ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយ កាលពីថ្ងៃអង្គារថា លោក មិនញញឺតនឹងពាក្យគំរាមថា នឹងប្ដឹងរូបលោក ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើយ ដោយលោកបានបញ្ជាក់ថា លោកស្ម័គ្រចិត្ដនឹងរងការបានចោទប្រកាន់ និងផ្ដន្ទាទោស ប្រសិនបើវា ជាការការពារផលប្រយោជន៍របស់ប្រជាជនហ្វីលីពីន។
លោក Duterte បានថ្លែងនៅក្នុងសុន្ទរកថា នៅឯវិមានប្រធានាធិបតីម៉ាលីណានថា៖ "កុំបារម្ភអំពីខ្ញុំអ្វី ខ្ញុំអាចប្រឈមមុខនឹងតុលាការ ICC។ ប្រសិនបើតុលាការនេះ ចង់ចោទប្រកាន់ និងផ្តន្ទាទោសខ្ញុំ ខ្ញុំក៏ស្ម័គ្រចិត្ដ។ ខ្ញុំនឹងទទួលទោសដើម្បីប្រទេសរបស់ខ្ញុំ"។
សេចក្តីថ្លែងការណ៍របស់លោក Duterte បានធ្វើឡើងក្រោយពីតុលាការ ICC ចាត់វិធានការចុះត្រួតពិនិត្យ បឋមលើយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte ចំពេលមានការចោទប្រកាន់ថា ប៉ូលិសបានប្រើមធ្យោបាយក្រៅប្រព័ន្ធតុលាការដើម្បីសម្លាប់ជនសង្ស័យគ្រឿងញៀន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Duterte បាននិយាយថា លោកនៅតែស្មោះត្រង់នឹងប្រជាជន និងបាវចនាជាតិ ដែលលោកបានតាំងចិត្តស្មោះត្រង់ បន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតី ក្នុងឆ្នាំ ២០១៦ ។
សូមជម្រាបជូនផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសសេចក្ដីសម្រេចរបស់ខ្លួនដើម្បីបើកការត្រួតពិនិត្យបឋមចូលទៅក្នុងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តនៅក្នុងប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Rodrigo Duterte និងគណបក្សនយោបាយរបស់លោក ចាប់តាំងពីថ្ងៃទី ០១ ខែកក្កដាឆ្នាំ ២០១៦ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ xinhua