CamNews

កំសាន្ត 

តារាសម្តែង ក្នុងរឿង “ទឹកចិត្តប្រពន្ធ “​ ចេញទៅថតនៅម៉ាឡេស៊ី

ភ្នំពេញ៖ ក្រុមតារាសម្តែងនៅក្នុងរឿង “ទឹកចិត្តប្រពន្ធ” របស់ស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ិន ប្រមាណជិត២០នាក់ បានដឹកដៃគ្នាឡើងយន្តហោះ ចេញទៅសម្តែងនៅប្រទេសម៉ាឡេស៊ី រយៈពេលជិត២០ថ្ងៃជា លើកដំបូង ។

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤នេះ ក្រុមតារាសម្តែង និងអ្នកបច្ចេកទេសថត រឿង “ទឹកចិត្តប្រពន្ធ” ប្រមាណ១៨នាក់ បាននាំគ្នាអូវ៉ាលីឡើងយន្តហោះ បោះពួយចេញទៅសម្តែង និងថតរឿងជាលើកដំបូង នៅលើទឹកដីប្រទេសម៉ាឡេស៊ី ដែលចំណាយពេលប្រមាណ១៦ថ្ងៃ ក្នុងការថតរឿងមួយនេះ នៅក្រៅប្រទេស ។

បើតាម លោក អ៊ិន សុភិន ជាអ្នកនិពន្ធរឿងបានថ្លែងប្រាប់ មុនឡើងយន្តហោះថា ថ្ងៃនេះ លោកបានដឹកនាំ ក្រុមការងារចេញទៅ សម្តែងឈុតឆាកមួយចំនួន ក្នុងរឿង “ទឹកចិត្តប្រពន្ធ” ហើយការចេញទៅថតនេះ មានរយៈពេល១៦ថ្ងៃ ហើយលោកនឹងដឹកនាំ ក្រុមការងារ ត្រឡប់មកវិញ នៅថ្ងៃទី២២ខែសីហា ដោយការចេញទៅថតនេះគឺ លោកបានត្រៀម កន្លែង ថតជាច្រើនដែលមានទេសភាពល្អ ប្រឌិតនិងសាកសមក្នុងការថតរឿង ។

លោក អ៊ិន សុភិន បានប្រាប់ឲ្យដឹងទៀតថា “នេះជាលើកទី២ហើយ ដែលខ្ញុំបានដឹកនាំក្រុម ការងារថតចេញ ទៅថតនៅក្រៅប្រទេស ដោយលើកទី១គឺថតរឿង “ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” ថតនៅប្រទេសថៃ និងលើកទី២ គឺរឿងនេះតែម្តងថតនៅម៉ាឡេស៊ី ហើយមុននឹងចេញទៅ ថតនេះខ្ញុំ បានទាក់ទងទៅខាង ស្ថានទូតខ្មែរនៅម៉ាឡេស៊ី រួចជាស្រេច ហើយក្នុងការឲ្យគាត់ ជួយស្វែង រកទីតាំងថតសម្រាប់ ក្រុមការងារហេតុដូច្នេះ លោករំពឹងថាការងារ នឹងអាច បញ្ចប់ទៅ ទាន់ពេលកំណត់ ” ។

លោក សុភិន បានបង្ហើបឲ្យដឹងទៀតថា ការចាកចេញទៅថតរឿងលើកនេះ គឺអាចចំណាយ លុយ ប្រមាណជិត៤ ម៉ឺនដុល្លារ ហើយសម្រាប់រឿងមួយនេះ លោកបានខិតខំសម្រឹតសម្រាង យកឈុតឆាកល្អៗជាច្រើន ជាក់ស្តែងដូចជាពេលនេះ លោកបានចេញទៅថតរឿង នៅក្រៅ ប្រទេស ថែមទៀតផង ហេតុដូច្នេះលោកសង្ឃឹមថា ក្រោយពីរឿងនេះដាក់បញ្ចាំង គឺអាច ទទួលបានការគាំទ្រកាន់តែច្រើន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh