ដើម្បីរម្លឹកទិវាជនភៀសខ្លួនពិភពលោក កាលពីថ្ងៃពុធ អង្កការមនុស្សធម៌ Plan International បានចេញផ្សាយរបាយការណ៍មួយចំនួន ៤៤ ទំព័រ ដោយបរិយាយលម្អិតអំពីហេតុអាក្រក់ និងទុក្ខលំបាក ដែលស្រ្ដីវ័យក្មេងជនជាតិរ៉ូហ៊ីងយ៉ា ទទួលរង នៅក្នុងជំរុំជនភៀសខ្លួន នាទីក្រុង Cox's Bazar ប្រទេសបង់ក្លាដែស។
ខណៈដែលស្រ្ដីវ័យក្មេងភាគច្រើន បានរាយការណ៍អំពីអារម្មណ៍សុវត្ថិភាព នៅក្នុងជំរុំជនភៀសខ្លួននោះ ស្រាប់តែ ស្រ្ដីសល់ពីនេះ មានការភ័យខ្លាចច្រើនចំពោះអំពើហិង្សា នៅក្នុងជំរុំ ដោយព្រមជាមួយនឹងការកម្រិតសិទ្ធិទទួលការអប់រំ និងទទួលបានទឹកស្អាត។ ក្ដីបារម្ភចម្បងមួយទៀត គឺស្ថានភាពជំរុំ ដែលពិបាកដកដង្ហើម និងការដាក់កំហិតក្នុងការដើរហើរ ខណៈស្រ្ដីភាគច្រើននិយាយថា ពួកនាងកម្រនឹងដើរចេញពីកន្លែងស្នាក់អាស្រ័យរបស់ពួកនាងណាស់។
"ទីស្នាក់អាស្រ័យ នៅក្នុងជំរុំ ត្រូវបានគេចាត់ទុកថា ជាកន្លែងដែលក្ដៅ និងពិបាកដកដង្ហើម ដែលបង្កក្ដីលំបាកសម្រាប់ក្រុមស្រ្ដីវ័យក្មេង ដែលជារឿយៗ មិនទទួលបានការអនុញ្ញាតឱ្យចាកចេញពីទីស្នាក់អាស្រ័យ ។ ជំរុំ និងទីស្នាក់អាស្រ័យ ក៏ចង្អៀតថែមទៀត ដែលបង្កើនគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាព ធ្វើឱ្យរាំងស្ទះដល់លទ្ធភាពរបស់ភ្នាក់ងារមនុស្សធម៌ ក្នុងការផ្តល់សេវា និងការការពារឱ្យមានប្រសិទ្ធភាព ព្រមទាំងបង្កើនសម្ពាធលើក្រុមស្រ្ដីវ័យក្មេងទាំងនោះ "។
អ្នកជំនាញ បាននិយាយនៅក្នុងរបាយការណ៍ថា ស្រ្ដីវ័យក្មេង គួរតែបានចូលរួមរាល់ការសម្រេចចិត្តរបស់ជំរុំ ដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់ពួកនាង ហើយខាងជំរុំគួរតែចាត់វិធានការចាំបាច់នានាដើម្បីទប់ស្កាត់រាល់អំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមទាំងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ ៕
ប្រែសម្រួល៖ រិន សារ៉ាត
ប្រភព៖ Jurist