CamNews

ព័ត៌មានអន្តរជាតិ 

ខណៈលោកស្រីស៊ូជី រងការរិះគន់យ៉ាងស្ពឹកមុខ រដ្ឋាភិបាលថៃបែរជាធ្វើរឿងនឹកស្មានមិនដល់នេះទៅវិញ!

អន្តរជាតិ ៖ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី Busadee Santipitaks បាននិយាយថា រដ្ឋាភិបាលបានផ្តល់ជំនួយមនុស្សធម៌ចំនួន ១០  លានបាតដើម្បីជួយដល់ជនស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស ដែលទទួលរងផលប៉ះពាល់ពីស្ថានភាពហិង្សា នៅក្នុងរដ្ឋរ៉ាឃីនប្រទេសភូមា។

លោកស្រី បាននិយាយថា ភូមា និងបង់ក្លាដេសនឹងទទួលបានប្រាក់ជំនួយ ៥ លានបាតម្នាក់ៗតាមរយៈចលនាកាកបាទក្រហម និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។

កាលពីដើមខែមករា រដ្ឋាភិបាលបានផ្តល់ប្រាក់ជំនួយ ២០០.០០០ ដុល្លារអាមេរិក ( ៦.៧ លានបាត) ជាជំនួយដល់រដ្ឋាភិបាលភូមា។



លោកស្រី Busadee បាននិយាយ កាលពីម្សិលមិញថា រដ្ឋាភិបាលបាននិងកំពុងឃ្លាំមើលស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់បំផុត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារថៃមិនចង់លូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសដទៃទៀត រដ្ឋាភិបាលនេះ បែរមកផ្តោតការយកចិត្ដទុកដាក់លើការផ្តល់ជំនួយមនុស្សធម៌ ដល់ជនស៊ីវិល នៅគ្រប់ផ្នែកនៃជម្លោះជំនួសវិញ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា បញ្ហានៅរដ្ឋរ៉ាក់ឃីន មានភាពស្មុគស្មាញ និងមានរឿងរ៉ាវជាច្រើនស្រទាប់ ហើយថៃបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការកាត់បន្ថយស្ថានភាពបែបនេះ។

លោកស្រី Busadee បាននិយាយថា មធ្យោបាយផ្នែកនយោបាយ និងការទូត ដែលត្រូវបានផ្តល់ជូនដើម្បីជួយបន្ធូរបន្ថយស្ថានភាព នៅមីយ៉ាន់ម៉ានេះ នឹងអនុលោមទៅតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញផ្សាយ កាលពីថ្ងៃទី ២៤ ខែកញ្ញា ក្នុងអំឡុងពេលសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ២៧ ។

សេចក្តីថ្លែងការណ៍ ដែលថ្កោលទោសអំពើហិង្សា និងការវាយប្រហារដោយកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យបាត់បង់ជីវិតជនស៊ីវិល បំផ្លិចបំផ្លាញផ្ទះសម្បែង និងការផ្លាស់ទីលំនៅរបស់ជនស៊ីវិលនោះ តម្រូវឱ្យមានការប្តេជ្ញាចិត្តពីមីយ៉ាន់ម៉ា ក្នុងការធានាឱ្យបាននូវសុវត្ថិភាពរបស់ជនស៊ីវិល និងការខិតខំប្រឹងប្រែងដើម្បីបញ្ចប់អំពើហិង្សា នៅក្នុងតំបន់នេះ។

បញ្ហានេះ ក៏ជំរុញឱ្យមីយ៉ាន់ម៉ា ត្រូវបង្កើតនូវដំណោះស្រាយរយៈពេលវែង ដែលអាចដោះស្រាយបុព្វហេតុនៃជម្លោះនេះ ដែលរួមបញ្ចូលទាំងការសន្ទនាគ្នាកាន់តែជិតស្និទ្ធរវាងមីយ៉ាន់ម៉ា និងបង់ក្លាដេសផងដែរ។

លោកស្រី Busadee បាននិយាយថា បេសកកម្មអចិន្រ្តៃយ៍របស់ប្រទេសថៃ នៅទីក្រុងញូវយ៉កនឹងត្រួតពិនិត្យស្ថានភាពនេះ ឱ្យបានដិតដល់។ ទាក់ទងនឹងការគាំទ្របន្ថែមទៀត ដែលថៃអាចផ្តល់ឱ្យនោះ នាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចា បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចល័តនៅអយុធ្យាថា ប្រទេសថៃនឹងផ្តល់ជំនួយ ប្រសិនបើសំណើនេះត្រូវបានស្នើសុំដោយភាគីពាក់ព័ន្ធ។

ក្រសួងការបរទេស បាននិយាយថា រដ្ឋាភិបាលតែងតែផ្តល់ការថែទាំ និងទីជម្រកសម្រាប់ជនភៀសខ្លួន ពីប្រទេសមីយ៉ាន់ម៉ា។ ប្រជាជនភៀសខ្លួនប្រមាណជាង ១០០.០០០ នាក់ កំពុងស្នាក់នៅក្នុងប្រទេសថៃ។ ក្រសួងនេះ និយាយថា មិនមានករណីរាយការណ៍ពីជនអន្តោប្រវេសន៍ពីជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ដែលភៀសខ្លួនទៅកាន់ប្រទេសថៃ ពីរដ្ឋរ៉ាឃីននោះទេ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news