លួន ហើយបានសួរសំណួរច្រំដែលដល់លោកអំពីការថែទាំសុខភាព។ លោក Heyman បានបន្ថែមថា អ្នកកាសែតមួយចំនួនផ្សេងទៀត ក៏ចង់លើកឡើងពីបញ្ហា នៃគម្រោងធានារ៉ាប់រងជំងឺជាមុន ( preexisting conditions ) នេះដែរ។
លោកបាននិយាយថា ប៉ូលីសក្រុងកាពីតូល៖ "បានសម្រេចថា ខ្ញុំរឹងរួសក្នុងការសួរសំណួរនេះហើយព្យាយាមធ្វើការងាររបស់ខ្ញុំ ដូច្នេះហើយទើបពួកគេចាប់ខ្លួនខ្ញុំ»។
លោកនិយាយថា លោកមិនអាចចាំបានថា តើខ្លួនបានសួរសំនួរនេះប៉ុន្មានដងនោះទេ ប៉ុន្តែលោកបានបន្ថែមថា វាជាការងាររបស់លោក ក្នុងការសួរសំណួរ ដោយមិនជឿថា ខ្លួនត្រូវបានចាប់ខ្លួននោះទេ។
លោកថា៖ "ពេលដំបូង ខ្ញុំមិនធ្លាប់ត្រូវបានចាប់ខ្លួន ពីបទសួរសំណួរសោះឡើយ ។ ពេលដំបូង ខ្ញុំមិនធ្លាប់បានឮថានរណាម្នាក់ ដែលរងការចាប់ខ្លួនពីបទសួរសំណួរនោះទេ"។
លោក Heyman បាននិយាយថា លោកបានសួរសំណួររបស់ខ្លួន នៅក្នុងកន្លែងសាធារណៈ ហើយមិនបានទទួលការព្រមានថា លោកប្រព្រឹត្ដខុសនោះទេ ឬបានធ្វើទង្វើផ្សេងទៀត ដែលនាំឱ្យមានការចាប់ខ្លួនលោកដែរ។
លោកបាននិយាយថា៖ "គ្មានប៉ូលីសណាម្នាក់ ប្រាប់ខ្ញុំថា"អ្នកមកកន្លែងខុសហើយនោះទេ "។ ប៉ូលីស បាន"ដាក់ដៃនៅលើស្មារបស់ខ្ញុំ ប៉ុន្ដែពួកគេមិនបានធ្វើបាបរាងកាយខ្ញុំទេ”។
លោក Heyman បានបង់ប្រាក់ធានាខ្លួន ពីការចាប់ខ្លួន ៥,០០០ ដុល្លារ និងត្រូវបានចោទប្រកាន់ ពីបទបង្កការរំខានដោយចេតនា ដល់ដំណើរការរបស់រដ្ឋាភិបាល ដែលជាបទល្មើសមជ្ឈិម៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ The Hill