(ឡុងដ៏)៖ អង្គការ Oxfam បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កំពូលមហាសេដ្ឋីទាំងប្រាំបីនាក់ លំដាប់ពិភពលោក ដូចជាលោក Bill Gates លោក Mark Zuckerberg និងលោក Warren Buffett ជាដើម ដែលមានទ្រព្យសម្បតិ្តច្រើនជាងមនុស្ស៣,៦ពាន់លាននាក់ ដែលស្មើនឹងពលរដ្ឋក្រីក្រជាងពាក់កណ្ដាល នៅទូទាំងពិភពលោកផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោកអង្គការ Oxfam ធ្វើឡើងដោយផ្អែកលើទិន្នន័យ នៃគម្លាតកាន់តែឆ្ងាយរវាងអ្នកមាន និងអ្នកក្រ ដែលនេះគឺជាបញ្ហាមួយដ៍ធំត្រូវ ដោះស្រាយ។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ លោក Mark Littlewooមកពីវិទ្យាស្ថានកិច្ចការសេដ្ឋកិច្ច បានគូសបញ្ជាក់ថា អង្គការ Oxfam គួរតែផ្ដោតសំខាន់ទៅលើ មធ្យោបាយធ្វើយ៉ាងណាដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ លោក Mark បានថ្លែងដូច្នេះថា៖ «ក្នុងនាមជាអង្គការមនុស្សធម៌មិនស្វែងរកប្រាក់កំរ៉ៃ Oxfam ហាក់ដូចជា ជាព្រួយបារម្ភតែទៅលើតែបញ្ហារបស់អ្នកមាន ក៏ប៉ុន្តែអ្វីដែលយើងត្រូវធ្វើនោះគឺកាត់បន្ថយ ឬលុបបំបាត់ភាពក្រីក្រទាំងស្រុង តាមរយៈការស្វែងរកមធ្យោបាយធ្វើ យ៉ាងណាដើម្បីជំរុញកំណើនសេដ្ឋកិច្ច»។
សូមជំរាបថា កំពូលមហាសេដ្ឋីនៅលើពិភពលោកទាំង៨រូប ដែលអង្គការ Oxfam បានលើកឡើងមានដូចជា៖
១៖ លោក Bill Gates (ជនជាតិអាមេរិក)៖ ស្ថាបនិកក្រុមហ៊ុន Microsoft (មានទ្រព្យសម្បតិ្ត ៧៥ពាន់លានដុល្លារ)
២៖ លោក Amancio Ortega (ជនជាតិអេស្ប៉ាញ)៖ ស្ថាបនិកក្រុមហ៊ុនសម្លៀកបំពាក់ Zara (មានទ្រព្យសម្បត្តិ ៦៧ពាន់លានដុល្លារ)
៣៖ លោក Warren Buffett (ជនជាតិអាមេរិក)៖ ម្ចាស់ក្រុមហ៊ុន Berkshire Hathaway (មានទ្រព្យសម្បត្តិ ៦០.៨ពាន់លានដុល្លារ )
៤៖ លោក Carlos Slim Helu (ម៉ិចស៊ិកកូ)៖ ម្ចាស់ក្រុមហ៊ុន Grupo Carso (មានទ្រព្យសម្បតិ្ត ៥០ពាន់លានដុល្លារ)
៥៖ លោក Jeff Bezos (ជនជាតិអាមេរិក)៖ ស្ថាបនិកក្រុមហ៊ុន Amazon (មានទ្រព្យសម្បត្តិ ៤៥.២ពាន់លានដុល្លារ )
៦៖ លោក Mark Zuckerberg (ជនជាតិអាមេរិក)៖ ស្ថាបនិកក្រុមហ៊ុន Facebook (មានទ្រព្យសម្បត្តិ ៤៤.៦ពាន់លានដុល្លារ)
៧៖ លោក Larry Ellison (ជនជាតិអាមេរិក)៖ ស្ថាបនិកក្រុមហ៊ុន Oracle (មានទ្រព្យសម្បត្តិ ៤៣.៦ពាន់លានដុល្លារ)
៨៖ លោក Michael Bloomberg (ជនជាតិអាមេរិក)៖ ម្ចាស់ក្រុមហ៊ុន Bloomberg LP (មានទ្រព្យសម្បតិ្ត ៤០ពាន់លានដុល្លារ)៕
ប្រភព ៖ ប៊ីប៊ីស៊ី